ដោយ វុត្ថា
ភ្នំពេញ៖ ខុនដូដ៏ប្រណីតថ្មីមួយ ដែលមានកំពស់៣៦ជាន់ The Penhouse Resident ក្រោមទុនវិនិយោគប្រមាណ៣០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការនៅចុង ឆ្នាំ២០១៨នេះហើយ។
លោកឧកញ៉ា លី ហុង អ្នកវិនិយោគគម្រោង The Penthouse Resident បានឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា គម្រោងខុនដូស្នាក់នៅលំដាប់ផ្កាយប្រាំ កម្ពស់៣៦ជាន់នេះ បានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៦ និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ខាងមុខនេះ។ លោកបន្តថា ខុនដូនេះសាងសង់នៅលើទំហំផ្ទៃដី ២០០០ម៉ែត្រការ៉េ នៅលើបណ្ដោយផ្លូវសុធារស ទល់មុខនឹងអ៊ីអនម៉លទី១។ ខុនដូនេះ ត្រូវបានចែកចេញជាប្រាំប្រភេទ និងមានបន្ទប់រហូតដល់៤៥៨យូនីត ដោយមានតម្លៃចាប់ពី១០ម៉ឺនដុល្លារ រហូតដល់១លានដុល្លារ។
លោកឧកញ៉ាបានបន្តថា រហូតមកពេលនេះគម្រោង The Penthouse ទទួលបានការបញ្ជាទិញពីអតិថិជន ប្រមាណ៧០ភាគរយហើយ ក្នុងនោះអតិថិជនជាជនជាតិខ្មែរ៥០ភាគរយនិងបរទេស៥០ភាគរយ។ លោកឧកញ៉ាបានឲ្យដឹងទៀតថា លោកកំពុងតែស្វែងរកទីតាំងនៅតាមតំបន់ ដែលមានសក្តានុពលនៅក្នុងរាជធានីភ្នំពេញ ដើម្បីសាងសង់គម្រោងអាគារខុនដូទី២បន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អតិថិជន ដោយសារតែបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាមួយចំនួន ចាប់ផ្តើមនិយមចូលចិត្តរស់នៅលំនៅដ្ឋាន តាមបែបទំនើប និងស៊ីវិល័យដូចបណ្តាប្រទេសជឿនលឿនដែរ។
លោកតាំង គីមថេងអ្នកអភិវឌ្ឍន៍គម្រោង The Penthouse Resident បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការដែលដែលអតិថិជនទាំងខ្មែរ និងបរទេសបញ្ជាទិញខុនដូនេះច្រើនដោយសារតែខុនដូដ៏ប្រណិតនេះ មានទីតាំងល្អស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ពិសេសស្ថិតនៅទល់មុខផ្សារទំនើបអ៊ីអនម៉ល រួមទាំងមានការរចនាស្រស់ស្អាត មានអាងហែទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារវិល និងភោជនីដ្ឋានវិលដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទូទៅអាចទទួលយកបាន។ លោកបន្តថា គម្រោងនេះ នឹងអាចជួយលើកមុខមាត់ សោភ៏ណ្ឌភាពទីក្រុងទាំងមូល និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
លោកឧកញ៉ាបានបន្តថា បើទោះបីជាបច្ចុប្បន្នកម្ពុជា “អគារខុនដូមានការរីកលួតលាស់ច្រើនយ៉ាងណាក្តី ក៏លោកឧញ៉ានៅតែមានជំនឿជាក់ថា គម្រោងរបស់លោកនឹងទទួលបានភាពជោគជ័យ ដោយសារតែអតិថិជនមានទំនុកចិត្តមកលើគម្រោងរបស់យើង”៕