អស្ចារ្យ! ក្រុមហ៊ុនផ្សារទំនើបធំជាងគេនៅអាស៊ីឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ: ដោយសារកំលាំងទិញកើនឡើង ស្របពេលសេដ្ឋកិច្ចកម្ពុជាកើនជាមធ្យម៧ភាគរយ នៅទីបំផុតក្រុមហ៊ុន CapitaLand ដែលមានក្រុមហ៊ុន CapitaLand Retail ជាក្រុមហ៊ុនផ្សារទំនើបល្បីល្បាញមួយ របស់ប្រទេសសិង្ហបុរីបាន​សម្រេចចិត្តឈានជើងចូលទីផ្សារកម្ពុជា។

ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគ្រប់គ្រងផ្សារលក់រាយថ្មីមួយ ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុត និងទំនើបបំផុតមួយនៅក្នុងរាជធានីភ្នំពេញ ដែលផ្សារនោះស្ថិតនៅក្នុងគំរោង The PeAk ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

ផ្សារទំនើបដែលស្ថិតនៅជាផ្នែកមួយនៃគម្រោង The Peak ដែលជាគម្រោ​ងអភិវឌ្ឍន៍រួមគ្នាមួយដោយក្រុមហ៊ុន World Bridge Land របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley ប្រទេសសិង្ហបុរី។ ក្រោមកិច្ចព្រមព្រៀងនេះ CapitaLand នឹងត្រូវទទួលខុសត្រូវលើការធ្វើផែន ការរៀបចំមុនពេលបើកដំណើរការ និងការគ្រប់គ្រងលើការលក់រាយ។ ផ្សារនេះនឹងគ្រប់ដណ្តប់លើអគារកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសរុប ៤២០,០០០​ ហ្វីតការ៉េ។

លោក Wilson Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Retail លើកឡើងអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងថាក្រុមហ៊ុនមានជំហររឹងមាំក្នុងការបង្កើនសក្តានុពលលក់រាយនៃគម្រោង The Peak។

លោក Wilson បានបន្តទៀតថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ ពីក្រុមហ៊ុនលក់រាយអន្តរជាតិល្បីៗជាច្រើនរួមទាំងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីផងដែរ”។ លោកបន្តថា “នេះដោយសារតែក្រុមហ៊ុនទាំងនេះ មានបំណងទាញយកប្រយោជន៍ពីកំណើន នៃទំហំនៃការចំណាយកាន់តែច្រើន  និងកំណើននៃភ្ញៀវទេសចរ ដែលបានមកដល់ប្រទេសកម្ពុជា”។

កត្តានេះបានជម្រុញឲ្យមានកំណើន តម្រូវការកន្លែងលក់រាយដែលមានទីតាំងល្អ និងមានការរចនាល្អនៅក្នុងប្រទេស។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សម្រេចបានកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានមកពីលំហូរទុនដ៏ច្រើនពីបរទេស និងកំណើនវិស័យទេសចរណ៍។ ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាតំបន់មានការអភិវឌ្ឍន៍ឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក Wilson បានបន្ថែមថា “បើពិនិត្យមើលពីទីតាំងរបស់គម្រោង The Peak នៅកណ្តាលរាជធានីភ្នំពេញ និងលក្ខណៈពិសេសនៃអគារលំដាប់់ប្រណិតយើងឃើញថា គម្រោងមានលក្ខណៈរឹងមាំ ស្របទៅតាមលក្ខខណ្ឌនៃសេវាកម្មលក់រាយប្រកដោយគុណភាព ដើម្បីបំពេញទៅតាមបំណងប្រាថ្នានៃអ្នករស់នៅក្នុងទីក្រុង។ CapitaLand នឹងបង្កើនជំនាញលើការគ្រប់គ្រងទ្រព្យសកម្មលក់រាយ និងបណ្តាញក្រុមហ៊ុនលក់រាយឈានមុខគេ ដែលមានចំនួន១៧,០០០កន្លែង ដើម្បីពង្រីកសក្តានុពល លក់រាយរបស់គម្រោង The Peak”។

មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី​ ក្រុមហ៊ុនCapitaLand គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅតំបន់អាស៊ី។ ក្រុមហ៊ុន CapitaLand Retail បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជា៖ ប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា៕

ប្រភព Realestate.com.kh

LEAVE A REPLY

Please enter your comment!
Please enter your name here