ដោយ វុត្ថា
ភ្នំពេញ៖ អ្នកជំនាញបានស្នើដល់បណ្តាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យទាំងអស់ ប្តូរយុទ្ធសាស្ត្រទីផ្សារដោយការ Live លក់គម្រោង និងអចលនទ្រព្យនានាតាមអនឡាញ ខណៈដែលបច្ចុប្បន្ននេះអតិថិតិជនភាគច្រើនស្នាក់នៅតាមផ្ទះដោយសារភ័យខ្លាចឆ្លងនូវជំងឺកូវីដ១៩ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមច្រើន ជាពិសេសបណ្តាញសង្គម Facebook។

-->
លោក Chenda Moek អ្នកជំនាញមកពីក្រុមហ៊ុន realestate.com.kh បានឱ្យដឹងនៅក្នុងកម្មវិធីស្ដីពី “ការផ្ដល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ” ដែលរៀបចំដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា តាមរយៈអនឡាញ កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលដែលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ស្ទើតែគ្រប់វិស័យទទួលរងផលប៉ះពាល់ ជាមួយគ្នានេះវិស័យអចលនទ្រព្យក៏ទទួលរងផលប៉ះពាល់ខ្លាំងណាស់ដែរតាមរយៈការលក់គម្រោងមិនចេញដែលធ្វើប៉ះពាល់ដល់លំហូរសាច់ប្រាក់។
លោកបន្តថា “ក្នុងរយៈពេលនេះ ទាំងម្ចាស់គម្រោង និងភ្នាក់ងារអចលនទ្រព្យទាំងអស់ត្រូវមានការប្ដូរយុទ្ធសាស្ត្រទីផ្សារតាមរយៈការពង្រឹងអនឡាញដោយការ Live លក់នូវផលិតផលរបស់ខ្លួន ដោយកុំឱ្យអតិថិជនភ្លេចឈ្មោះបាន” ។
លោកបន្ថែមថា “បច្ចុប្បន្ននេះ យើងឃើញគម្រោងដីឡូត៍ និងលំនៅឋានមួយចំនួនបានទៅ Live លក់គម្រោង ខណៈដែលមានមនុស្សនៅក្នុងផ្ទះច្រើន កំពុងតែអនឡាញ ហើយក្នុងរយៈពេលនេះ យើងត្រូវសាងកេរ្តិ៍ឈ្មោះដោយបង្ហាញពីផលិតផលរបស់យើងទៅកាន់អតិថិជន” ។
លោក Mot Chantharith ម្ចាស់គម្រោងលំនៅឋានមួយ បានឱ្យដឹងដែរថា ចាប់តាំងពីមានការផ្ទុះនូវជំងឺកូវីដ១៩កន្លងមកនេះ បានធ្វើឱ្យជីវកម្មលក់លំនៅឋានមានការធ្លាក់ចុះ ខណៈដែលការចំណាយនានាកើនឡើង ដូចជាការចំណាយទៅលើកម្មករ និងសេវាកម្មផ្សេងៗ ដែលទាំងអស់នេះ គឺជាហានីភ័យខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ និងការប្រកបមុខរបរ។
លោកបន្តថា “ចំណែកអតិថិជនបានដាក់សំណើសុំពន្យាពេលការបង់ប្រាក់មកក្រុមហ៊ុនច្រើនដែលធ្វើឱ្យចំណូលមានការធ្លាក់ចុះ ។ ជាមួយគ្នានេះ យើងក៏បានពិភាក្សាជាមួយអតិថិជនផងដែរ ពីផលប៉ះពាល់នេះ ហើយបើយើងមិនយល់ព្រមអនុគ្រោះ តាមសំណើរបស់ពួកគេ និងធ្វើឱ្យអតិថិជនរត់ចោលយើង បើយើងអនុគ្រោះធំពេកៗ ក៏មានបញ្ហាហិរញ្ញវត្ថុផងដែរ។ ដូច្នេះយើងត្រូវថ្លឹងថ្លែងពីបញ្ហានេះ” ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យអចលនទ្រព្យរបស់កម្ពុជាបាននឹងកំពុងថមថយក្នុងរយៈពេលខ្លីជាពិសេសក្នុងអំឡុងផ្ទុះនូវជំងឺកូវីដ១៩ នេះ យ៉ាងណាក៏ដោយសកម្មភាពនៃការរកស៊ីតាមប្រព័ន្ធអនឡាញនៅតែមានសកម្មភាពរស់រង្វើក ដែលប្រការនេះជំរុញឱ្យវស័យអចលនទ្រព្យនៅតែបន្តទៅឆ្ពោះទៅមុខ។
លោកបន្តថា បើទោះបីពួកគេ នៅសម្ងំក្នុងផ្ទះ តែពួកគេនៅតែស្រាវជ្រាវតាមរកទិញ និងលក់ដូរជាប្រចាំដែរ ប្រការនេះ នឹងមិនធ្វើឱ្យវិស័យអចលនទ្រដែលជាសសរស្តម្ភសេដ្ឋកិច្ច មិនថមថយខ្លាំងនោះទេ ខណៈដែលកម្ពុជាកំពុងទទួលរងនូវជំងកូវីដនេះ ក៏ដោយ។
លោកបន្ថែមថា វិស័យអចលនទ្រព្យរបស់កម្ពុជាបានទទួលរងផ្ទួនៗ នៃការថមថយតាមរយៈការបិទល្បែងអនឡាញ ការចូលឆ្នាំសកល ចូលឆ្នាំចិន និងចុងក្រោយបំផុតគឺផលប៉ះពាល់ដោយជំងឺកូវីដ១៩ តែយ៉ាងណាក៏ដោយគឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ រដ្ឋាភិបាលបាននឹងកំពុងគិតយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ៕