រដ្ឋាភិបាល​ដាក់ចេញ​ផែនការ​ពង្រឹង​ការគ្រប់គ្រង​ផ្ទៃដី​ទំហំ​ជាង ៧,២លាន​ហិកតាអភិរក្ស​ជា​តំបន់​ធម្មជាតិ

0

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ ពង្រឹង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ធម្មជាតិ​សរុប​ចំនួន៦៩កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៧,២ លាន​ហិកតា ស្មើ​ប្រមាណ ៤១%នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា ខណៈ​តំបន់​ការពារ និង​អភិរក្ស​មួយចំនួន​នៅក្នុង​ប្រទេស​ត្រូវបាន​ទន្ទ្រាន និង​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់។

យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ការ គ្រប់គ្រង តំបន់ការពារធម្មជាតិ​នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា តំបន់​ធម្មជាតិ​ន​ទាំងនោះ​រួមមាន តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រាម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល តំបន់​បេតិកភណ្ឌ​ធម្មជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ និង​របៀង​អភិរក្ស​ជីវៈចម្រុះ។

យោងតាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ន្ល​ង​មកនេះ​បង្ហាញថា ការបង្កើត​តំបន់ការពារធម្មជាតិ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌ ថែរក្សា​ការពារ​លំនឹង​បរិស្ថាន និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ។

អនុក្រឹត្យ​ដដែល​បន្តថា តំបន់ការពារធម្មជាតិ​នេះ នឹង ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកប ដោយ​និរន្ត​ភាព លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់​ការ គ្រប់គ្រង ការការពារ និង​កា​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ ថែរក្សា​ការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និង​សារៈសំខាន់​ផ្នែក​វប្បធម៌​របស់​សហគម​ន៍​មូលដ្ឋាន និង​បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍ ដល់​សង្គមជាតិ​គ្រប់​ជំនាន់។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីពេល​ថ្មី​បានចេញ“វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” ជូន​ក្រសួងបរិស្ថាន​ចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែន ជម្រកសត្វព្រៃ ពាម​ក្រសោប ខេត្តកោះកុង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណ​សម្រាប់​សម្គាល់​កម្ម​សិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌល​គី​រី ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប ៤៥.៥១៩,២៦ ហិកតា។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា “នេះ​គឺជា​លទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ជា​លើកដំបូង ហើយក៏​ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ។ ក្រសួងបរិស្ថាន ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ទទួលបន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នឹង​បន្ត​ដកស្រង់​មេរៀន និង​បទពិសោធ​ពី​គម្រោង​នេះ ដើម្បី​កែសម្រួល​នីតិវិធី និង​ជំរុញ​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ដទៃទៀត​នៅ​ទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here