មន្ត្រីក្រសួង​ដែនដី​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​បែងចែក​ជូន​ប្រជាពលរដ្ឋក្រីក្រ​នៅ​ខេត្តស្ទឹងត្រែង

0

ដោយ​វុត្ថា

ស្ទឹងត្រែងៈ ក្រុមការងារ​ថ្នាក់ជាតិ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះទៅពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គម ដោយផ្ទាល់​នៅក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ស្នើសុំ ធ្វើ​អនុ​ប​យោគ​ដី​សាធារណៈ​របស់​រដ្ឋ ទៅជា​ដីឯកជន​របស់​រដ្ឋ សម្រាប់​រៀបចំ​ជា​ដី​សម្បទាន​សង្គមកិច្ច បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី ឬ​មាន​ដី​តិចតួច​សម្រាប់​សង់​លំនៅឋាន និង​បង្កបង្កើនផល។

ក្នុង​បេសកកម្ម​របស់​ក្រុមការងារ​ថ្នាក់ជាតិ​នេះ ត្រូវបាន​ឡើង​ចាប់ពី​ថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២០ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ ថ្នាក់​ខេត្ត ស្រុក ឃុំ ភូមិ ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​វិស័យ​ពាក់ព័ន្ធ​មួយចំនួន ហើយ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង និង​បាន​បោះបង្គោល​សម្គាល់​ទីតាំង សម្រាប់​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ផងដែរ។

តែ​យ៉ាងណាក៏ដោយ មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិនបាន​បង្ហាញ​ពី​ទំហំ​ដី ដែល​ត្រូវបាន​បោះទីតាំង និង​មានគ្រួសារ ដែល​មិនមាន​ដី​និង​មាន​ដី​តិចតួច​ប្ម៉​ន្មា​ន​គ្រួសារ ដែល​នឹងត្រូវ​បានទទួល​ដី​សម្បទាន​សង្គមកិច្ច​នេះ នៅឡើយ​ទេ។

យោង​អនុក្រឹត្យ​លេខ១៩អនក្រ/បក ចុះ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣បាន​បង្ហាញថា ដី​សម្បទាន​សង្គមកិច្ច គឺជា​យន្ត​ការផ្ទេរ​ដីឯកជន​របស់​រដ្ឋ​តាមផ្លូវ​ច្បាប់ សម្រាប់​គោលបំណង សង្គមកិច្ច​ដល់​ជនក្រីក្រ ដែល​ខ្វះខាត​ដី​សម្រាប់​សង់​លំនៅឋាន ឬ/និង​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ។

ដី​សម្បទាន សង្គមកិច្ច​អាច​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​គោលដៅ​សង្គមកិច្ច ដោយ​អនុលោម​តាម​គោលដៅ​ណាមួយ ឬ​គោលដៅ​ច្រើន​ដូចជា ផ្តល់​ដី​ដល់​គ្រួសារ​ក្រីក្រ​ដែល​គ្មាន​ទីលំនៅ​សម្រាប់​សង់​លំនៅឋាន សម្រាប់ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​បណ្ដាលមកពី​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សម្រាប់​ការតាំង​លំនៅឋាន​ជាថ្មី គ្រួសារ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ គ្រួសារ​មាតុភូមិនិវត្តន៍ យោធិន​រំសាយ និង​គ្រួសារ​យុទ្ធជន​ពលី​ពិការ។

ក្រៅពី​គោលដៅ​សង្គមកិច្ច​នេះ គឺ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ជួយ​សម្រួល​ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​ផ្ដល់​ដីឡូត៍​ដល់ក​ម្មករ ចម្ការធំៗសម្រាប់​សង់​លំនៅឋាន ឬ​សម្រាប់ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ព្រមទាំង​អភិវឌ្ឍ​តំបន់ ដែល​ពុំទាន់​ត្រូវបាន​អភិវឌ្ឍ​សមស្រប។

ដី​សម្បទាន​សង្គមកិច្ច ដែល​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​សង់​លំនៅឋាន មាន​ទំហំ​ធំ​បំផុត ១,២០០ម៉ែត្រការ៉េ ប៉ុន្ដែ​នៅ​តំបន់​ដែលមាន​លទ្ធភាព​ដី​ទំនេរ ទំហំ​ដី​សម្បទាន​សង្គមកិច្ច​អាច​ដំឡើង​រហូតដល់៣,៦០០ម៉ែត្រការ៉េ។

ដី​សម្បទាន​សង្គមកិច្ច ដែល​អាច​ផ្ដល់​ឲ្យ​សម្រាប់ធ្វើ​កសិកម្ម ជា​លក្ខណៈ​គ្រួសារ មាន​ទំហំ​ធំ​បំផុត២ហិកតា ប៉ុន្ដែ​នៅក្នុង​តំបន់​ខ្លះ​ទំហំ​ដី​សម្បទាន​សង្គមកិច្ច អាច​ឡើងដល់​ទំហំ៥ហិកតា អាស្រ័យ​ទៅតាម​លក្ខណៈ​ដី សក្ដានុពល​ដី ឬ​ប្រភេទ​ដំណាំ និង​កម្លាំង​ពលកម្ម​របស់​គ្រួសារ​អ្នក​សុំ​ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here