តោះទៅមើលសក្តានុពលអចលនទ្រព្យក្នុងខេត្តកំពង់ចាម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុងកំពង់ចាមហាក់ដូចជាគេបំភ្លេចចោលយូរហើយ ដោយសារប្រជាជនខេត្តនេះបានធ្វើចំណាកស្រុកច្រើន ដើម្បីស្វែងរកឧត្តមភាពក្នុងជីវិត ខណៈសក្តានុពលរបស់ខេត្តមិនទាន់ទាញយកមកប្រើប្រាស់ឲ្យអស់សក្តានុពលនៅឡើយ។ ជាខេត្តទើបបានបំបែកជាពីរ ក្នុងអាណត្តិរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ខេត្ត​កំពង់ចាម នៅតែត្រូវគេមើលឃើញថា ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចមួយ​ក្នុងចំណោម ខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត។

លោកសៀវ សុផលអតីតភ្នាក់ងារលក់ផ្តាច់មុខបុរីពិភពថ្មីបានថ្លែងឲ្យដឹងតាមទូរ ​ស័ព្ទកាលពីពេលថ្មីៗនេះថា ដោយសារមើលឃើញសក្តានុពលរបស់ខេត្ត និងជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានជីវភាពធូរធារ ទើបលោកឧកញ៉ាហុង ពីវអគ្គនា យកបុរីពិភពថ្មីបានសម្រេចសាងសង់បុរី ដែលមានលក្ខណៈជាមជ្ឈមណ្ឌលពាណិជ្ជកម្មជា​លើកតំបូងក្នុងក្រុងកំពង់ចាម។

បុរីពិភពថ្មីក្នុងក្រុងកំពង់ចាម សាងសង់លើទំហំដី៣.៥ហិកតា  ដែលមានទីតាំងនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម។

លោកសៀវ សុផលបានបន្តថា គំរោងបុរីពិភពថ្មីសាងសង់ផ្ទះប្រភេទអាជីវកម្មសុទ្ឋ ដែលមានផ្ទះចំនួន២៧០ល្វែង និងលក់ក្នុងតំលៃចាប់ពី៦៨ ០០០ដល់១៨ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក។លោកបន្តថា ខ្ញុំជឿថាគំរោងនេះ នឹងទទួលបានជោគ ជ័យ ដោយសារលោកឧកញ៉ាហុង ពីវអ្នកវិនិយោគគំរោងនេះមានកេរ្ត៍ឈ្មោះល្អ ដែលមានការទទួលស្គាល់ ពីប្រជាពលរដ្ឋជាច្រើនលើគុណភាព សោភ័ណភាពបុរីពិភពថ្មី ដែលបាននិងកំពុងទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុន Century21 Cambodia ដែលបានចុះទៅកាន់ខេត្តនេះកាលពីសប្តាហ៍មុនបានថ្លែងថា ដំណើររបស់លោក ដើម្បីពិនិត្យពីគំរោងរបស់អ្នកទិញ Franchise របស់ក្រុមហ៊ុន Century21 នៅខេត្តកំពង់ចាម និងបានឆ្លៀតពេលចុះពិនិត្យទីតាំងរបស់គំរោងនេះ ដែលលោកគ្រោងនឹងបើកសាខា ភោ​ជនីយដ្ឋាន Park Cafe នៅតំបន់នេះ ដោយសារលោកមើលឃើញសក្តានុពលរបស់ខេត្តកំពង់ចាម ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ចផងដែរ។

លោកបន្តថា “ខ្ញុំមានគំរោងទិញលំនៅដ្ឋានក្នុងបុរីនេះ ដោយសារវាជាតំបន់មាន​សក្តានុពល និងអាចរកប្រាក់ចំណេញបាន”។លោកបន្តថា “កំពង់ចាមជាក្រុង​មិនទាន់មានការកែច្នៃច្រើននៅឡើយ ជាខេត្តល្អសម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេ​ស ព្រោះបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះចំណាយពេលជាង១ម៉ោង​ប៉ុណ្ណោះ”។

ទោះជាយ៉ាងណាលោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Founda tion Appraisals បានថ្លែងឲ្យដឹងផងដែរថា ការអភិវឌ្ឍបុរីនៅក្រុងកំពង់ចាម ដែលជាចំណុចបេះដូងនៃទីក្រុងនេះ មានសក្តានុពល៥០លើ៥០ ដោយសារក្រុងកំពង់ចាមមានមនុស្សរស់នៅតិច និងជាខេត្តទើបបំបែកជាពីរ ដែលធ្វើឲ្យខេត្តនេះអស់ច្រកសេដ្ឋកិច្ច ភ្ជាប់ជាមួយប្រទេសជិតខាងទាំងអស់ ដូច្នេះសក្តានុពលរបស់​ខេត្តហាក់មានកម្រិត។

លោកបន្តថា “ការវិនិយោគបុរីនៅក្រុងកំពង់ចាម អាចធ្វើតូចល្មម មិនគួរធ្វើធំ​ដូចរាជធានីភ្នំពេញទេ ព្រោះរាជធានីភ្នំពេញជាតំបន់ពហុសេដ្ឋកិច្ច និងមានកំណើន​ប្រជាពលរដ្ឋច្រើន”។លោកបន្តថា “ប្រសិនជានិយាយពីទីតាំងបុរីពិភពថ្មី ក្នុងក្រុងកំ​ពង់ចាម វាជាទីតាំងល្អ មិនមានហានិភ័យនោះទេ ប៉ុន្តែអ្វីសំខាន់ត្រូវមើលថា តើទិញ ហើយមានអ្នកជួលឬអត់ តែប្រសិនជាទិញសម្រាប់រស់នៅឬធ្វើអាជីវកម្មខ្លួនឯងជាការល្អ”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ការវិនិយោគបុរីឬអចលនវត្ថុនៅក្នុងខេត្តនានាក្រៅពីរាជធានីភ្នំពេញ ជាការលើកកំពស់មុខមាត់ប្រទេស និងអភិវឌ្ឍន៍សេដ្ឋ​កិច្ចរបស់ខេត្ត ប៉ុន្តែប្រសិនជាមានបុរីណាមួយធ្វើហើយ សូមកុំទៅប្រកួតប្រជែងជា​មួយគាត់អី ដើម្បីកុំឲ្យមានហានិភ័យក្នុងការវិនិយោគ ព្រោះសក្តានុពលនៅតាម​បណ្តាខេត្តមួយចំនួនដូចជាកំពង់ចាម ត្បូងឃ្មុំឬខេត្តតាកែវនៅមានកម្រិតនៅឡើយ។

តំលៃដីក្នុងក្រុងកំពង់ចាម សម្រាប់តំបន់ពាណិជ្ជកម្មស្របតាមផ្លូវជាតិលេខ៧ មានតំលៃចន្លោះ១៥០០ទៅ២៥០០ដុល្លារ និង​ដីលំនៅដ្ឋាន ដីឡូត៍ក្នុងទីក្រុងនេះមានតំលៃចន្លោះពី២០០ ទៅ៥០០ដុល្លារប៉ុណ្ណោះក្នុង​មួយម៉ែត្រការ៉េ។លោកនួន រិទ្ឋីបញ្ជាក់​ឲ្យដឹង។

លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុន TOWN CITY Real Estate បានថ្លែងថា សម្រាប់បច្ចុប្បន្ននេះ មិនថាតែក្រុងកំពង់ចាមនោះទេ គឺយើងឃើញមានអ្នកវិនិ​យោគក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍វិនិយោគនៅតាមបណ្តាខេត្តនានាផងដែរ ប៉ុន្តែសម្រាប់ខេត្តកំពង់ចាម នៅតែជាខេត្តមានសក្តានុពលសេដ្ឋកិច្ច បន្ទាប់ពីសៀម​រាប កំពង់សោម ព្រោះខេត្តនេះមានប្រជាពលរដ្ឋច្រើន ហើយជីវភាពប្រជាពលរដ្ឋ​ក៏​មានភាពល្អប្រសើរផងដែរ។

លោកបន្តថា “ប្រសិនជាមានការអភិវឌ្ឍន៍ជាផ្ទះអាជីវកម្ម នៅក្នុងតំបន់ពាណិ​ជ្ជកម្មរបស់ខេត្ត មិនមានបញ្ហានោះទេ ដោយសារខេត្តនៅសល់ផ្ទះបន្សល់ទុកពីជំនាន់មុនច្រើន ហើយក៏មានតំលៃថ្លៃដែរ ដូច្នេះការមានជម្រើសថ្មីជារឿងល្អប្រសើរ”។

លោកហោ ធារិទ្ឋប្រជាពលរដ្ឋរស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់​ចាមបានថ្លែងថា តំលៃអចលនទ្រព្យក្នុងក្រុងកំពង់ចាម ស្ថិតនៅក្នុងសភាពទ្រឹងក្នុងឆ្នាំនេះ ប៉ុន្តែសក្តានុពលរបស់ខេត្តនៅតែមាន ដោយសារជីវភាពរបស់ពួកគេកាន់តែ​មានភាពប្រសើរឡើង បើទោះជាមានប្រជាជនចំណាកស្រុកច្រើនក៏ដោយ ប៉ុន្តែពួកគេតែងតែចេញចូលទៅមកនៅក្នុងខេត្ត។លោកបន្តថា ការវិនិយោគបុរីពិភពថ្មីនៅក្រុងនេះ មានប្រជាពលរដ្ឋចាប់អារម្មណ៍ច្រើន ប៉ុន្តែប្រជាពលរដ្ឋពួកគេមិនទិញគំរោងនោះទេ ទាល់តែសាងសង់ផ្ទះរួចទើបពួកគេទិញ ដោយសារកាលពីប៉ុន្មានឆ្នាំមុន មានអ្នកមកវិនិយោគប្រមូលប្រាក់រួច ក៏មិនបានសាងសង់លំនៅដ្ឋានតាមការសន្យា ដែលធ្វើឲ្យប្រជាពលរដ្ឋរាងចាល។

លោកបន្តថា “ការលក់បុរីពិភពថ្មីអាចទទួលបានជោគជ័យ តែអាចមានល្បឿ​នយឺត ដោយសារប្រជាពលរដ្ឋមានជីវភាពធូរធារក្នុងខេត្ត បានទិញលំនៅដ្ឋានច្រើន​នៅក្រុងភ្នំពេញរួចទៅហើយ”។លោក​បន្តថា “តំលៃដាក់ចេញរបស់បុរីនេះ ហាក់ខ្ពស់បន្តិច ធៀបនឹងចំណូលប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រោះបើគិតចំណូលរបស់អ្នកធ្វើការក្នុងខេត្ត មិនខ្ពស់នោះទេ ធៀបជាមួយអ្នកធ្វើការនៅរាជធានីភ្នំពេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here