តើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុកំពុងមានការវិវត្តន៍យ៉ាងដូចម្តេច កំឡុងវិបត្តិពីរផ្ទួនៗគ្នា?

0

ដោយ ប៊ី
ព្រះសីហនុ៖ វិស័យជួលនៅខេត្តព្រះសីហនុមានស្ងប់ស្ងាត់ខ្លាំង និងរងផលប៉ះពាល់ ដោយសារការរីករាលដាលជំងឺ COVID-19 ស្របពេលវិស័យជួលនៅក្នុងខេត្តនេះពឹងផ្នែកច្រើនលើវិស័យកម្សាន្ត និងទេសចរណ៍។ នេះបើយោងតាមការលើកឡើងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា វិស័យជួលនៅខេត្តព្រះសីហនុមានស្ងប់ស្ងាត់ ដោយសារការរីករាលដាលជំងឺ COVID-19 ខណៈវិស័យជួលនៅក្នុងខេត្តនេះពឹងផ្នែកច្រើនលើវិស័យកម្សាន្ត និងទេសចរណ៍។

លោក បានឱ្យដឹងថា “ជារួម ការរីករាលដាលជំងឺ COVID-19 ធ្វើឱ្យវិស័យជួលនៅខេត្តព្រះសីហនុរងផលប៉ះពាល់ ព្រោះការធ្វើដំណើរឆ្លងប្រទេសត្រូវបានរឹតបន្តឹង ដែលធ្វើសកម្មភាពកម្សាន្ត និងទេសចរផ្សេងៗមានភាពស្ងប់ស្ងាត់”។
លោក បានបន្តថា “មិនត្រឹមតែ កម្ពុជាទេ ដែលរងផលប៉ះពាល់ពីវិបត្តិនេះ ប៉ុន្តែប្រទេសជាច្រើននៅលើពិភពលោកក៏រងផលប៉ះពាល់ខ្លាំងដែរពីវិបត្តិមួយ ប៉ុន្តែខ្ញុំគិតថា វាជាបញ្ហារយៈពេលខ្លីមួយប៉ុណ្ណោះ ដូច្នអ្វីៗនឹងមានភាពប្រសើរឡើងវិញនៅពេលអនាគត។

លោកស្រី អាន សុធីតា អគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានប្រាប់ឱ្យដឹងគេហទំព័រ Propertyarea.asia នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០នេះថា ការជួលអចលនទ្រព្យនៅក្រុងព្រះសីហនុមិនសូវជាមានសកម្មភាពប៉ុន្មានទេនាពេលបច្ចុប្បន្ននេះ៕

ប៉ុន្តែជាមួយគ្នានេះដែរ លោកស្រី បានថ្លែងថា “ទីផ្សារស្រុកខ្មែរនឹងងើបឡើងលឿនគេ បើធៀបនឹងតំបន់ផ្សេងៗទៀត។ សម្រាប់វិស័យអចលនទ្រព្យរបស់កម្ពុជា វិស័យដែលងើបឡើងមុនគឺវិស័យដីធ្លី វិស័យលំនៅដ្ឋានសម្រាប់ថ្នាក់មធ្យម និងវិស័យអាផាតមិន ការិយាល័យជួល ហើយទីផ្សារលក់រាយនឹងងើបឡើងក្រោយ ព្រោះវាមានផលប៉ះពាល់ខ្លាំងជាង”។
វិស័លជួលអចលនទ្រព្យនៅខេ្តព្រះសីហនុបាននិងកំពុងរងប៉ះពាល់ខ្លាំង ព្រោះភាគច្រើនការវិនិយោគអចលនទ្រព្យសំដៅលើមជ្ឈមណ្ឌលកម្សាន្ត។

សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុដែលជាក្រុមអ្នកជំនួញជនជាតិចិនបានប៉ាន់ប្រមាណថាបរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្មនៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន ៨៥% និងការលក់ដីធ្លី ២៥%។ ជាមធ្យមផ្ទះចំនួន ៦០០ល្វែង ត្រូវបានជួល និង ២០ល្វែង បានទិញលក់ក្នុងមួយថ្ងៃ បើធៀបនឹងបច្ចុប្បន្ន ធ្លាក់ចុះមកត្រឹមក្រោម ២០ល្វែង និង ៩ល្វែងក្នុងមួយថ្ងៃ។

លោកច្រឹក សុខនីម បានប្រាប់ឱ្យដឹងដែរថា ជារួម វិស័យអចលនទ្រព្យរបស់កម្ពុជាបាន និងកំពុងថមថយក្នុងរយៈពេលខ្លីជាពិសេសក្នុងអំឡុងខែមីនា ឆ្នាំ ២០២០ កន្លងមកនេះ តែមិនធ្វើឱ្យវិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភសេដ្ឋកិ្ចថមថយខ្លាំងនោះទេ។

លោកបន្តថា “វិស័យអាទិភាពមួយនេះ នៅតែពង្រឹងអាទិភាពរបស់ខ្លួន និងនៅតែដើរតួជាសរសរស្តម្ភ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងរមាំ។ លោកថា “នៅដើមឆ្នាំ២០២០ នេះ មានគម្រោងស្នើសុំវិនិយោគច្រើន តែយើងមិនទាន់ដឹងថាគម្រោងធ្វើឬក៏មិនធ្វើនោះទេ តែសម្រប់គម្រោងចាស់ៗនៅតែដំណើរការដដែលបើទោះបីមានការផ្ទុះនូវជំងឺកូវីដ១៩ ក៏ដោយ។
លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមទូរសព្ទនៅចុងមីនា ឆ្នាំ ២០២០ នេះថា នៅក្នុងមួយរយៈចុងក្រោយនេះ មានការថមថយខ្លះលើការវិនិយោគលើវិស័យអចលនទ្រព្យ សណ្ឋាគារនិងទេសចរណ៍ជាដើម តែមិនមាននៅក្នុងខេត្តព្រះសីហនុនោះទេ ស្ទើតែគ្រប់ទីន្លែងទាំងអស់។

លោកបន្តថា “បញ្ហាជំងឺកូវីដ១៩នេះជារឿងដែលសំខាន់ សម្រាប់ធ្វើឱ្យសកលលោកមានការថមថយដូចគ្នា តែអ្វីជាកិច្ចការអាទិភាពដែលរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្លាំង លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាត។
ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត។ ល។
ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុជាប៉ូលអភិវ ឌ្ឍជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here