ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ និងធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យដែលបណ្តាលមកពីវិបត្តិនៃជំងឺ Covcid-19 កាលពីពេលកន្លងទៅនោះ ពេលនេះតម្រូវការទីផ្សារក្នុងស្រុកចាប់ផ្តើមមានសកម្មភាពឡើងវិញ ដែលជាសញ្ញាមួយបង្ហាញពីភាពវិជ្ជមាន និងឈានទៅរកភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Ba Sak Realty Co.,Ltd លោក នី ទីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះថា ពេលនេះ ចរន្តនៃការទិញលក់អចលនទ្រព្យចាប់ផ្តើមមានកម្រើកឡើងវិញជាបណ្ដើរៗហើយដែលផ្តើមចេញពីតម្រូវការជាក់ស្ដែងនៅក្នុងស្រុក។
លោកបានបញ្ជាក់ថា “ខុសពីជាង២ខែមុន ដែលមានភាពស្ងប់ស្ងាត់ ឬអាចនិយាយបានថាទីផ្សារអចលនទ្រព្យទទួលរងនូវវិបត្តិ ប៉ុន្តែពេលនេះស្ថនភាពល្អប្រសើរបានចាប់ផ្តើមបន្តិចម្ដងៗឡើងវិញ ជាមួយនឹងសកម្មភាពទិញលក់អចលនទ្រព្យដែលមានតម្លៃមធ្យម ដោយក្នុងនោះតម្រូវការទីផ្សារមាន២ប្រភេទ គឺតម្រូវការទីផ្សារជាក់ស្ដែង និងតម្រូវការវិនិយោគ”។
លោក នី ទីណាត បានមានប្រសាសន៍បន្តទៀតថា “តម្រូវការជាក់ស្ដែងរួមមានដូចជាប្រភេទដីសម្រាប់សាងសង់លំនៅដ្ឋាន និងលំនៅដ្ឋានសម្រាប់ស្នាក់នៅ គឺចាប់ផ្តើមមានសកម្មភាពឡើងវិញ ជាពិសេសចំពោះលំនៅដ្ឋានតម្លៃសមរម្យដែលក្រោម១០ម៉ឺនដុល្លារ ឬលើស១០ជាងបន្តិចបន្តួច។ ដោយឡែកសម្រាប់វិស័យដីធ្លី ភាគច្រើនគឺមាននៅតាមជាយក្រុងសម្រាប់អភិវឌ្ឍលំនៅដ្ឋានដូចគ្នា ដែលសុទ្ធតែជាតម្រូវការទីផ្សារក្នុងស្រុកដូចគ្នា ប៉ុន្តែសម្រាប់គម្រោងធំៗនៃទីផ្សារមកពីក្រៅស្រុកគឺនៅមិនទាន់មាននោះទេ”។

លោក អុិន ណាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show Up Real Estate ដែលកំពុងមានគម្រោងជាច្រើននៅក្នុងដៃបានមានប្រសាសន៍ថា “ក្នុងរយៈពេលជាងកន្លះខែចុងក្រោយនេះ ជាពិសេសក្រោយភាពស្ងប់ស្ងាត់នៃការាលដាលជំងឺ Covid-19 នៅកម្ពុជា ទីផ្សារអចលនទ្រព្យបានចាប់ផ្តើមកម្រើកឡើងវិញបន្តិច ជាក់ស្ដែងដូចជាគម្រោងដែលក្រុមហ៊ុនរបស់ខ្ញុំកំពុងកាន់គឺមានការលក់ចេញជាបន្តបន្ទាប់ ទាំងគម្រោងលំនៅដ្ឋាន ក៏ដូចជាគម្រោងផ្នែកដីឡូតិ៍ផងដែរ”។
លោកបានមានប្រសាសន៍បន្តទៀតថា “អចលនទ្រព្យពេលនេះ គឺបានផ្តល់ផលចំណេញដល់អតិថិជន ជាពិសេសវិស័យលំនៅដ្ឋាន ដោយសារតែមានការអនុគ្រោះពន្ធប្រថាប់ត្រាពីរដ្ឋាភិបាល (តម្លៃក្រោម៧ម៉ឺនដុល្លារ) ដែលជាការចូលរួមលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងជំរុញការលក់នោះ អតិថិជនថែមទាំងទទួលបានការផ្តល់ជូននូវលក្ខខណ្ឌងាយស្រួលពីក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនទទួលលក់ផងដែរ ខណៈដែលតម្លៃក៏មានការបន្ទាបចុះ”។
លោកបញ្ជាក់ថា អុិន ណាង បានអះអាងថា ប្រសិនបើកម្ពុជានៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរលើការទប់ស្កាត់ការរីករាលដាលនៃជំងឺបាន មិនយូរទៀតនោះទេ ទីផ្សារអចលនទ្រព្យនឹងចាប់ផ្តើមមានចរន្តឡើងវិញ៕
