លោក អ៉ិន ណា​ង ៖ ចង់​ចំណេញ​ពី​ការវិនិយោគ​ដី គប្បី​យល់ច្បាស់​ពី​ចំណុច​សំខាន់​ចំនួន៣

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ មនុស្ស​ជាច្រើន​បាន​និយាយថា ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​ការទិញ-លក់​ដីធ្លី គឺជា​រឿង​ងាយស្រួល និង​ឆាប់​មាន​បំផុត ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការគិត​នោះទេ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ  Show Up Real Estate លោក អ៉ិន ណា​ង បាន​ចែករំលែក​នូវ​ចំណេះដឹងខ្លីៗដែលជា​គោលការណ៍​គ្រឹះ និង​ជា​ទុន​យ៉ាងសំខាន់​សម្រាប់​ឈរជើង និង​រកស៊ី​បានយូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ ប្រកបដោយ​ភាពជោគជ័យ​ខ្ពស់។

លោក អ៉ិន ណា​ង បាន​មានប្រសាសន៍ថា “ការចូល​ខ្លួន​មក​ប្រឡូក ឬ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​វា​មិនមែនជា​រឿង​លំបាក និង​ពិបាកធ្វើ​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ភាពរឹងមាំ ដែល​អាចឈរជើង និង​រកស៊ី​នៅក្នុង​សង្គម​ដែល​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​មួយ​នេះ​បានយូរ​អង្វែង និង​ទទួល​ភាពជោគជ័យ។ ឧ​ទារ​ហណ៍​ថា ប្រសិនបើ​ចំណាយលុយ​ទិញ​ដី​សម្រាប់​វិនិយោគ គឺ​ត្រូវតែមាន​ទំនុកចិត្ត​ខ្ពស់​ថា នឹង​អាច​ទទួលបាន​ចំណេញ។

លោក​បាន​បញ្ជាក់ថា សម្រាប់​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ ថវិកា​ដែលជា​ទុន​ដំបូង វា​គឺជា​ចំណុច​សំខាន់​មិនអាច​ខ្វះ​បាន ប៉ុន្តែ​នៅមាន​ធាតុ​ផ្សំផ្សេងៗមួយចំនួនទៀត ដែល​អ្នករកស៊ី​នៅក្នុង​វិស័យ​មួយ​នេះ គប្បី​ត្រូវតែមាន នោះ​គឺ​ចំណេះដឹង ភាព​ឆ្លាត​វៃ និង​ស្វែងយល់​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នានា​ជាច្រើន​ទៀត​ដូចជា៖

១- ចេះ​សិក្សា​ពី​តម្លៃ​ក្នុងស្រុក ៖ នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុងពេល​បច្ចុប្បន្ន ស្គាល់​ពី​តំបន់នីមួយៗ ជាពិសេស​គឺ​តំបន់​កំពុងអភិវឌ្ឍន៍ និង​តំបន់​គ្រោង​អភិវឌ្ឍន៍។ នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការលក់ -ទិញ ដោយ​ទទួលបាន​ផលចំណេញ​ច្រើន។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ។

២- កុំ​មើលរំលង​តំបន់​ជាយក្រុង ៖ នៅពេល​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន តំបន់​ក្រុង​កាន់តែ​ចង្អៀត នោះ​ក្រុម​អ្នកវិនិយោគ​នឹង​ងាក​ទៅកាន់​តំបន់​ជាយក្រុង​វិញ​ម្ដង ដូច្នេះ អ្នក​ត្រូវ​ដឹងថា បច្ចុប្បន្ន​តើ​ការអភិវឌ្ឍ​នៅក្នុង​ទីក្រុង​ដល់​កម្រិតណា ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេលណា? ឆ្ពោះទៅ​ទិស​មួយណា? នៅពេលដែល​អ្នក​ដឹងថា តំបន់​ជាយក្រុង​ណាមួយ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​អាទិភាព នោះ​អ្នកនឹង​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ និង​ការទទួលបាន​ផលចំណេញ​ពី​ពី​ការវិនិយោគ។

៣- តាមដាន​ព័ត៌មាន​ឱ្យបាន​ល្អិតល្អន់ ៖ ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នឯកជន ឬ​រដ្ឋ ដើម្បី​ទទួលបាន​ព័ត៌មាន​នានា លើ​វិស័យ​អចលនទ្រព្យ ព្រោះ​អ្នកនឹង​ដឹងថា តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍ តំបន់​ណា​នឹងត្រូវ​រដ្ឋាភិបាល​រក្សាទុក ។ ម្យ៉ាងទៀត រាល់​ការ​មាន​ទំនាក់ទំនង​ល្អ មិន​ថា​ចំពោះ​ស្ថាប័នរដ្ឋ ឬ​ឯកជន​នោះទេ អ្នក​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ទាំង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ទាំង​ការពង្រីក​ទីផ្សារ​របស់​អ្នក​កាន់តែ​ទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here