ស្ពាន​អាកាស​ក្បាលថ្នល់​ត​ភ្ជាប់​រវាង​មហាវិថី​មុនី​វង្ស និង​ព្រះ​នរោត្តម​បើក​ដំនើរការនៅ​ព្រឹក​ថ្ងៃស្អែក​នេះហើយ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ខ្នែង​ស្ពាន​អាកាស​ក្បាលថ្នល់ ត​ភ្ជាប់​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី១ ឧសភា​នេះហើយ។ នេះ​បើ​យ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ឲ្យ​ដឹង។

លោក​ម៉េ​ត មាស ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី៣០ មេសា​កន្លងមក​ថា ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី នៅជាប់​នឹង​ស្ពាន អាកាស​ក្បាលថ្នល់​ចាស់ ដែល​ត​ភ្ជាប់​ពី មហាវិថី​ព្រះមុនីវង្ស បត់​មក​មហាវិថី​ព្រះ​នរោត្តម បាន​ស្ថាបនា​រួចរាល់ និង​បើក​អោយ​ដំណើរការ ចាប់ពី​ម៉ោង ៨ព្រឹក​ថ្ងៃទី១ ខែឧសភា​ឆ្នាំ២០២០នេះ​តទៅ ។

លោក​បន្តថា “ការស្ថាបនា​ស្ពាន​អាកាស​ថ្មី​បន្ថែមទៀត​នេះ ដោយសារ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​កំណើន​យានយន្ត​របស់​ប្រជាពលរដ្ឋ កើនឡើង​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ចរាចរណ៍ ពិសេស​នៅត្រង់ចំណុច​ក្បាលថ្នល់​នេះ​តែម្តង។ លោក​បន្តថា “រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​រិះរក​មធ្យោបាយ​សាងសង់​ស្ពាន​ថ្មី​បន្ថែម និង​ដាក់អោយ​ដំណើរការ​ក្នុង​ពេលនេះ អោយ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង” ។

មកដល់ពេលនេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន៦ កន្លែង​គឺ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស៧មករា ស្ពាន​អាកាស៥មករា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ ។

ចំណែក​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់បាន​បញ្ជាក់ថា គម្រោង​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន OCIC។ ស្ពាន​អាកាស​ក្បាលថ្នល់​ពី មហាវិថី​ព្រះមុនីវង្ស ទៅ​មហាវិថី​ព្រះ​នរោត្តម​មាន​ប្រវែង ៧៧ម៉ែត្រ ពី​ផ្លូវដី​ដល់​គល់ស្ពាន​ក្បាលថ្នល់ និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់ មាន​ប្រវែង១២៣ ម៉ែត្រ មាន​ទទឹង ៧ម៉ែត្រ​កន្លះ ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម៕

LEAVE A REPLY

Please enter your comment!
Please enter your name here