រដ្ឋាភិបាលស្នើដល់ម្ចាស់លំនៅឋានរាយការណ៍អំពីវត្តមានជនបរទេសស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានស្នើដល់ម្ចាស់ផ្ទះ ឬអ្នកកាន់កាប់លំនៅឋានរាយការណ៍អំពីវត្តមានជនបរទេសដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួនឱ្យមកចុះបញ្ជីនៅក្នុងប្រព័ន្ធ គ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា (FPCS) ដើម្បីទទួលបានការអនុញ្ញាតឱ្យបន្តរយៈពេលស្នាក់នៅ។

នេះ បើយោងតាមលិខិតមួយច្បាប់ចុះហត្ថលេខានៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ដោយលោក នាយឧត្តមសេនីយ៍ គៀត-ច័ន្ធថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ផ្ញើរជូន អគ្គស្នងការរង និងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាលខេត្តទំាងអស់ដើម្បីផ្សព្វផ្សាយជូនដល់ម្ចាល់លំនៅឋាន។

អគ្គនាយកដ្ឋានអន្តរប្រវេសន៍បន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តវិធានការ មិនផ្តល់ទិដ្ឋាការ បន្តរយៈពេលស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ( FPCS) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ តទៅ។

លោក នាយឧត្តមសេនីយ៍ គៀត-ច័ន្ធថារិទ្ធ បានស្នើដល់ស្នងការនគបាលរាជធានី-ខេត្តទាំងអស់ធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំនេះ ជូលដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទឱ្យធ្វើសេចក្តីរាយការណ៍អំពីវត្តមានជនបរទេសដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន។

ជនបរទេសដែលចាត់ទុកជាអន្តោប្រវេសន្ត គឺជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម។

យោងតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្នុងលទ្ធផលនៃការអនុវត្តន៍ការងាររយៈពេល២ឆ្នាំ៦ខែបានរកឃើញថា ជនបរទេសបែបអន្តោប្រវេសន្តនៅកម្ពុជាមានចំនួន ១១សញ្ជាតិ ៤៩,៦០៣គ្រួសារ ស្មើនឹង ១៨២,៦៧៣នាក់ នារី ៨២,៤៨៨នាក់។ ក្នុងនោះអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានចំនួន ១២៥,៨៩៣នាក់ នារី ៥៤,៨៨២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here