អ្នកជំនាញ​បង្ហើប​ប្រាប់​ពី​តំបន់​របស់​ទីផ្សារ​លំនៅដ្ឋាន​ក្នុង​បុរី​ដែល​កំពុងមាន​តម្រូវការ​ច្រើន​ពី​អតិថិជន

0

ដោយ ហ្សូ​លី

ភ្នំពេញ៖ ទីផ្សារ​លំនៅដ្ឋាន​ក្នុង​បុរី​កំពុងមាន​រីក​ស្គុះស្គាយ​ពេញ​ប្រទេស​កម្ពុជា មិន​ថា​នៅក្នុង​ទីក្រុង ទីប្រជុំជន​ឬ​នៅតាម​បណ្តារ​ជាយក្រុង​ទេ ដោយឡែក​បច្ចុប្បន្ន​ដោយ​សារ​ការរីក​រាលដាល​នៃ Covid-19 ដូច្នេះ​តម្រូវការ​មានភាពខុសៗគ្នា ចំណែកឯ​តំបន់​ដែល​កំពុងមាន​សក្តានុពល​ក៏មាន​ភាពខុសគ្នា​ដែរ ទើប​អ្នកជំនាញ​ឆ្លៀតឱកាស​មក​បង្ហាញ​ប្រាប់​ពី​តំបន់​របស់​លំនៅដ្ឋាន​ក្នុង​បុរី​ដែល​កំពុងមាន​សន្ទុះ​តម្រូវការ។

លោក ហៃ រ៉ាវី នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Daily Realty Group បាន​ថ្លែងប្រាប់​គេហទំព័រ Property Area Asia នៅ​រសៀល​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០ នេះ​ថា លំនៅដ្ឋាន​ក្នុង​បុរី និង​ដី កំពុង​តែមាន​ទីផ្សារ​ច្រើន​នៅពេល​បច្ចុប្បន្ន ហើយ​តំបន់​ដែលមាន​ភ្ញៀវ​សម្រុក​ទៅ​ទិញ​ច្រើន​នោះ​មានដូចជា ខណ្ឌ​ច្បារអំពៅ ខណ្ឌ​សែន​សុខ ជាដើម។

លោក​បន្តថា មូលហេតុ​ដែល​អ្នក​ជាវ​អចលនវត្ថុ​សម្លឹង​រក​តំបន់​ទាំងនោះ​ច្រើន ព្រោះតែ​តម្លៃ​នៅ​ទីនោះ​មាន​ភាព​ធូរ​ថ្លៃ ប៉ុន្តែ​ខណ្ឌទួលគោក ខណ្ឌ​បឹង​កេងកង​វិញ មិនសូវ​ជាមាន​បុរី​ច្រើន​ប៉ុន្មាន​ទេ គឺ​មានតែ​បុរីពីមុនៗដែលមាន​តម្លៃ​ថ្លៃ។ ជាធម្មតា តំបន់​ដែលមាន​តម្លៃ​ដី​ធូរ​ច្រើន​តែមាន​តម្រូវការ​ច្រើនជាង​តំបន់​មានតម្លៃ​ដី​ថ្លៃ។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​រូបនេះ​បន្ថែមថា សូម្បីតែ​ខណ្ឌ​ព្រែក​ព្នៅ​ក៏មាន​តម្លៃ​សមរម្យ​ផងដែរ ដោយសារតែ​តម្លៃ​ដី​នៅ​ធូរ​ដូច្នេះហើយ​ទើប​មានការ​សាងសង់​ច្រើន។ និយាយ​ជារួម តម្រូវការ​តំបន់​នេះ​មាន​ច្រើន​ព្រោះ​ទីនោះ​មាន​សក្តានុពល​អភិវឌ្ឍ​ដូចជា រោងចក្រ ឃ្លាំង អាជីវកម្ម​មួយចំនួន​លើក​ទៅ​ម្តុំ​នោះ ទើប​បណ្តាលឱ្យ​ប្រជាជន​ដែល​ចង់​វិនិយោគ​អាច​រស់នៅ​និង​ប្រកប​អាជីវ​កម្មបាន។

ទន្ទឹមនេះ អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Easy Property បាន​លើកឡើងថា លំ​នោ​ដ្ឋា​ន​ក្នុង​បុរី​នៅ​ម្តុំ​ខណ្ឌ​កំ​ប៉ូល ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌដង្កោរ មាន​អតិថិជន​ច្រើន​ដោយសារតែ​តម្លៃ​មាន​ភាព​ធូរ​ថ្លៃ​ច្រើន​ក្រោម ៧ម៉ឺន​ដុល្លារ ឬ​លើ​ហ្នឹង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

លោក​រៀបរាប់ថា ការពិត​ដោយសារតែ​ភ្ញៀវ​ភាគច្រើន​ជា​អ្នករស់នៅ​តំបន់​ទាំងនោះ​ស្រាប់​ឬក៏​នៅ​ឆ្ងាយ​ពី​ហ្នឹង​បន្តិច ឬក៏​គាត់​អាច​រកស៊ី​នៅជិតៗតំបន់​នោះ ទើប​សម្រេច​ថា​ទិញ​តែម្តង។ ម្យ៉ាង​ដោយសារ​បុរី​ច្រើនតែ​សាងសង់​នៅ​កៀក​នឹង​ផ្សារ ឬ​តំបន់​រកស៊ី។ ចំណែកឯ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​លើ ៧ម៉ឺន​ដុល្លារ​វិញ​អាច​ខិត​មក​ចូល​ក្រុង​បន្តិច​ដូចជា​នៅ​ម្តុំ​វេ​ង​ស្រេង និង​ឬ​ស្សី​កែវជា​ដើម តែ​ទៅតាម​ទំហំ​ដែរ អាច​ដល់១០ម៉ឺន​ដុល្លារ​បើសិនជា​ផ្លូវ​មុខ និង​ក្រោម ១០ម៉ឺន​បើសិនជា​នៅ​ផ្លូវ​ខាងក្នុង។

ដោយឡែក លោកស្រី តាំង ហ៊ួ​រ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service បានឱ្យដឹងថា បុរី​លំនៅដ្ឋាន​ដែល​នៅតាម​ជាយក្រុង​អាចមាន​ចរន្ត​ទិញ​លក់ លុះត្រាតែ​គម្រោង​នោះ​មានតម្លៃ​លក់​ល្អ ឬក៏​ជា​ប្រភេទ​ផ្ទះ​លក់​ប្រញាប់។ នៅតាម​តំបន់​ផ្លូវជាតិ​លេខ ១ ផ្លូវជាតិ​លេខ ២ ជាដើម គឹ​មាន​ចលនា​ទិញ​លក់​ប្រសិនជា​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here