អ្នកជំនាញ​និយាយ​ពី​សារៈសំខាន់​នៃ​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​បានលើកឡើង​ថា ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ទូទាំង​ខេត្ត-ក្រុង​នៃ​ប្រទេស​កម្ពុជា គឺមាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​សំណង់​អគារផ្សេងៗ  ខណៈ​រហូតមក​ដល់ពេលនេះ​សម្រេចបាន​ចំនួន១៣ ក្នុងចំណោម​ស្រុក-ក្រុង​ចំនួន២៦ ។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate ធ្លាប់បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ប្លង់គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល ត្រូវ​បានកំណត់​ជាក់លាក់​ថា ដី​នៅក្នុង​ទីក្រុង​ណាមួយ​អាច​យកទៅ​ប្រើប្រាស់​អ្វី​បាន  ឬ​សាងសង់​អគារ​បាន​កំពស់​ប៉ុន្មាន​ជាន់​ជាដើម។

លោក​បន្តថា “នៅពេលដែល​យើង​មិនទាន់​មានច្បាប់​ប្រើប្រាស់​ដី​នេះ វា​មាន​ផល​លំបាក​ក្នុង​ការទិញ​ដី  ឬក៏​ត្រូវ​រៀបចំ​ឯកសារ​មុន​ក្នុង​ការសាងសង់​ទៅតាម​ប្រភេទ​ដែល​អាច​ធ្វើបាន  ហើយ​ត្រូវការ​ចំណាយលុយ​មុន ហើយ​ប្រការនេះ អ្នកវិនិយោគ​មិន​ចង់​មានការ​ចំណាយ​ច្រើន​នោះទេ។

លោក​បន្តថា “អ្វីដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​នេះ គឺជា​ការល្អ​ប្រើ​សើរ​បំផុត និង​អត្ថប្រយោជន៍​ខ្ពស់​សម្រាប់​អ្នកវិនិយោគ និង​អ្នករកស៊ី​ខាង​វិស័យ​ចលនទ្រព្យ ប្រជាពលរដ្ឋ​ធម្មតា និង​រដ្ឋាភិបាល ជាពិសេស​អាច​គ្រប់គ្រង​ទៅលើ​តាម​តំបន់​ដែល​រដ្ឋាភិបាល​បានដាក់​យុទ្ធសាស្ត្រ​ក្នុង​រៀបចំ​ក្រុង និង​មាន​ភាពងាយស្រួល​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ។

នាយិការ​ក្រុមហ៊ុន CBRE Cambodia ប្រចាំ​កម្ពុជា លោកស្រី អាន សុធី​តា បានឱ្យ ដឹង​ដែរ​ថា ការរៀបចំ​ឱ្យមាន​ការ​ប្លង់គោល​ប្រើប្រាស់​ដី​នៅ​គ្រប់​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា វា​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ក្រុង  និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រយៈពេល​វែង​ទៅមុខទៀត ។

លោកស្រី​បន្តថា “ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ចំពោះ​ប្លង់គោល​ប្រើប្រាស់​ដី​នេះ ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យផ្សេងៗ ជាពិសេស​លើ​ការរៀបចំ​នគរូបនីយកម្ម និង​សំណង់​ក្នុង​ខេត្ត​ក្រុង​នានា។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា រហូតមកដល់​ពេលនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​ធ្វើការ​កំណត់​នៃ​ការប្រើប្រាស់​ដី​តាម​ប្លង់គោល​នៅតាម​បណ្តា​ស្រុក-ក្រុង​នៅ​ទូទាំងប្រទេស​បាន​ចំនួន១៣ ក្នុងចំណោម​ស្រុក-ក្រុង​ចំនួន២៦ ។

លោក​បន្តទៀតថា “សម្រាប់​ផែនការ​រៀបចំ​ដែនដី​ថ្នាក់​រាជធានី-ខេត្ត​បាន​ចំនួន៣ខេត្ត គឺ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង ដែល​ផែនការ​នៃ​ការរៀបចំ​ដែនដី​នេះ ពិតជា​មាន​សារសំខាន់​បំផុត​ក្នុងការ​រៀបចំ និង​កំណត់​នូវ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​បែងចែក​នៃ​ការប្រើប្រាស់​ដី ដើម្បី​ឈានទៅរក​ការអភិវឌ្ឍ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​នឹង​កំពុង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​នៅ​គ្រប់​រាជធានី-ខេត្ត  និង​រៀបចំ​ទុកជា​ឯកសារ​យុទ្ធសាស្ត្រ​គោល បម្រើឱ្យ​ម​ហិ​ច្ឆិ​តា​របស់​រាជរដ្ឋាភិបាល និង​គោលដៅ ទស្សនវិស័យ​ដល់​ឆ្នាំ២០៣៥ ក្នុងការ​គ្រប់គ្រង​តំរង់ទិស​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ទាំងឡាយ​នៅជាប់​ជុំវិញ ឆ្លើយតបបាន​នឹង​កំណើន​នៃ​ការវិនិយោគ​ឯកជន និង​ចំនួន​ប្រជាជន តាមរយៈ​ការតម្រង់ទិស និង​ជម្រុញ​ការវិនិយោគ​សាធារណៈ ស្របតាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here