ដោយ គង់ ម៉ាលីន
ភ្នំពេញៈ គណៈកម្មការរៀបចំផែនការមេទេសចរណ៍ខេត្តមណ្ឌលគីរី គាំទ្ររាជរដ្ឋាភិបាល ចំពោះគម្រោងសាងសង់ព្រលានយន្តហោះ ដែលជាតម្រូវការដ៏សំខាន់ ដើម្បី អភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី។
អង្គប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ឧសភាកន្លងមកបានឲ្យដឹងថា ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ចាំបាច់ត្រូវមានការចូលរួមពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ពន្ធផ្នែកដឹកជញ្ជូន ពិសេសគឺការបង្កើតព្រលានយន្តហោះថ្មី ដែលមានតួនាទីសំខាន់ ក្នុងការបម្រើការដឹកជញ្ជូនទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជាបន្លែ ផ្កា ផ្លែឈើទៅកាន់គោលដៅនានាក្នុងប្រទេស។
រាជរដ្ឋាភិបាលបានកំណត់រួចមកហើយថា ខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅអេកូទេសចរណ៍ដ៏ធំរបស់កម្ពុជា ដែលត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ គណៈកម្មការអន្តរក្រសួង បានបង្ហាញការគាំទ្រ ចំពោះការងារសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរីនេះ ដោយកំណត់ថា វិស័យទេសចរណ៍ ពិសេសវិស័យអេកូទេសចរណ៍ ជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត បន្ទាប់មក គឺវិស័យកសិកម្ម ដែលមានសក្ដានុពលខ្លាំងបំផុត ដូចជាការដាំដុះបន្លែសេរីរាង្គដ៏មានរសជាតិឆ្ងាញ់ពិសា ផ្កាល្អៗ ផ្លែឈើ កាហ្វេ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងទូទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួលឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងព្រលានយន្តហោះ ដែលគណៈកម្មការអន្តរក្រសួង សូមគាំទ្រទាំងស្រុងចំពោះ រាជរដ្ឋាភិបាលដែលបានរៀបចំ គម្រោងកសាងព្រលានយន្តហោះមួយនៅខេត្តមណ្ឌលគិរី សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅភូមិភាគនិរតី តំបន់ទេសចរណ៍នៅភាគពាយព្យ មានខេត្តបាត់ដំបងជាដើម។
លោកបានបន្ថែមថា “ទៅថ្ងៃអនាគតព្រលានយន្តហោះ ខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗ ផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ” ។
អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង បានលើកឡើងពីសក្ដានុពលទេសចរណ៍ និងតំបន់ទេសភាពទាក់ទាញប្រមាណ៣៩កន្លែង ក្នុងនោះមានទាំងតំបន់ទឹកជ្រោះ និងទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋានទេសចរណ៍កែច្នៃ ជ្រលងដងអូរ និងភ្នំធម្មជាតិ ចម្ការដំណាំចម្រុះពូជដែលអំណោយផល ដល់វិស័យកសិទេសចរណ៍ និងបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ម្យ៉ាងទៀត ទេសភាពតាមដងផ្លូវនៅក្នុងខេត្ត ក៏ផ្ដល់នូវភាពស្រស់ត្រកាល គួបនឹងអាកាសធាតុអំណោយផលដល់ការទស្សនា និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរផងដែរ។
អភិបាលខេត្តបានបន្តថា ការកសាងផ្លូវទៅច្រកទ្វារព្រំដែន ជាចំណុចចាំបាច់សម្រាប់តភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងសម្រួលដល់ការដឹកជញ្ជូនកសិផល ទំនិញរបស់ប្រជាពលរដ្ឋទៅកាន់ប្រទេសជិតខាង ពិសេសគឺប្រទេសវៀតណាម។
លោករដ្ឋមន្ត្រី ថោង ខុនបានបង្ហាញការជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ត្រូវតែជាផែនការដែលមានលក្ខណៈ សមាហរណកម្មជាមួយវិស័យផ្សេងៗ (Intergrated Master Plan) ពិសេសប្លង់គោលប្រើប្រាស់ដីធ្លី (ដែលក្រសួងរៀបចំដែនដីកំពុងរៀបចំ) ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺជាគោលដៅអេកូទេសចរណ៍ចម្បងរបស់ប្រទេសជាតិ។
សេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី អាចនឹងត្រូវបញ្ចប់នៅដំណាចខែសីហា ឆ្នាំ២០២០ នេះ៕