ក្រសួងសេដ្ឋកិច្ច! សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំនើនក្នុងរង្វង់៧ភាគរយរយៈពេល២ឆ្នាំទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ដោយសារ​ស្ថា​នភាពម៉ាក្រូសេដ្ឋកិច្ចឆ្នាំ​២០១៧ មានស្ថិរភាពល្អប្រសើរ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹ​ងថា​នឹងនៅបន្ត​កំ​ណើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០១៨នេះ ដោយសារកំលាំងចលករទ្រទ្រង់​សេដ្ឋកិច្ចនៅតែមានភាពរ៉ឹងមាំ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ក្របខណ្ឌគោល​នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀប​ចំ​សេ​ចក្តីព្រៀងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​២០១៩ ​បានឲ្យដឹងកាលពីម្សិលម៉ិញ​នេះថា ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៧ មានស្ថិរភាពល្អគឺការបន្ត​សម្រេច​បានកំនើ​ន​ប្រមាណ៧ភាគរយ ដោយគាំទ្រដោយកំណើនរឹងមាំនៃវិស័យសំណង់ ការបន្តកំណើននៃ​វិស័យកាត់ដេរ និងវិស័យកសិកម្ម ជាពិសេសការងើបឡើងវិញខ្លាំងលើវិស័យទេសចរណ៍ រួមជាមួយវិស័យលក់ដុំ និងលក់រាយ ។

ជាមួយនឹងកំនើនល្អប្រសើរនៃវិស័យទាំងនេះ ក្រសួងសេដ្ឋកិច្ចរំពឹងថានៅឆ្នាំ២០១៨ និង​ឆ្នាំ​២០១៩ សេដ្ឋកិច្ចកម្ពុ​ជា​ត្រូវបានរំពឹងថា នឹងនៅបន្តកំណើនក្នុងរង្វង់៧ភាគរយ ដែល​ទ្រទ្រង់ដោយមូលដ្ឋានកំណើនស្រ​ដៀងឆ្នាំ​២០១៧ ក្នុងនោះវិស័យកសិកម្ម នឹងបន្តសម្រេចកំ​ណើនយឺតក្នុងរង្វង់១,៨ភាគរយ ដោយឡែកអនុវិស័យដំណាំក៏ត្រូវបានរំពឹងថា មានកំណើន​ប្រមាណ២,២ភាគរយ ព្រោះកត្តាអកាសធាតុអំណោយផល និងភាពប្រសើរឡើងនៃ​ប្រ​ព័​ន្ធ​ធារាសាស្រ្ត ព្រម​ទាំងការបន្តកើនឡើងថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា ចំណែកវិស័យឧស្សាហកម្មកម្ពុជា នឹងរក្សា​បានកំណើនរឹងមាំ ក្នុងអត្រា​កំណើនប្រ​ចាំឆ្នាំរង្វង់១០ភាគរយនៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០១៩ ដែលគាំទ្រដោយភាពរឹងមាំនៃ​វិស័យសំណង់ និងបន្តកំណើនវិស័យកាត់​ដេរ។ ដោយឡែកវិស័យសំណង់បន្តការរីកចម្រើន នៅក្នុងកំណើនអត្រាកំណើ​នប្រមាណ​១៦,៧ភាគរយ ក្នុងឆ្នាំ២០១៨ និង១៧,៩ភាគរយនៅឆ្នាំ២០១៩។

របាយការណ៍នេះបានព្យាករណ៍ថា វិស័យនេះនឹងនៅរក្សាបានកំណើនក្នុងរង្វ​ង់៥ភា​គ​រយ​​ក្នុងឆ្នាំ​២០១៨ និងឆ្នាំ​២០១៩។ រីឯវិស័យផ្សេងៗទៀតត្រូវបានរំពឹងថា នូវរក្សាបានកំណើ​ន​ល្អដដែលក្នុងរង្វង់១១,៩ភាគរយ ។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើន​ខ្ពស់​ក្នុងរង្វង់ប្រមាណ៧ភាគរយផងដែរ។ វិស័យទេសចរណ៍ ក៏ត្រូវបានរំពឹងងើបឡើង ក្នុងអត្រា​កំនើ​ន​៤,៥ភាគរយ វិស័យលើកដុំនិងលក់រាយមានកំណើនរឹងមាំក្នុងអត្រា៧,២ភាគរយ។

ចំណែកអតិផរណានៅកម្ពុជាត្រូវបានព្យាករណ៍ថា នឹងបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រង​បាន ដែលវានឹងមាន​កំនើន​ក្នុងអត្រា៣,៤ភាគរយក្នុងឆ្នាំ២០១៨ និង៣,១ភាគរយនៅ​ក្នុង​ឆ្នាំ​២០១៩។ ចំពោះវិស័យអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រា​ក់​ដុល្លារ ត្រូវរំពឹងមានស្ថិរភាពក្នុងឆ្នាំ​២០១៨ និងឆ្នាំ២០១៩ គឺរក្សាក្នុងរង្វង់៤០៥០រៀល ក្នុងមួយដុល្លារអាមេរិកផងដែរ។

លោកបណ្ឌិតម៉ី កល្យាណប្រធានវិទ្យាកម្ពុជាសិក្សាការអភិវឌ្ឍន៍បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ ប៉ុន្តែដើម្បីសម្រេចបានកំណើន៧ភាគ​រយបន្តទៀត ទាមទារឲ្យយើងខិតខំប្រឹងប្រែងច្រើន ព្រោះបើយើងមិនខិតខំទេ យើងមិនអាច​រក្សាបានកំនើនបែបនេះទេ។លោកបន្តថា នៅពេលសេដ្ឋកិច្ចយើងកាន់តែធំ កំណើនអាចថម​ថយបន្តិច ប៉ុន្តែមិនមែនមានន័យថាថយចុះទេ គឺយើងនៅតែរក្សាបានកំនើននិងប្រាក់កាន់តែ​ច្រើន ផ្ទុយទៅវិញបើយើងខិតខំហើយរក្សាបានកំនើន៧ភាគរយរយៈពេលវែងបន្តទៀត ជាអ្វី​ដែលយើងត្រូវទះដៃអបអរសាទរទាំងអស់គ្នាហើយ។

លោកបន្តថា “បើមើលពីសូចនាករ ដែលជាកំលាំងចលករជំរុញសេដ្ឋកិច្ចរបស់យើង​ ខ្ញុំគិតថាសុខភាពសេដ្ឋកិច្ចរបស់យើង នៅតែ​មានភាពល្អប្រសើរសម្រាប់រយៈពេលវែង​បន្ត​ទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here