ខណៈពេលដែលកម្ពុជាកំពុងទទួលបាននូវលំហូរអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដែលភាគច្រើនជាជនជាតិចិននោះ ពេលនេះមានក្រុមហ៊ុនថ្មីមួយទៀតដែលមានប្រភពមកពីក្រុងហុងកុង បានបោះទុនវិនិយោគដំបូងលើវិស័យខុនដូចំនួន 50លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ ។
ខុនដូថ្មីដែលនឹងលេចរូបរាងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ មានឈ្មោះ Picasso City Garden មានកម្ពស់ចំនួន 27ជាន់ ដោយមានជាន់ក្រោមដីចំនួន4ជាន់ ស្មើនឹង136 យូនីត សង់នៅលើផ្ទៃដីទំហំ 1055 ម៉ែត្រការ៉េ ជាមួយនឹងគម្រោងសាងសង់សម្រេចត្រឹមរយៈពេល2ឆ្នាំតែប៉ុណ្ណោះ។
លោក Deng Zhen Yue អ្នកចាត់ការទូទៅនៃសហព័ន្ឋ JU SHI នៃទីក្រុងហុងកុង ដែលជាក្បាលម៉ាស៊ីនលើការវិនិយោគខុនដូ Picasso City Garden បានលើកឡើងថា មុនពេលសម្រេចចិត្តងាកមកវិនិយោគនៅកម្ពុជា ក្រុមហ៊ុនបានមើលឃើញពីភាពល្អប្រសើរ និងឱកាសជាច្រើននៅកម្ពុជា ដូចជា ស្ថានភាពនយោបាយ សន្ដិសុខ ការរក្សាបានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំជាប់គ្នារហូតទទួលបានរហស្សនាមថាជា «ខ្លាសេដ្ឋកិច្ចប្រចាំនៅអាស៊ី» ជាពិសេស ការទទួលយកយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ចពីចិន «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលទាំងអស់នេះជាកត្តាដែលផ្តល់ភាពជឿជាក់ និងទមនុកចិត្តជាខ្លាំង ។ លោកបានបន្ថែមទៀតថា ចំពោះការវិនិយោគលើវិស័យខុនដូ Picasso City Garden នាពេលនេះ វាគ្រាន់តែជាជំហ៊ានដំបូងរបស់ក្រុមហ៊ុន និងសហព័ន្ធ JU SHI តែប៉ុណ្ណោះ ខណៈដែលជំហ៊ានបន្ទាប់ នឹងមានការវិយោគបន្ថែមទៅលើប្រភេទផ្សារទំនើបលក្ខណៈស្ដង់ដារ បែបសហរដ្ឋអាមេរិក និងតៃវ៉ាន់ ព្រមគ្នាជាមួយនឹងការបណ្តាក់ទុននាំយកក្រុមហ៊ុនសេវាធានារ៉ាប់រងផងដែរ ។
លោកបណ្ឌិត ហេង វុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បានលើកឡើងផងដែរថា ៖ ភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់កម្ពុជា ដែលយើងអាចខ្ចីដោយគោលនយោបាយ វិនិយោគទុនបរទេសនេះ ទាក់ទាញសហគ្រាសបរទេសចូលមក ដើម្បីនាំមកនូវឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងស្រុក ហើយផ្នែកអចលនទ្រព្យបានក្លាយទៅជាឧស្សាហកម្មសសរស្តម្ភដ៏សំខាន់។ Picasso City Garden ជាអ្នកវិនិយោគនៅលើផ្នែកអចលនទ្រព្យជាច្រើន ហើយអនាគតយើងសង្ឃឹមថា នឹងកាន់តែមានគម្រោងកំពូលៗនាំមុខគេក្នុងទីផ្សារនាបណ្តាទីក្រុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ។
គួរបញ្ជាក់ផងដែរថា សហព័ន្ឋ JU SHI នៃហុងកុង បានបង្កើតឡើងនៅក្រុងហុងកុងកាលពីឆ្នាំ 2003 ក្នុងនាមជាសហព័ន្ឋវិនិយោគហិរញ្ញវត្ថុ ដែលមានអាជីវកម្មរួមមាន៖ អចលនទ្រព្យនៅក្រៅប្រទេស ការទិញទំនិញមូលធន ការគ្រប់គ្រងទ្រព្យសម្បត្តិ ហិរញ្ញប្បទានឯកជន ធនាគារវិនិយោគ និងធនាគារឯកជន៕