ដោយ វុត្ថា
ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ដោយសារស្ពានអាកាសឆ្លងកាត់មហាវិថីសហព័ន្ឋរុស្ស៊ី ឬស្ពានអាកាសនៅស្តុបផ្សារដីហុយ នឹងបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២ មេសាខាងមុខនេះហើយ។
យោងតាមព៌តមានដែលចេញផ្សារលើទំព័រហ្វេសបុករបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងនាព្រឹកថ្ងៃទី១១ មេសានេះថា លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក ឲ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាសផ្សារដីហុយ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីនេះនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៦:៣០ នាទីព្រឹកស្ថិតនៅចំណុចខាងជើង គល់ស្ពានអាកាសផ្សារដីហុយ។
ស្ពានអាកាសផ្សារដីហុយនេះ នឹងត្រូវបើកឲ្យដំណើរការបណ្តោះអាសន្ន សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់។
ប្រភពព៌តមានដដែលបានឲ្យដឹងថា ក្រោយពីការសាងសង់ចប់រួចរាល់ ស្ពានអាកាសផ្សារដីហុយនេះ នឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ នៅលើវិថីសហព័ន្ធរុស្សីផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មាន និងចុះផ្តិតយកទិដ្ឋភាព នៃពិធីបើកបើកឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានអាកាសផ្សារដីហុយនេះដោយផ្ទាល់៕