លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជំរុញឱ្យមាន​ការអភិវឌ្ឍ​ឆ្នេរ​ថ្មី២កន្លែង​ផ្សេងទៀត​នៅក្នុង​ខេត្ត​កែប

0

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (គ​អ​ឆក) បានឱ្យ​ក្រុមការងារ​សិក្សា​អភិវឌ្ឍ​ន៍ឆ្នេរ​ថ្មី​ចំនួន២ផ្សេងទៀត នៅក្នុង​ខេត្ត​កែប ខណៈ​បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរ​សម្រាប់​លេង​កម្សាន្ត​តែមួយ​ដែលមាន​ត្រឹមតែ​ប្រវែង ៣៥០ម៉ែត្រ ​ធ្វើឱ្យមាន​ការកកស្ទះ​ភ្ញៀវ​ទេសចរ។

នេះ​បើតាម​ការឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​របស់​លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្ដ​កែប» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ។

លោក​បន្តថា “ដោយសារ​ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ត​កែប​ដែល​ភ្ញៀវ​ទេសចរ​ទៅលេង​បច្ចុប្បន្ននេះ មាន​ប្រវែង​ខ្លី​ពេក​ធ្វើឱ្យមាន​ការកកស្ទះ​យ៉ាងខ្លាំង។ ដូច្នេះហើយ យើង​បាន​ជំរុញឱ្យមាន​ការរៀបចំ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ២កន្លែង​ផ្សេងទៀត ដែលមាន​ប្រវែង ៣គីឡូម៉ែត្រ” ។

លោក​បន្ថែមថា “នេះ​គឺជា​ការគិតគូ​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​ក្រុមការងារ​សិក្សា” ។

លោក​អភិបាលខេត្ត​រូបនេះ​ពន្យល់ថា ការអភិវឌ្ឍ​តំបន់ឆ្នេរ២កន្លែង​នេះ គឺ​ដើម្បី​កុំឱ្យ​ភ្ញៀវ​ទេសចរសម្រុក​មក​តែមួយ​កន្លែង​ដូច​បច្ចុប្បន្ន​ដែល​ធ្វើឱ្យមាន​កកស្ទះ។ យើង​ត្រូវ​បង្វែរ​ទិស​របស់​ពួកគាត់​ឱ្យទៅ​តំបន់ឆ្នេរ​អង្កោល ដែលមាន​ឆ្នេរ​ខ្សាច់​ធម្មជាតិ ខណៈ​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​កំពុងតែ​ស្ថាបនា​ផ្លូវ​ចូលទៅក្នុង​តំបន់​នេះ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ​ថោង ខុន ធ្លាប់បាន​ឱ្យដឹងថា ខេត្ត​កែប​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ចក្ខុវិស័យ​ជា “ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាកលំហែ​កម្សា​ន្ត ប្រណិត​កម្រិត​ខ្ពស់” ខណៈ​បច្ចុប្បន្ននេះ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង នា​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

លោក​ថ្លែងថា ក្រសួងទេសចរណ៍​មានជំនឿថា ផែនការ​មេនេះ​នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ធ្លាប់បាន​ប្រាប់​គេហទំព័រ propertyarea.asia កន្លងមកថ្មីៗនេះ​ថា ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត ហើយក៏​កំពុង​ទាមទារ​ឱ្យមាន​ការរៀបចំ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែមទៀត។

លោកស្រី​បាន​បន្តទៀតថា “បើទោះជា​រាជរដ្ឋាភិបាល សម្រេច​មិនឱ្យ​មាន​រោងចក្រ និង​មណ្ឌល​កម្សាន្ត កាស៊ីណូ​យ៉ាងណាក៏ដោយ ក៏​ខេត្ត​មួយ​នេះ​នៅតែមាន​សក្ដានុពល​ផ្នែក​អចលនទ្រព្យ​ដដែល ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូជាដើម” ។

យោងតាម​របាយការណ៍​របស់​ខេត្ត​កែប បង្ហាញថា ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ មាន​ស្ថានភាព​ផ្ទៃដី​ចែកចេញ​តំបន់ភ្នំ ជម្រាលភ្នំ តំបន់​មាត់សមុទ្រ សមុទ្រ និង​កោះ មាន​ចំងាយ​ប្រមាណ ១៧៥ គីឡូ​ម៉ែ​ត្រពី​រាជធានី​ភ្នំពេញ ។

សម្រាប់​សក្តានុពល​រប​ស់​ខេត្ត​កែប ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ដោយមាន​ឆ្នេរ​ខ្សាច់ ឧទ្យាន​ជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅ​សមុទ្រ និង​វិជ្ជា​ជីវៈចម្រុះ រួមទាំង​ធនធាន​ជលផល​សមុទ្រ​ជាច្រើន​ប្រភេទ​ផ្សេងទៀត។

ក្នុង​ឆ្នាំ ២០១៩ កន្លងមកនេះ ខេត្ត​កែប​បានទទួល​បាន​ភ្ញៀវ​ទេសចរជិត ២លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កើនឡើង​ប្រមាណ ៤.២៤ ភាគរយ ភ្ញៀវ​ទេសចរជាតិ កើនឡើង ៣.៥៨ ភាគរយ និង​ភ្ញៀវ​ទេសចរ​កើនឡើង ២៥.០១ ភាគរយ និង​ផ្តល់​កម្លាំង​ពលកម្ម​ជាង ៣០០០នាក់ មានការ​ងារ​ធ្វើ និង​បាន​បង្កើន​ប្រាក់ចំណូល​ជួយ​ដល់​គ្រួសារ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here