សម្ដេច​តេ​ជោ ៖ តាមរយៈ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បន្ថែមទៀត

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​នឹង​កាន់តែ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស​កាន់តែច្រើន​ថែមទៀត ក្រោយពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​កសាង​រួចរាល់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដោយ​បង្ហាញ​ពី​ក្ដី​រំពឹង​ប្រកបដោយ​ភាព​ជឿជាក់ថា នឹង​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ចកម្ពុជា​បាន​កាន់តែ​ប្រសើរ និង​ផ្តល់​ទំនុកចិត្ត​ដល់​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​បាន​កាន់តែច្រើន។

សម្តេច​តេ​ជោ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា បន្ទាប់ពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នេះ​ត្រូវបាន​បញ្ចប់​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ ក្រៅពី​អាចជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ទាំង​ក្នុង និង​ក្រៅ​ស្រុក ថែមទាំង​អាចមាន​លទ្ធភាព​ក្នុងការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ ជាពិសេស​វិនិយោគិន​មកពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ផងដែរ ខណៈដែល​បច្ចុប្បន្ន​លទ្ធ​ផល​នៃ​ការសាងសង់​បាន​ប្រមាណ​ជាង៣០ភាគរយ។

ជាមួយគ្នានេះ សម្ដេច​តេ​ជោ ក៏បាន​កោតសរសើរ​ដ​ល់​គណៈកម្មការ​សាងសង់​ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល ដោះស្រាយ​បញ្ហាផ្សេងៗ ដើម្បី​សម្រួល​ដល់​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ហើយក៏​ជាការ​រួមចំណែក​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​ការងារ​ដោយសារ​ជំងឺ Covid-19 ផងដែរ ហើយ​នេះ​ក៏​ជា​គោលដៅ​មួយ​សំខាន់​សម្រាប់​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០ ក្នុងការ​បំពេញតម្រូវកា​រ។

នៅ​ក្នុងឱកាស​ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ថា ក្រោយពី​ការស្ថាបនា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្តកណ្ដាល​នេះ​រួចរាល់ ព្រលានយន្តហោះ​ចាស់ ពោធិ៍ចិនតុង គឺ​រក្សាទុក​នៅ​ដដែល តែ​អាច​ប្រែក្លាយ​គោលដៅ​ប្រើប្រាស់ ដូចជា ទី១) ជា​ព្រលាន​យន្ត ហោះ​សម្រាប់​កងទ័ព ទី២) ប្រើ​សម្រាប់​ការហោះហើរ​ផ្ទៃក្នុង ទី៣) ប្រើ​សម្រាប់​ការដឹកជញ្ជូន ទំនិញ​គ្រប់​ប្រភេទ និង​ទី៤ ប្រើ​សម្រាប់​ភ្ញៀវ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្លូវការ។

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ  នេះ​គឺជា​ប្រភេទ​ព្រលានយន្ដហោះ 4F ដែល​អាចឱ្យ​យន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800 ចុះចត​បាន។ ព្រលានយន្តហោះ​ថ្មី​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ ប្រមាណ ២,៦០០ហិកតា ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១,៥០០លាន​ដុល្លារ​អាម៉េរិក ។តាមរយៈ​វត្តមាន​ព្រលានយន្តហោះ​អន្តរជាតិ​មួយ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​ប្រមាណ១៣លាន​នាក់​នៅ​ឆ្នាំ២០៣០ ហើយ​អាច​ទទួល​អ្នកដំណើរ៣០លាន​នាក់ នៅ​ឆ្នាំ២០៥០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here