ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់ ប្រមាណ៩៣លានដុល្លារអាមេរិក ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច ជំហ៊ានទី៣ដល់ប្រជាពលរដ្ឋនាពេលខាងមុខនេះ។

ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់ ប្រមាណ៩៣លានដុល្លារអាមេរិក ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច ជំហ៊ានទី៣ដល់ប្រជាពលរដ្ឋនាពេលខាងមុខនេះ។

លោកបណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន លំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងនាព្រឹក ថ្ងៃទី៣០មេសានេះថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចជំហ៊ានទីបី គ្រោងចំណាយថវិកាជាង៩៣លានដុល្លារ ក្នុងនោះ ថវិកាបដិភាគចំនួន១០ភាគរយ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គឺចាប់ផ្តើមពីចុងឆ្នាំនេះតទៅ នៅទូទំាងប្រទេស។
លោកបានប្រាប់វិទ្យុមិត្តភាពកម្ពុជា–ចិននៅថ្ងៃនេះថា ក្រសួងរៀបចំដែនដី និងម្ចាស់ជំនួយគ្រោងពិភាក្សាគ្នា ដើម្បីឈានទៅបើកគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ានទី៣ ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយប្រជាពលរដ្ឋមានដីធ្វើកសិកម្ម និងមានដីសង់លំនៅដ្ឋាន ខណៈគម្រោងនេះអាចឈានទៅអនុវត្តន៍ផ្លូវការនៅចុងឆ្នាំនេះ។
គម្រោងជំហ៊ានទីបីនេះ មានគោលដៅបីសំខាន់ ទី១ ផ្តោតការចុះបញ្ជីរដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីការពារដីរបស់គាត់ ជៀសវាងឲ្យបាននូវការរំខានពីអ្នកខាងក្រៅ ទី២ គឺការប្រើប្រាស់ដី ឃុំ សង្កាត់ ក្នុងរយៈពេលវែងថា តើការប្រើប្រាស់ដី ក្នុងឃុំ សង្កាត់ វាសមស្របទៅនិងសក្ដានុពលរបស់ដី សំរាប់កសិកម្ម សំរាប់សង់ផ្ទះ និងសាងសង់អគារសាធារណៈដែរឬទេ ហើយធ្វើការបែងចែកថាតើ ដីណាជារបស់រដ្ឋ និងរបស់ឯកជន និងគោលដៅទី៣ ការស្វែងរកដីដែលមានសក្ដានុពល សំរាប់ចែកជូនអ្នកក្រីក្រដែលខ្វះខាតដីពិតប្រាកដ។

លោកបណ្ឌិត ដោក ដូម៉ា បានបន្ថែមថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះ មានតួនាទីសំខាន់ណាស់ ដោយបានផ្តល់ដីសំរាប់សង់លំនៅដ្ឋានផ្តល់ដី ធ្វើកសិកម្មហើយរៀបចំភូមិលំនៅដ្ឋាន ឲ្យបានត្រឹមត្រូវ មានផ្លូវថ្នល់ ចេញចូលងាយស្រួល សង់សាលារៀន ផ្សារសហគមន៍ បុស្តិ៍សុខភាព អណ្តូងទឹក និងស្រះទឹកស្អាត និងផ្ទះសម្រាប់គ្រូបង្រៀន និងគិលានុប្បដ្ឋាកជួយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ដាំដុះឬប្រភេទដំណាំ ដែលត្រូវនឹងសមាសភាពដី ដែលបានចែកជូន ផ្តល់ពូជដំណាំ ការសាងសង់ប្រព័ន្ធធារាសាស្រ្តនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្រោចស្រព ក្នុងការដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ ដែលធានាបានសន្តិសុខស្បៀង សម្រាប់សហគមន៍ផងនិងការបញ្ចេញលក់នៅទីផ្សារខាងក្រៅផង។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច កំពុងអនុវត្តន៍នៅលើទីតំាងចំនួន១៤កន្លែង ស្ថិតក្នុងខេត្តចំនួន៥ មានដូច ជាខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
គម្រោងនេះបានអនុវត្តន៍ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គជអប) ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ដោយចំណាយថវិកាប្រមាណ២៦,៨លានដុល្លារអាមេរិក បានមកពីការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក និងបដិភាគរបស់រាជរដ្ឋាភិបាល ហើយមានប្រជាពលរដ្ឋទទួលផលប្រមាណ៥១៤១គ្រួសារ៕
