អ្នកជំនាញនិយាយពីភាពមិនប្រាកដប្រជានៃវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មានការលើកឡើងផ្សេងៗគ្នាពាក់ព័ន្ធទៅនឹងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងទទួលរងនូវគំនាបនៃវិបត្តិជំងឺសាកល និងកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺសាកល Covid-19 ទោះបីជាទទួលរងនូវឥទ្ធិលអវិជ្ជមានខ្លះ នៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ប៉ុន្តែមានការព្យាករណ៍ថា បន្ទាប់ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលនេះ កម្ពុជានឹងអាចទទួលបានកំណើនវិនិយោគពីបណ្តាក្រុមហ៊ុនអន្តរជាតិជាដៃគូឡើងវិញ។

លោកបានមានប្រសាសន៍បន្តទៀតថា “នៅត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាគឺមានការកើនឡើងខ្លាំងលើសពីការរំពឹងទុក ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺសាកល ដែលកើមានចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមកភាពអវិជ្ជមានបានចូលមកក្នុងវិស័យនេះមួយចំណែក ហើយនៅឆ្នាំបន្ទាប់នេះ យើងមិនអាចកំណត់ថា នឹងមានកំណើនខ្ពស់ដូចនេះទៀតនោះទេ ដែលវាក៏អាស្រ័យទៅលើបរិបថ និងស្ថានភាពនៃស្ថិរភាពក្នុងសង្គមជាក់ស្ដែង ជាពិសេសឧបសគ្គនៃជំងឺ Covid-19 ប៉ុន្តែយើងននៅតែមានសុទិដ្ឋិនិយមថា នឹងមានសញ្ញាល្អ ខណៈដែលប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជាមានស្ថានការកាន់តែល្អ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ភាពប្រឈមរបស់សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពបែបណានោះ គឺវាអាស្រ័យទៅលើមូលហេតុចម្បងតែមួយគត់ គឺជំងឺ Covid-19 ដែលកំពុងរាតត្បាតជាសាកលលោក។

លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងអំឡុងពេលនេះ ថ្វីត្បិតទីផ្សារអចលនទ្រព្យនៅកម្ពុជា បាន និងកំពុងតែប្រឈមទៅនឹងការធ្លាក់ចុះ ប៉ុន្តែភាពល្អប្រសើរអាចនឹងវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លី ប្រសិនបើបញ្ហានៃការរាតត្បាតរបស់ជំងឺ Covid-19 ត្រូវបានទប់ស្កាត់ និងដោះស្រាយនៅត្រឹមចុងខែមិថុនា ឬដើមឆមាសទី២ ឆ្នាំ២០២០ ខាងមុននេះ”។ លោកបានបញ្ជាក់ទៀតថា “ដង្ហើមទីផ្សារអចលនទ្រព្យកម្ពុជាមួយចំណែកធំគឺពឹងផ្អែកទៅលើក្រុមហ៊ុនដែលជាអ្នកវិនិយោគអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ី ។ នៅពេលដែលបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីបន្តជួបនឹងវិតបត្តិនៃជំងឺ Covid-19 វាជាបញ្ហាប្រឈមនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា”។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សព្វថ្ងៃនេះក្រុមហ៊ុនដែលវិនិយោគក្នុងគម្រោងធំៗនៅតែបន្តមាននៅលើទីផ្សារអចលនទ្រព្យកម្ពុជា ប៉ុន្តែដោយសារតែភាពប្រឈមនៃជំងឺ Covid-19 ក្រុមហ៊ុនទាំងនោះបានស្នើសុំពន្យាពេល។ ដូច្នេះ ប្រសិនបើវិបត្តិនៃជំងឺពិភពលោកមួយនេះត្រូវបានដោះស្រាយកាន់តែលឿន ភាពវិជ្ជមាននៃវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែឆាប់បានត្រឡប់មករកភាពល្អប្រសើរវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here