ដោយ គង់ សូរិយា
ភ្នំពេញ៖ បោះជំហ៊ានចូលក្នុងវិស័យជំនួញក្នុងដើមទសវត្សរ៍ទី៩០ លោកជំទាវឧកញ៉ាលឹម ឈីវហូ ត្រូវបានគេស្គាល់ឈ្មោះត្រឹមជាថៅកែស្រី ប៉ុន្តែក្រោយមកលោកស្រី ត្រូវបានមជ្ឈដ្ឋានអ្នកជំនូញជាតិ អន្តរជាតិទទួលស្គាល់ពីជោគជ័យ និងកេរ្ត៍ឈ្មោះលោកស្រីកាន់តែច្រើន។
លោកជំទាវបានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោកលាងគង់ យិន ស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia ដើម្បីលើកឡើងពីការចាប់ផ្តើមជំនួញ និងភាពជោគជ័យរបស់លោកស្រី។
តើវិស័យអចលនទ្រព្យអ្វីថ្មី ដែលលោកជំទាវគ្រោងចាប់ផ្តើមវិនិយោគលើវិនិយោគបន្ថែម?
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស ដែលជួយដល់ប្រទេសជាតិច្រើន យើងក៏បាន និងកំពុងធ្វើការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ នៅតាមខេត្ត និងនៅរាជធានីភ្នំពេញនៅពេលខាងមុខ។ គំរោងនេះគ្រោងបោះទុនទំហំ១៣០លានដុល្លារអាមេរិក។ គំរោងថ្មីនេះ រួមមានខុនដូ និងផ្សារទំនើប។ គំរោងនេះធ្វើឡើងដោយសហការជាមួយអ្នកវិនិយោគបរទេស។
ខ្ញុំមិនទាន់អាចនិយាយពីគំរោងនេះទេ ព្រោះក្រុមហ៊ុនរបស់ខ្ញុំចូលផ្សារហ៊ុន ហេតុនេះពេលគំរោងនេះចាប់ផ្តើមជាផ្លូវការ ខ្ញុំនឹងប្រកាសឲ្យដឹងហើយ។
នៅក្នុងពេលនេះស្ថានភាពការលក់លំនៅដ្ឋាន ខុនដូ ហាក់មានការថមថយល្បឿន ហេតុអ្វីលោកជំទាវចាប់ផ្តើមគំរោងធំក្នុងកំឡុងពេលនេះ?
ខ្ញុំគិតថាទីផ្សារអចលនទ្រព្យមិនថមថយទេ យើងត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់ ព្រោះឥឡូវនេះអ្នកវិនិយោគនៅបរទេស កំពុងសម្លឹងមកស្រុកខ្មែរ ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿន។ ហេតុនេះបើយើងជ្រើសរើសដៃគូត្រូវ និងវិនិយោគគំរោងខុនដូ និងលំនៅដ្ឋាន គឺយើងនៅតែអាចលក់បាន។ ខ្ញុំគិតថាតម្រូវការអចលនទ្រព្យនៅតែកើនឡើង តែយើងត្រូវចាប់ដៃគូឲ្យត្រឹមត្រូវ។
បើសិនជាប្រមើលមើលរយៈពេល១០ឆ្នាំខាងមុខ តើលោកជំទាវមើលឃើញវិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចំរើនឬយ៉ាងណា?
ខ្ញុំគិតថាវិស័យអចលនទ្រព្យនឹងបន្តរីកចំរើនបន្តទៀត ទោះជាមានការព្រួយបារម្ភរបស់ឧកញ៉ាមួយចំនួន គ្រោងស្ពាយលុយចេញក្រៅប្រទេស ដោយសារបារម្ភ ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខក្តី ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកវិនិយោគក្នុងស្រុក ខ្ញុំនៅតែជឿជាក់លើសន្តិភាព ស្ថិរភាពរបស់ប្រទេស និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេសថា ប្រទេសយើងនឹងបន្តរីកចំរើនបន្តទៀត។
ថ្មីៗនេះខ្ញុំបានជួបក្រុមហ៊ុនចិនធំៗ៧ទៅ៨ក្រុមហ៊ុន ដែលបានមកស្វែងរកឳកាសវិនិយោគនៅកម្ពុជា ហើយមានអ្នកវិនិយោគជាច្រើនទៀតកំពុងចូលមកកម្ពុជា ហេតុនេះខ្ញុំនៅតែជឿជាក់ថាកម្ពុជានឹងបន្តរីកចំរើន។ នៅប្រទេសថៃមានក្រុមហ៊ុនជប៉ុនរាប់ម៉ឺន បើពួកគេមកវិនិយោគនៅកម្ពុជាតែ២ភាគរយ និងចិនជួយបន្តក់អ្នកវិនិយោគតែបន្តិចបន្ថែមទៀត យើងអាចធ្វើជាអ្នកមានទាំងអស់គ្នាបាន។
ជារួមវិស័យនេះនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារការចូលមកដល់នៃក្រុមហ៊ុនវិនិយោគថ្មីៗ និងលក្ខខ័ណ្ឌនយោបាយ កំនើនសេដ្ឋកិច្ចនិងប្រព័ន្ឋច្បាប់បទដ្ឋានគតិយុត្តិដ៏ទាក់ទាញរបស់ប្រទេសនេះ៕