ក្រុមហ៊ុន​ចិនបោះទុន ​​​១០០លានដុល្លារ សាងសង់ខុនដូកប់ពពកថ្មីមួយ ​​​​​​​

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន 4Season Construction ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រេចចិត្តបោះទុនវិនិយោគ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូកប់ពពកកំពស់៣៣ជាន់ថ្មីមួយនៅកណ្តាលរាជធានីភ្នំពេញ ខណៈទីផ្សារ​ខុនដូកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជា។

ក្រុមមហ៊ុន CSCEC ដែលជាក្រុមហ៊ុនសាងសង់អគារលំដាប់ថ្នាក់ទី១នៅឆាកអន្តរជាតិរបស់ប្រទេសចិន ជាអ្នកសាងសង់ខុនដូដែលមានឈ្មោះថា Le Bassac ស្ថិតនៅលើមហាវិថីព្រះស៊ីហនុ កែងនឹងផ្លូវលេខ២៩៥ ។

អគ្គនាយកក្រុមហ៊ុន 4Season Construction លោក Lu Hong Zhong បាន​​ថ្លែងក្នុងពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ថា ដោយមើលឃើញពីស្ថានភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើប​លោកសម្រេចចិត្តបោះទុន​​វិនិយោគដ៏ច្រើននេះ​។ ​​​​​​នេះជាគម្រោងទី១ សម្រាប់ក្រុមហ៊ុនរបស់លោក ដែលបានវនិយោគលើគម្រោងអគារលំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ និងស្ថិតនៅក្នុងការខិតខំប្រឹងប្រែង សំរិតសំរាងនូវការបំពាក់បច្ចេក​វិទ្យាសុវត្ថិភាព ផាសុខភាពនិងគំនិតច្នៃប្រឌិត ។

លោក​បន្ថែមទៀតថា គម្រោងនេះនឹងសាងសង់នៅលើផ្ទែដីជាង២៩០០ម៉ែត្រការ៉េ មាន៤១៧បន្ទប់ និងមានបំពាក់សេវាកម្មជាច្រើនដូចជា អាងហែលទឹក និងកន្លែងហាត់ប្រាណនៅជាន់ទី៣១។ គំរោងនេះ ​​​គ្រោងចំណាយពេលសាងសង់រយៈពេល៣ឆ្នាំ។

គម្រោងអគារខុនដូ Le Bassac មិនត្រឹមតែជាការវិនិយោគរកប្រាក់ចំណូលតែប៉ុណ្ណោះទេ  ហើយ​​គម្រោងនេះបានដាក់ទិសដៅឆ្ពោះទៅដណ្តើមយកពានរង្វាន់ Luban Award គឺជាពានរង្វាន់កិត្តិយសខ្ពស់បំផុត សម្រាប់គម្រោងសាងសង់នៅក្រៅប្រទេស ដែលមានគុណភាពល្អឥតខ្ចោះប្រចាំប្រទេសចិន​​។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodiaបានរកឃើញថា ការលក់ខុនដូនៅកម្ពុជាបានកើនឡើង១ភាគរយនៅក្នុងឆ្នាំនេះ ដោយកើនពី៦០ភាគរយកាលពីឆ្នាំមុន ដល់៦១ភាគរយនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។

ចំនួនខុនដូនៅកម្ពុជាបានកើនឡើងជិតដល់៥០,០០០យូនីតហើយនាពេលបច្ចុប្បន្ននេះ ខណៈគំរោងខុនដូជាច្រើនបាននិងកំពុងសាងសង់ និងដាក់ចូលទីផ្សារ៕      

LEAVE A REPLY

Please enter your comment!
Please enter your name here