ដោយ គង់ សូរិយា
ភ្នំពេញ៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្តាលមិនទាន់កំណត់ពេលវេលសាងសង់ជាក់លាក់នៅឡើយទេ តែមន្រ្តីជំនាញថានឹងអាចធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
យោងតាមផែនទីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាលបានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងឃុំចំនួន៤ រួមមាន ឃុំកណ្តោក ឃុំអំពៅព្រៃ ឃុំព្រែកស្លែង និងឃុំបឹងខ្យាង នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាផ្ទៃដីដែលគ្របដណ្តប់ដោយបឹងមួយឈ្មោះបឹងរៀន។
-->
លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាលបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនវិនិយោគសាងសង់ព្រលានយន្តហោះនេះ កំពុងសិក្សាលំអិតពីស្ថានភាពផ្ទៃដី និងគំរោងអភិវឌ្ឍន៍ផ្សេងៗ មុនចាប់ផ្តើមសាងសង់ព្រលានយន្តហោះនេះ ដែលជាព្រលានយន្តហោះអន្តរជាតិដ៏ធំមួយ ដែលនឹងជួយពង្រីកសក្តានុពលសេដ្ឋកិច្ច ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

លោកបន្តថា “ការចាក់ដីបំពេញផ្ទៃបឹងនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៩ឬឆ្នាំ២០២០ខាងមុខ ប្រសិនជាគ្មានការប្រែប្រួលទេនោះ”។
ព្រលានយន្តហោះអន្តរជាតិថ្មី ដែលស្ថិតក្នុងខេត្តកណ្តាលនេះនឹងវិនិយោគ តម្លៃទឹកប្រាក់១៥០០លានដុល្លារអាមេរិក និងវិនិយោគដោយក្រុមហ៊ុន OCIC សហការជាមួយក្រុមហ៊ុនចិន។ គំរោងព្រលានយន្តហោះនេះ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកំឡុងដំនើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លោកលឺ ខឺឈាង៕









