អ្នកជំនាញ៖ ចង់ឱ្យ​បុគ្គលិក​ផ្នែក​លក់​អចលនទ្រព្យ​ជោគជ័យ អ្នកគ្រប់គ្រង​គប្បី​ពង្រឹង៣ចំណុច

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ការលក់​អចលនវត្ថុ គឺ​ស្រដៀង​ទៅនឹង​ការលក់​ផលិតផលផ្សេងៗនៅលើ​ទីផ្សារ​ដែរ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ ការលក់​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់​ខុសពី​ទំនិញផ្សេងៗនៅលើ​ទីផ្សារ ដែល​ទាមទារ​ឱ្យ​អ្នកលក់​រៀបចំខ្លួន​ឱ្យបាន​សមរម្យ មាន​ចរិត​ថ្លៃថ្នូរ ពិសេស​ត្រូវមាន​ជំនាញ ចំណេះដឹង រួមទាំង​ការនិយាយស្តី ប្រកបដោយ​វិជ្ជាជីវៈ គឺ​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​មកលើ​ខ្លួន​ទើប​អាច​លក់បាន។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Show Up Real Estate លោក អ៉ិន ណាង បាន​មានប្រសាសន៍ថា បើសិនជា​ចង់ឱ្យ​បុគ្គលិក​លក់​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ អ្នកគ្រប់គ្រង​គប្បី​គិត​ទៅដល់​ពង្រឹងសមត្ថភាព​សំខាន់​ចំនួន៣ចំណុច​ជា​ចាំបាច់។

ទី១ – ការ​ដុះ​ខាត និង​បណ្តុះបណ្តាល​ចំណេះដឹង និង​ជំនាញ​ពាក់ព័ន្ធ​បន្ថែម ដើម្បី​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ពួកគាត់​តែប៉ុណ្ណោះ បន្ថែម​ពីលើ​គ្រឹះ​ដ៏​ចាំបាច់​បំផុត​របស់​បុគ្គលិក​ដែលជា​ភ្នាក់ងារ ដូចជា​ចំណូលចិត្ត និង​ការតាំង​ចិត្ត​យ៉ាងពិត​ប្រាកដ​របស់​ពួកគាត់។ ក្រៅពីនេះ ក្នុងនាម​ជា​អ្នកគ្រប់គ្រង និង​ជំរុញ​ការលក់ ត្រូវតែ​ពិចារណា និង​កំណត់ ទាមទារ​ឱ្យ​បុគ្គលិក​ផ្នែក​លក់ ខំប្រឹង​ធ្វើ​ការឱ្យ​អស់ពី​សមត្ថភាព និង​សក្តានុពល​ដែល​ខ្លួន​មាន។

ទី២ – ត្រូវ​ផ្តល់​ក្តីសង្ឃឹម​ទៅដល់​បុគ្គលិក បើសិនជា​ប្រធាន​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែក​លក់​មិនមាន​ផែនការ​ផ្តល់​ក្តីសង្ឃឹម​ទៅដល់​បុគ្គលិក ដូចជា​ខែក្រោយ ឬ​ឆ្នាំក្រោយ​បើ​ប្រាក់ខែ ឬ​តំណែង ឬ​ចំណេះ​ជំនាញ​របស់គាត់​មិន​កើនឡើង​ទេនោះ បុគ្គលិក​នឹងមិន​មាន​ក្តីសង្ឃឹម​ទេ ហើយ​គាត់​នឹង​ធ្វើការ​រង់ចាំតែ​ថ្ងៃ​ចាកចេញ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើសិនជា​ប្រធាន​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែក​ផ្តល់​ក្តីសង្ឃឹម​ឱ្យ​គាត់ ពួកគាត់​នឹង​ប្រឹងប្រែង​ធ្វើឱ្យបាន​ជោគជ័យ​ដោយ​ក្តីសង្ឃឹម ព្រោះ​ពេល​មាន​ក្តីសង្ឃឹម​ហើយ គាត់​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព អស់ពី​សក្តានុពល​ដែល​គាត់​មាន​មិន​ខាន។

ទី៣ – ការបំពេញ​តម្រូវការ​ជា​មូលដ្ឋាន ដែល​ចំណុច​នេះ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ចាំបាច់​ត្រូវ​គិត​ទៅដល់​ការ​ស្នាក់នៅ​សមរម្យ ការហូបចុក​គ្រប់គ្រាន់ ជា​ចំណុច​ដែល​មនុស្ស​លើ​ពិភពលោក​នេះ​ទទួលស្គាល់ ដូច​ការលើកឡើង​រប​ស់លោក Abaham Maslow បាន​លើកឡើងថា បើ​ចង់ឱ្យ​មនុស្ស​ស្មោះត្រង់​ជាមួយ​យើង និង​ធ្វើការ​ជាមួយ​យើង​ឱ្យ​អស់ពី​សមត្ថភាព យើង​ត្រូវតែ​បំពេញតម្រូវការ​ជា​មូលដ្ឋាន​របស់គាត់​ទៅតាម​ការប្រឹងប្រែង​រប​ស់បុ​គ្គ​លិ​កម្នាក់ៗ រួមមាន​តម្រូវ​ការហូបចុក​គ្រប់គ្រាន់ មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ តាមរយៈ​ការបង្កើត​អត្ថប្រយោជន៍ផ្សេងៗដល់​គាត់។

លោក អុិន ណាង បាន​បញ្ជាក់ថា ចំណុច​ទាំង៣ខាងលើនេះ គ្រាន់តែ​គោលការណ៍​សំខាន់​នៅក្នុង​គោលការណ៍​ជាច្រើន​ច្រើន​ទៀត​នៅក្នុង​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​ជំរុញ​ការលក់​ចំពោះ​ភ្នាក់ងារ​អចលនទ្រព្យ ខណៈដែល​យុទ្ធសាស្ត្រ​គ្រប់គ្រង​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​បាន​គេ​យកមក​អនុវត្តតាម​ភាពជាក់ស្ដែង និង​ចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here