លោក​ស៊ុន ចាន់ថុល៖ ការស្ថាបនា​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ មាន​ភាពយឺតយ៉ាវ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទោះបី​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ១៩ក្ដី ក៏​សកម្មភាព​សាងសង់​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង​ស្ពាន​នៅ​ទូទាំងប្រទេស​នៅតែ​មានដំណើរ​សកម្មភាព​ធម្មតា​ដដែល លើកលែងតែ​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ដោយសារ​ការមកដល់​នៃ​ដឹក​គ្រឿងចក្រ​មាន​ភាពយឺតយ៉ាវ។

នេះ​គឺជា​លើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ពិធី​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ សាងសង់​ផ្លូវជាតិ​លេខ១១ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ប្រឹក្សា បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា “យើងខ្ញុំ​មាន​ភាពយឺតយ៉ាវ​បន្តិច​នូវ​ការសាងសង់​ផ្លូវជាតិ​លេខ២ និង​លេខ២២ ពី​ភ្នំពេញ​ទៅ​តាកែវ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ខិតខំ​ប្រឹងប្រែង​យក​គ្រឿងចក្រ​ឱ្យបាន​ទាន់ពេលវេលា មក​សាងសង់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២នេះ” ។

លោក​ស៊ុនចាន់ថុល​បន្តថា “ដោយសារ​គ្រឿងចក្រ​គាត់​មួយចំនួន​មានការ​កកស្ទះ​នៅ​ប្រទេស​វៀតណាម គាត់​ទិញ​មក ដឹក​តាម​វៀតណាម ហើយ​រហូតមក​ដល់ពេលនេះ គ្រឿងចក្រ​ទាំងនោះ​ក៏​មិនទាន់​មកដល់​ប្រទេស​កម្ពុជា​យើង​នៅឡើយ​ដែរ” ។

លោក​បន្ថែមថា “ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា ក្រុមហ៊ុន​នឹង​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាង​មិច​ឱ្យបាន​លឿន​ដើម្បី​ធ្វើ​កិច្ចការ​នេះ ឱ្យបាន​ចប់​តាម​កិច្ចព្រមព្រៀង​របស់​យើង។ ជារួម​គ្រប់​ការដ្ឋាន​ទាំងអស់​មិនមាន​ភាពយឺត​យ៉ាង​នោះទេ លើកលែងតែ​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេ២២នេះ” ។ លោក​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​សាងសង់​ទាំងឡាយ ប្រសិនបើ​មិន​ចង់​សាងសង់​ឡើងវិញ ឬ​ចូលក្នុង​បញ្ជីខ្មៅ​ទេ ត្រូវ​សាងសង់​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ជាដាច់ខាត។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ជួសជុល​ធ្វើ​ឲ្យ​ប្រសើរឡើង​នូ​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ មាន​ប្រវែង​សរុប ៧២,១៧គីឡូម៉ែត្រ ដែល​ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់​មាន​ប្រវែង ៦២,៥៦គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ២២ ពី​អូរ​ចំបក់​ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តតាកែវ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC។

កំណាត់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោង​ចំណាយ​រយៈពេល​សាងសង់ ចំនួន៣០ខែ គិត​ចាប់ពី​ខែតុលា ឆ្នាំ២០១៩ ដល់​ខែមេសា ឆ្នាំ២០២២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here