ដោយគង់ សូរិយា
ភ្នំពេញ៖ ជាប្រវត្តិសាស្រ្តថ្មីមួយ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះផ្លូវរថភ្លើងត្រូវបានគេបំភ្លេចចោល បានចាប់ផ្តើមដំណើរការដឹកជញ្ជូនឡើងវិញជាមួយនឹងការផ្តល់សេវាកម្ម ដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងរយៈពេល៤ខែ។
លោកទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាមនុស្សកំណែទម្រង់របស់រដ្ឋាភិបាល និងកំពុងមានប្រជាប្រិយភាព បានអញ្ជើញដាក់ឲ្យដំណើរការនូវខ្សែរថភ្លើង តភ្ជាប់រវាងក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតជាប្រវត្តិសាស្រ្តនាព្រឹកថ្ងៃទី៤ មេសានេះ។
ខ្សែរថភ្លើងនេះ នឹងដាក់ដំណើរការខ្សែរត់ចំនួនបីលើកក្នុងមួយថ្ងៃ ដែលអនុញ្ញាត្តឲ្យមនុស្សប្រមាណ១០០នាក់អាចធ្វើដំណើរបាន។
លោកស៊ុន ចាន់ថុលបានថ្លែងថា ផ្លូវដែកដែលស្តារឡើងវិញ និងសាងសង់ថ្មីនេះ ផ្តោតសំខាន់ដល់ការដឹកជញ្ជូនគ្រប់រូបភាព ការធ្វើសមាហរណកម្មផ្ទៃក្នុង ជាពិសេសការធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ ដោយតភ្ជាប់ទៅកាន់តំបន់អាស៊ាន។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ការតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូនថ្មីនេះ ជាការរំញោចនូវសេវាកម្មក្នុងវិស័យទេសចរណ៍ជាមួយប្រទេសថៃ ដែលពេលអនាគតខ្សែរថភ្លើងនេះ មិនត្រឹមតែភ្ជាប់ផ្ទៃក្នុងកម្ពុជាទេ តែក៏ជាការភ្ជាប់ជាមួយប្រទេសថៃនាពេលអនាគតផងដែរ។លោកបន្តថា ប្រព័ន្ឋផ្លូវដែកនេះ ក៏ជាការផ្តល់បទពិសោធន៍ថ្មីក្នុងការធ្វើដំនើរ ដែលរយៈពេលជាង៣០ឆ្នាំមកនេះ ខ្សែរថភ្លើងនេះត្រូវបានបោះបង់ចោល ដោយសារសង្រ្គាម។
លោកបន្តថា “ការដឹកជញ្ជូនតាមផ្លូវដែក ក៏ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ជួយកាត់បន្ថយភាពគ្មានសណ្តាប់ធ្នាប់ នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ និងជួយសម្រួលដល់លំហូរទេសចរណ៍អន្តរជាតិផងដែរ”៕