ដោយៈ រ៉ាណេត
ភ្នំពេញៈ ជម្រើសនៃការទិញអចលនទ្រព្យ ក៏ដូចជាដីធ្លីនៅតាមបន់ណា ដែលអាចទទួលបានចំណេញខ្ពស់ នៅតែជាប្រធានបទមួយ ដែលមានប្រជាប្រិយភាព និងជាការចង់ដឹងពីសំណាក់ អ្នកដែលប្រឡូកនៅក្នុងវិស័យមួយនេះដដែល។

អគ្គនាយកក្រុមហ៊ុន Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅក្នុងសប្ដាហ៍នេះថា មិនថាទោះជាទិញនៅតំបន់ជាយក្រុង ឬនៅតាមបណ្តាខេត្ត ដែលឃ្លាតឆ្ងាយពីក្រុងនោះទេ អត្រាទទួលបានចំណេញនៅតែមាន ប្រសិនបើអ្នកទិញមានភាពឆ្លាតវៃ និងបានសិក្សាលម្អិតពីតំបន់ និងគម្រោងអភិវឌ្ឍន៍នានាដែលពាក់ព័ន្ធ។
លោកបញ្ជាក់ថា “ខ្ញុំនិយាយតែផ្នែកដីធ្លី មានអ្នកទិញទុកសម្រាប់វិនិយោគបន្តយកចំណេញ បានជ្រើសទីតាំងផ្សេងៗគ្នាជាមួយនឹងក្ដីរំពឹងថា អាចទទួលបានចំណេញនៅពេលលក់ចេញវិញ” ។ លោកបន្តថា “មិនថាពួកគាត់ទិញទៅទីណានោះទេ អត្រាដែលទទួលបានចំណេញគឺសុទ្ធតែមាន ឱ្យតែពួកគាត់ទិញដោយការពិចារណា និងវិនិច្ឆ័យបានត្រឹមត្រូវ” ។
លោកបន្តថា អ្នកខ្លះគាត់មិនបានដឹងលម្អិតពីព័ត៌មាន និងគម្រោងអភិវឌ្ឍន៍ដែលជម្រុញឱ្យមានតម្រូវការទីផ្សារនោះទេ ហើយទិញតាមគេផ្អើល តែក៏អាចទទួលបានចំណេញដូចគេ ដែលការចំណេញនេះវាគឺជារឿងចៃដន្យសម្រាប់គាត់។ ចំពោះករណីបែបនេះមិនមែនចេះតែទទួលបានរហូតនោះទេ” ។
លោកឡុង គឹមសួគ៌បានបន្តថា មានអ្នកខ្លះ គាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេចចិត្តឥតស្ទាក់ស្ទើរ ក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត។ ប្រសិនបើពួកគាត់សម្រេចលក់ ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់ នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោងអភិវឌ្ឍន៍។

លោកបានបញ្ជាក់ថា មិនថាទោះជានៅតំបន់ជាយក្រុង ឬនៅក្នុងខេត្តណាមួយនោះទេ ភាគរយចំណេញនៅតែមានដូចគ្នា សំខាន់ត្រង់ថាមុនពេលទិញសម្រាប់ទុកវិនិយោគ ត្រូវតែចេះសិក្សាពីតម្រូវការទីផ្សារ និងគម្រោងនៃការអភិវឌ្ឍឱ្យបានគ្រប់ជុងជ្រោយយ៉ាងលម្អិត ទើបការវិនិយោគមិនជួបភាពបរាជ័យ៕







Nice