ប្រធាន CVEA អះអាងថា រយៈពេល៥ឆ្នាំ​ចុងក្រោយ​វិស័យ​អចលនទ្រព្យ​កម្ពុជារីកចម្រើន​ខ្លាំង

0

ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ នៅក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ ជាមួយនឹង​តម្លៃ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ ប៉ុន្តែ​កំណើន​នេះ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ កម្ពុជា​នៅតែមាន​កម្រិត​នៅឡើយ។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយសារ​លំហូ​ចូល​នៃ​វិនិយោគ​បរទេស និង​ស្ថេរភាព​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ប្រទេស។

លោក​បាន​បញ្ជាក់ថា “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត បាវិត កែប និង​តំបន់់ផ្សេងៗទៀត ត្រូវបាន​មើលឃើញ​ពី​កំណើន ឥតឈប់ឈរ​នៃ​ការសាងសង់ ដែល​កំពុងដំណើរការ​ស្របពេល​ល ដែល​ការវិនិយោគធំៗភាគច្រើន​មកពី​ប្រទេស​ចិន ដែល​បាន​ជួយ​ជំរុញឱ្យមាន​ភាព​រីកចំរើន​យ៉ាងខ្លាំង” ។ លោក​បន្តថា “ជាក់ស្តែង​នៅក្នុង​ទីក្រុង​ភ្នំពេញ មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទាំង​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​បានបញ្ចប់​ការសាងសង់ និង​កំពុងដំណើរការ​ក្នុង​ផែនការ​សាងសង់ ហើយ​ជា​លទ្ធផល​យើង​ឃើញ​មានការ​ផ្គត់ផ្គង់​ខុន​ដូ អា​ផាត​មិន បុរី និង​លំនៅដ្ឋានផ្សេងៗទៀត​មានការ​កើនឡើង” ។

ស្ថិតនៅក្នុង​ស្ថាន​ការ​នៃ​វិបត្តិ​ជំងឺ​សាកល Covid-19 ទោះបីជា​ទទួលរង​នូវ​ឥទ្ធិ​ល​អវិជ្ជមាន​ខ្លះ នៅក្នុង​វិស័យ​អចលនទ្រព្យ​ក៏ដោយ ប៉ុន្តែ​មានការ​ព្យាករណ៍​ថា បន្ទាប់ពី​ការធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ​នាពេលនេះ កម្ពុជា​នឹង​អាច​ទទួលបាន​កំណើន​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ជា​ដៃគូ​ឡើងវិញ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ដែល​បង្ហាញ​ពី​វត្តមាន​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ថ្មី ចេញ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេល​កន្លងទៅ។

ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ កំណើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការកើនឡើង​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ ខុន​ដូ និង​បុរី ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​តម្លៃ​ដី​តម្រូវការ និង​ការផ្គត់ផ្គង់ ហើយ​កម្ពុជា​នៅតែ​រក្សាបាន​ភាព​លំនឹង​នៃ​កំណើន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ប៉ុ​ន្ត​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច ក៏ដូចជា ភាព​រីកចម្រើន​នៅក្នុង​វិស័យ​ណាមួយ វា​មិនអាច​ចេះតែ​កើនឡើង​រហូត​បាន​នោះទេ គឺអាច​នឹង​ដល់​ចំណុច​ណាមួយ​ធ្លាក់ចុះ​វិញ​ជាមិនខាន។

លោក​ច្រឹ​ក សុខ​នី​ម បាន​បន្តទៀតថា “សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​នៅត្រឹម​រយៈ៣ឆ្នាំ​ចុង​ក្រោយនេះ មាន​កំណើន​យ៉ាងគំហុក​ហួស​ពី​ក្ដី​រំពឹង។

ដោយឡែក​សម្រាប់​នៅ​ឆ្នាំ​បន្ទាប់ យើង​មិនអាច​កំណត់ថា នឹងមាន​កំណើន​ខ្ពស់​ដូចនេះ​ទៀត​នោះទេ ដែល​វា​ក៏​អាស្រ័យទៅលើ​បរិបថ និង​ស្ថានភាព​នៃ​ស្ថិរភាព​ក្នុងសង្គម​ជាក់ស្ដែង ជាពិសេស​ឧបសគ្គ​នៃ​ជំងឺ Covid-19 ប៉ុន្តែ​យើង​ន​នៅតែមាន​សុទិដ្ឋិនិយម​ថា នឹងមាន​សញ្ញា​ល្អ ខណៈដែល​ប្រទេស​ចិន ដែលជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុ​ជាមាន​ស្ថាន​ការ​កាន់តែ​ល្អជា​បន្តបន្ទាប់។

ជាមួយគ្នានេះ លោក​ក៏បាន​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ ប្រទេស​វៀតណាម វិស័យ​សំណង់​នៅ​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ​ដដែល ដោយសារតែ​កត្តា​តម្លៃ​នៅ​កម្ពុជា មាន​កម្រិត​ទាប​ជាង ហើយ​វិសាលភាព និង​ឱកាស​វិនិយោគ​នៅមាន​ភាពទូលំទូលាយ​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here