ការិយាល័យជួលកំពុងដាំក្បាលចុះជាង៧០ភាគរយនៅតំបន់អាស៊ីក្នុង កំឡុងខែមេសានេះ

ចែករំលែក

ដោយ ហ្សូលី

ភ្នំពេញ៖ ទីផ្សារជួលការិយាល័យ នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក កំពុងជួបប្រទះនូវវិបត្តិធ្លាក់ចុះដល់ជាង៧០ភាគរយ ក្នុងខែមេសា ឆ្នាំ ២០២០នេះ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិ Knight Frank កាលពីយប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០នេះ។

របាយការណ៍នោះ បានបង្ហាញពីតារាងនៃបណ្តារទីក្រុង និងប្រទេសក្នុងអាស៊ី ដែលមានអត្រាធ្លាក់ចុះនៃទីផ្សារការិយាល័យ។ ប្រទេសដែលមានការធ្លាក់ចុះនៃសកម្មភាពជួលការិយាល័យទាំងនោះ មានដូចជា ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងកូឡាឡាំពួរ ប្រទេសម់ាឡេស៊ី ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ  ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

លើសពីនេះក៏មានទីក្រុង និងប្រទេសដទៃទៀតរួមមាន សិង្ហបុរី តៃប៉ិ សៀងហៃ ប៉េកាំង និងឥណ្ឌា ដែលទីផ្សារការិយាល័យទទួលរងនូវអត្រាជួលធ្លាក់ចុះ។ លើកលែងតែ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ខេត្តក្វាងចូវ និងស៊ីនជិន នៃសាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងហុងកុងតែប៉ុណ្ណោះ ដែលអត្រាជួលនៅថេរមិនមានការធ្លាក់ចុះ ហើយក៏មិនមានកំណើនដែរ។ នេះបើតាមឱ្យដឹងពីរបាយការណ៍ដែលមានចំណងជើងថា ទីផ្សារអាស៊ីប៉ាស៊ីហ្វិកក្នុងខែមេសា ២០២០: Covid-19 ជះឥទ្ធិពលលើវិស័យអចលនទ្រព្យ។

ហេតុផលដែលមានការធ្លាក់ចុះព្រោះថា ក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិបានពន្យាពេលនៃកិច្ចព្រមព្រៀងជួល ដោយក្រុមហ៊ុនទាំងនោះសម្អាងហេតុផលថា គ្មានសង្វាក់ផលិតកម្ម គ្មានតម្រូវការសាកលលោក ដែលជាហេតុនាំឱ្យពួកគេមិនមានលំហូរសាច់ប្រាក់ដំណើរការក្រុមហ៊ុននោះទេ។

លោក Tim Armstrong ប្រធានសេវាកាន់កាប់ភ្នាក់ងារពាណិជ្ជកម្ម ប្រចាំក្រុមហ៊ុន Knight Frank នៅអាស៊ិបាស៊ីហ្វិកបានបញ្ជាក់ថា យ៉ាងហោចណាស់ ក្រុមហ៊ុនពាណិជ្ជកម្មទាំងនោះ មិនបានលុបចោលការជួលការិយាល័យនោះឡើយ។ ពួកគេគ្រាន់តែស្នើសុំពន្យាពេលតែប៉ុណ្ណោះ។

លោកបន្តថា ចិនដីគោក ហាក់ដូចជាមានអត្រាថេរ ម្យ៉ាងសេដ្ឋកិច្ចនៅតំបន់នោះចាប់ផ្តើមមានភាពរឹងមាំឡើងវិញ រីឯកូរ៉េវិញក៏កៀកនឹងឡើងវិញដូចគ្នា លោកបន្តថា ចំណែកនៅតៃប៉ិវិញ ម្ចាស់អគារហាក់បីដូចជា មានការយោគយល់ច្រើនដូច្នេះហើយទើបបានជាទីផ្សារ មិនសូវជាមានភាពធ្លាក់ចុះគឺពោរពេញដោយតុល្យភាព

អាជីវកម្មឬមុខជំនួញ អាចនឹងត្រឡប់មករកសភាពដើមវិញ លុះត្រាតែបុគ្កលិកក្រុមហ៊ុនប្រាកដថា ពួកគេមានបរិយាកាសធ្វើការសុវត្ថិភាពសិន ដោយសារស្ថានភាព Covid-19 មានលក្ខណៈខុសគ្នាទៅតាមតំបន់ និងប្រទេសនិមួយៗ៕


ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here