ស្តាប់អ្នកវិនិយោគជប៉ុននិយាយពីស្ថានភាពអចលនទ្រព្យនៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនCREED ASIA (Cambodia)Co, Ltd ដែលជាបុត្រសម្ព័ន្ឋរប​ស់ CREED GROUP បានសម្រេចបោះទុនវិនិយោគ៦០លានដុ​ល្លា​រអាមេរិកលើគំរោងខុនដូ និងលំនៅដ្ឋាននៅទីក្រុងភ្នំពេញ ជាគំរោងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកវិនិយោគបរទេស និងប្រជាជនក្នុងស្រុក។

អគ្គនាយកនិងជាស្ថាបនិកនៃគេហទំព័រ Propertyarea.asia លោកលាងគង់ យិន បានជួបសម្ភាសន៍ជាមួយលោក TAKASHI Eguchi អគ្គនាយកក្រុមហ៊ុន CREED Asia (Cambodia) Co, Ltd ដើម្បីលើកឡើងពីទស្សនវិស័យ និងគំរោងវិនិយោគរបស់ក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ឋរបស់ CREED GROUP។

តើលោកចាប់ផ្តើមគំរោងវិនិយោគរបស់លោកយ៉ាងដូចម្តេច?

ក្រុមហ៊ុនរបស់យើងបានសហការចាប់ដៃគូជាមួយ ក្រុមហ៊ុន TRIPLE GEM នៅឆ្នាំ២០១២ និងបានចាប់ផ្តើមវិនិយោគខុនដូ Bodaiju Residences នៅឆ្នាំ២០១៣ ដែលរហូតមកទល់ពេលនេះ យើងបានវិនិយោគលើគំរោងខុនដូ និងលំនៅដ្ឋានមានលក្ខណៈជាបុរី។ គំរោងទី១ ជាគំរោងខុនដូ Bodaiju ដែលរហូតមកទល់ពេលនេះ យើងលក់បានអស់ជាង៩០ភាគរយហើយ និងកំពុងសាងសង់អាគារចំនួនបី ក្នុងចំណោមអាគារចំនួន៦ក្នុងគំរោងនេះ ប៉ុន្តែ​ការសាងសង់អាគារបីផ្សេងទៀត យើងមិនទាន់ចាប់ផ្តើមទេ ដោយកំពុងសិក្សាស្ថានភាពទីផ្សារ។

តើលោកមើលឃើញដូចម្តេចចំពោះគំរោងខុនដូនៅកម្ពុជា

តម្រូវការខុនដូសម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងស្រុក ពិតជាមានកម្រិតមែនទែន ប៉ុន្តែខុនដូរបស់យើងលក់បានច្រើនសម្រាប់ជនបរទេស ដែលភាគច្រើនជាជនជាតិចិន ជប៉ុន កូរ៉េ ចិនហុងកុង តៃវ៉ាន់ជាដើម។ យើងមិននិយាយពីគំរោងខុនដូ​បាន​ផ្គត់ផ្គង់លើសតម្រូវការនោះទេ ព្រោះយើងកំពុងសម្លឹងមើលទីផ្សារ ដែលការផ្គត់ផ្គង់មានភាពលើសតម្រូវការ។

ប៉ុន្តែសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ខ្ញុំគិតថាប្រជាជនខ្មែរនឹងផ្លាស់ប្តូររបៀបនៃការគិត។ ពួកគេនឹងសម្រេចចិត្តរស់នៅតាមខុនដូ ឧទាហរណ៍ ជាក់ស្តែងដូចជា នៅទី​ក្រុងបាងកក ប្រទេសថៃ ប្រជាជនចង់រស់នៅលើលំនៅដ្ឋានជាប់ដី ប៉ុន្តែនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុង តំលៃដីមានតំលៃយ៉ាងខ្ពស់ ដែល ធ្វើពួកគេសម្រេចចិត្តរស់នៅតាមខុនដូ។

នៅក្នុងទីក្រុងហូជីមីញ ក៏ដូចគ្នា ប្រជាជនប្រាថ្នារស់នៅផ្ទះជាប់ដីដូចគ្នា​ប៉ុន្តែដោយសារដីមានតំលៃថ្លៃ និងទីក្រុងកាន់តែចង្អៀត ពួកគេសម្រេចចិត្តរស់នៅតាមខុនដូ។ នាពេលអនាគតប្រជាជនវ័យក្មេងនៅទីនេះ ពួកគេនឹងរស់នៅតាមខុនដូ ដែលមានទីតាំងនៅក្បែរឬកណ្តាលទីក្រុង។

ក្រៅពីខុនដូក្រុមហ៊ុនCREED GROUPបានសម្រេចចិត្តវិនិយោគលើបុរីមួយចំនួន តើលោកមើលឃើញទីផ្សារបុរីយ៉ាងដូចម្តេច?

យើងវិនិយោគដោយផ្តោតលើ ប្រជាជនមានប្រាក់ចំណូលមធ្យម​តាមរយៈការវិនិយោគលើបុរីមហាសែនសុខ ដែលស្ថិតនៅទល់មុខព្រលានយន្តហោះអ​ន្តរជាតិភ្នំពេញ។ គំរោងនេះដែលមានទំហំជាង១២ហិកតានេះ និងមានផ្ទះជាច្រើនរយខ្នងបានលក់ជិតអស់ហើយ ហើយផ្ទះជាង២០០បានបញ្ចប់ និងម្ចាស់ផ្ទះជាង១០០ល្វែងបានចាប់​ផ្តើមចូលស្នាក់នៅហើយ។

គំរោងនេះមានចំនួន៨ដំណាក់កាល និងគ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០១៨។

កាលពីថ្ងៃអាទិត្យកន្លងមកនេះ ក្រុមហ៊ុនរបស់លោកនិងដៃគូបានចាប់ផ្តើមគំរោងថ្មីមួយទៀត? តើគំរោងនេះមានលក្ខណៈពិសេសដូចម្តេច?

គំរោងនេះ ផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដោយ​សារវាមានតំលៃចាប់ពីជាង៨៧០០០ដុល្លារ រហូតដល់២០ម៉ឺនដុល្លារអាមេរិក។ មូល​ហេតុយើងវិនិយោគលើបុរីបន្ថែមទៀត ដោយសារប្រជាជនកម្ពុជានៅតែមា​នការ​ពេញនិយមរស់នៅផ្ទះជាប់ដី ហើយយើងជឿថាប្រជាជនកម្ពុជានៅតែពេ​ញចិត្តក្នុងការរស់នៅតាមបុរី ទើបយើងផ្តល់នូវផលិតផល សម្រាប់ប្រជាជនកម្ពុជា​អាចមានលទ្ឋភាព និងអាចរស់នៅបាន។

គំរោងបុរីរបស់យើងបានផ្តោតលើភាពបៃតង កន្លែងអង្គុយលេង ផ្លូវថ្មើជើង​អាងហែលទឹកជាដើម។

យើងមានដៃគូមួយទៀតគឺក្រុមហ៊ុន Hoosiers ដែលមានមូលដ្ឋាននៅប្រទេ​សជប៉ុន បានចូលរួមវិនិយោគលើគំរោងថ្មីនេះ ដែលមានឈ្មោះ ARATA ស្ថិតនៅក្បែរផ្សារទំនើប AEON ទី២។

ប្រជាជនកម្ពុជាមានការរអ៊ូរទាំច្រើនពីគុណភាពសំណង់តាមបុរីនានា តើគំរោងរបស់លោកបាននាំយកស្តង់ដាជប៉ុនមកប្រើប្រាស់ឬយ៉ាងណា?

គុណភាពនៅតាមលំនៅដ្ឋានរបស់យើង ត្រូវបានយកចិត្តទុកដាក់ជាពិសេ ស ហើយជាលទ្ឋផលអ្នកទិញលំនៅដ្ឋាន ក្នុងគំរោងយើងជាច្រើនបាននិយាយល្អពីគំរោងរបស់យើង។ ប្រសិនជាយើងធ្វើមិនល្អ ហើយឧទាហរណ៍យើងបង់រំលោះជាមួយពួកគេ ពួកគេអាចឈប់បង់ប្រាក់ ប៉ុន្តែអ្នកទិញលំនៅដ្ឋាននៅក្នុងបុរីមហាសែនសុខ ពួកគេរីករាយក្នុងការចូលស្នាក់នៅលំនៅដ្ឋាន ដែលពួកគេបានទិញ។

យើងបានផ្តល់សេវាជួសជុលរយៈពេល១ឆ្នាំ សម្រាប់ប្រជាជនដែលបានទិញលំនៅដ្ឋានរបស់យើង។

តើលោកសម្លឹងទៅអនាគតតយ៉ាងដូចម្តេច និងគ្រោងចាប់ផ្តើមវិនិយោគបន្ថែមដូចម្តេច?

​យើងជឿជាក់ចំពោះកម្ពុជានឹងមានសុវត្ថិភាព និងបន្តរីកចំរើន ដូច្នេះយើងអាចនឹងមានគំ​រោងដទៃទៀត ពិសេសវិនិយោគលើដីធ្លី។ ប្រទេសនេះ កំពុងក្លាយជាប្រទេសមានប្រាក់ចំណូល​មធ្យម ដែលស្តង់ដារស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

យើងមានគំរោងវិនិយោគលំនៅដ្ឋាន ដោយផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យម ឬលើមធ្យម សម្រាប់គំរោងលំនៅដ្ឋានតំលៃចាប់ពី៤ទៅ៥ម៉ឺនដុល្លារ នាពេលអនាគតឆាប់ៗនេះ។

តើលោកមានគំរោងវិនិយោគនៅតាមបណ្តាខេត្តឬទេ ពិសេសខេត្តព្រះសី​ហនុ?

យើងមានឳកាសនិងកំពុងសម្លឹង រកការវិនិយោគនៅតាមបណ្តាខេត្តផងដែរ ពិសេសនៅខេត្តព្រះសីហនុ វាជាទីផ្សារកំពុងក្តៅគគុក សម្រាប់ការវិនិយោគ​របស់ចិន។ យើងអាចប្រកួតប្រជែងជាមួយពួកគេ ប៉ុន្តែវាមិនមែនជាទីផ្សារពិតប្រា​កដ តែអ្វីដែលយើងសម្លឹងមើល គឺសំដៅលើទីផ្សារដែលមានតម្រូវការពីប្រជាជនក្នុងស្រុកពិតប្រាកដ។

តើរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តយ៉ាងដូចម្តេច ចំពោះគំរោងវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ឋនានាជាមួយគំរោងរបស់លោក?

ខ្ញុំមិនមានអ្វីនិយាយច្រើនទេ តែអ្វីជាជាការយល់ឃើញរបស់ខ្ញុំ គឺរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយ បើកចំហយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគបរទេ​ស ដែលផ្តល់ភាពងាយស្រូល​យ៉ាងខ្លាំងដល់អ្នកវិនិយោគ និងជារឿងដែលល្អសម្រា​ប់អ្វីដែលយើងមានអារម្មណ៍កក់ក្តៅក្នុងការរស់នៅទីនេះ។

ប៉ុន្តែបើនិយាយពីហេដ្ឋារចនាសម្ព័ន្ឋវិញ រដ្ឋាភិបាលកម្ពុជាហាក់មិនមានគំរោងវិនិយោគសាងសង់ផ្លូវនៅក្នុងទីក្រុងជាក់លាក់ទេ ដែលយើងត្រូវវិនិយោគលើផ្លូវ ដែលជាការងាររបស់រដ្ឋាភិបាលខ្លួនឯងត្រូវធ្វើ តែយើងសម្រេចចិត្តធ្វើវា ដើម្បីភ្ជាប់ទៅកាន់គំរោងរបស់យើង ប៉ុន្តែយើងរីករាយនូវការចូលរួមចំណែកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here