ហេតុអីជប៉ុនជួយពង្រីកផ្លូវជាតិលេខ៥របស់កម្ពុជា?

0

ដោយ វុត្ថា

ភ្នំពេញ៖ តើអ្នកធ្លាប់មានចម្ងល់ទេ ហេតុអីជប៉ុនជួយកសាងស្ពានអ្នកលឿង និងពង្រីកផ្លូវជាតិលេខ៥? ដែលជាច្រករបៀងតភ្ជាប់ភាគខាត្បូងកម្ពុជា ស្របពេ​លកំណាត់ផ្លូវជាតិលេខ៥ដំណាក់កាលទី១ បានប្រកាសសម្ភោធស្ថាបនាពង្រីកនាព្រឹកថ្ងៃទី២៦ មិនានេះ។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ដំណាក់កាលទី១នេះ មានប្រវែងសរុប៨៤,៧៤គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបង ទៅសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដោយចាប់ផ្តើមពីគីឡូម៉ែត្រលេខ ២៨២+០០០ ទៅគីឡូម៉ែត្រលេខ ៣៦៧+៨០៤ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC)កម្រាស់១៥សង់ទីម៉ែត្រ ដែលមានទទឹង២៣ម៉ែត្រ និងមាន៤គន្លង។ខណ្ឌដោយសួនទ្រូងផ្លូវទទឹង៣ម៉ែត្រ សម្រាប់យានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍។

គម្រោងនេះប្រើរយៈពេល ៣៦ខែ ដោយចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០១៨ គ្រោងនឹងចំណាយទឹកប្រាក់សរុប ១៩ ៩៨៨ លានយេនជប៉ុន ស្មើនឹង ១៨៥ លានដុល្លារអាមេរិក ក្រោមគម្រោងឥន្ទទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សាងសង់ដោយក្រុមហ៊ុន Tekken Taiyu Joint Venture  និងក្រុមហ៊ុន Daiho Asanuma Joint Venture និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Katahira  & Engineers International។ សូមបញ្ជាក់ដំណាក់កាលទីពីរ គឺពីព្រែកក្ដាមទៅខេត្តពោធិសាត់ និងដំណាក់កាលទីបី ពីពោធិសាត់ទៅបាត់ដំបង និងពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត (ព្រំប្រទល់ថៃ)។

ហេតុអ្វីជប៉ុនជួយកសាងផ្លូវនេះ និងពង្រីកសក្តានុពលនៅច្រករបៀងភាគខាងត្បូងកម្ពុជា? ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន​បានបញ្ជាក់ថា ដោយសារប្រទេសមានសន្តិភាព និងស្ថេរភាពនយោ​បាយពេញលេញ បានធ្វើឱ្យផ្លូវជាតិលេខ៥ មានភាពមមាញឹក ក្នុងការដឹកផលិត​ផលកសិកម្មរបស់ប្រជាពលរដ្ឋ ទៅកាន់ទីផ្សារគោលដៅ និងបានទាក់ទាញវិនិយោគិ​នគ្រប់វិស័យ និងមានភ្ញៀវទេសចរចូលមកទស្សនា ប្រទេសកម្ពុជាកើនឡើងជាលំដាប់។ លើសពីនេះទៅទៀតផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ចកើត លិចទី២ ដ៏សក្ដានុពល សម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាងទីក្រុងបាកក ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។

លើសពីនេះទៅទៀត បន្ទាប់ពីសាងសង់រួច ស្របតាមការទទួលផលពីការអភិវឌ្ឍប្រកបដោយសមធម៌ ផ្លូវជាតិលេខ៥ នឹងជួយឱ្យប្រជាពលរដ្ឋទូទាំងប្រទេ​ស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ មានឱកាសបង្កើតមុខរបរ ពង្រីកមុខរបរ និងមានការងារធ្វើគ្រប់ៗគ្នាទៅតាមជំនាញ និងទេពកោសល្យរបស់ខ្លួន ដែលធ្វើឱ្យជីវភាពរបស់គាត់ មានភាពសម្បូរសប្បាយមួយកម្រិតទៀត។

លោកបន្តថា “ផ្លូវនេះបានភ្ជាប់គ្រប់ច្រកល្ហក ពីតំបន់ភាគខាងលិច មកតំប​ន់​ភាគខាងកើត និងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលគឺ “ប្រែក្លាយប្រទេសកម្ពុជាពីប្រទេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្មន៍”។

លោកស៊ុន ចាន់ថុលបានសំណូមពរដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលមានភូមិស្ថាននៅតំបន់នោះ បន្តសហការ និងជំរុញឱ្យគម្រោងនេះ សម្រេចបានជោគជ័យជាស្ថាពរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here