លោក​ឧកញ៉ា ចេង ខេង ៖ អ្នកមាន​លុយ មិន​ប្រាកដថា វិនិយោគ​លើដី​ធ្លី ជោគជ័យ​នោះទេ

0

ដោយ ៖ រ៉ាវី

ខណៈពេលដែល​វិស័យ​អចលនទ្រព្យ​កំពុងមាន​សន្ទុះ​ខ្លាំង ជាពិសេស លើ​វិស័យ​ដីធ្លី​នាពេល​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញថា មាន​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​ដែលមាន​ធនធាន​មួយចំនួន​បាន​ចំណាយលុយ​ជាច្រើន​ដើម្បី​ទិញ​ដី​ទុក​ធ្វើ​វិនិយោគ ជាមួយ​ការ​រំពឹងថា​អាច​ទទួលបាន​ចំណេញ​នៅ​ថ្ងៃ​អ​នា​គត់ ។ ប្រការនេះ​ត្រូវបាន​អ្នកជំនាញ​ផ្នែក​វិស័យ​អចល​ទ្រព្យ​គ្រើន​រំលឹកថា ការទិញ​ដី​ទុក​ធ្វើការ​វិនិយោគ​មិនមែន​សុទ្ធតែ​អាច​ទទួលបាន​ចំណេញ​ទាំងអស់​នោះទេ ប្រសិនបើ​អ្នក​ទាំងនោះ​មិនមាន​ជំនាញ​លើ​ផ្នែក​នេះ​ច្បាស់លាស់ ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ កម្ពុជា ស៊ី​ភី​អិ​ល (CPL) បាន​លើកឡើងថា សម្រាប់​អ្នក​ដែលមាន​លុយ សុទ្ធតែ​អាចយ​កលុយ​ដែល​ខ្លួន​មាន​ទៅធ្វើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​វិស័យ​ដីធ្លី បាន ប៉ុន្តែ​មិន​ប្រាកដថា​អ្នក​ទាំងនោះ​សុទ្ធតែ​ចំណេញ​នោះទេ ព្រោះ​ពួកគាត់​មិនមាន​ជំនាញ ហើយ​បើ​អាច​ទទួលបាន​ចំណេញ​ក៏​ជាការ​ចៃដន្យ​នោះដែរ។ ដូច្នេះ ដើម្បី​ចៀសវាង​ការជួប​ហានិភ័យ ពួកគាត់​គួរតែ​ឆ្លងកាត់​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ដែលមាន​បទពិសោធ។

អគ្គនាយក​ក្រុមហ៊ុន CPL បញ្ជាក់ថា ៖ «សម្រាប់​រូបខ្ញុំ ក្នុង​រយៈពេល​ប្រមាណ20ឆ្នាំកន្លងមក ខ្ញុំ​បាន​នាំ​អ្នកវិនិយោគ​លើ​វិស័យនេះ​ឱ្យ​ក្លាយជា​សេដ្ឋី​ជាច្រើន​នាក់​មកហើយ ហើយ​មូលហេតុ​ដែល​អ្នក​ទាំងនោះ​មក​ប្រឹក្សា​ជាមួយ​ខ្ញុំ​ក៏​ព្រោះតែ​ពួកគាត់​មានការ​ជឿជាក់​លើ​ខ្ញុំ។ ប្រសិនបើ​យើង​ចង់​វិនិយោគ​លើ​អចលនទ្រព្យ​ពិតប្រាកដ​មែន មាន​ថវិកា​ប៉ុន្មាន​ក៏​អាច​វិនិយោគ​បានដែរ អ្វីដែល​សំខាន់​គឺ​គួរតែ​មក​ពិភាក្សា​ជាមួយ​អ្នកជំនាញ ព្រោះ​ពួកគេ​អាចធ្វើ​ការងារ​នេះ​បាន​ពី Aដល់ Z ។ គេ​អាច​ដឹងថា​មាន​ថវិកា​ប៉ុន្មាន គួរ​វិនិយោគ​កន្លែង​ណា? យើង​មាន​លុយ​តិច​រកស៊ី​តាមតិច មាន​លុយ​ច្រើន​រកស៊ី​តាមច្រើន ព្រោះ​អ្នកជំនាញ​គេ​អាច​ច្នៃ​កាលទេស​បាន​ទាំងអស់» ។

យ៉ាងណាក៏ដោយ បើទោះជា​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ដីធ្លី​កំពុង​តែមាន​សន្ទុះ​ក៏ដោយ ប៉ុន្តែ​ក៏មាន​អ្នកមួយ​ចំនួន​បានបង្ហាញ​ពី​ក្ដីបារម្ភ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​នយោបាយ ខណៈដែល​វេលា​នៃ​ការបោះឆ្នោត​ជិត​ខិត​មកដល់​នាពេលខាងមុខ។

តប​ទៅនឹង​ក្ដីបារម្ភ​ខាងលើនេះ លោក​ឧកញ៉ា ចេង ខេង បាន​បញ្ជាក់ថា «ជា​ទស្សន​របស់ខ្ញុំ គឺ​គ្មានអ្វី​ជាការ​ព្រួយបារម្ភ​ទេ ព្រោះ​យើង​មើលឃើញថា នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​គឺមាន​ភាពចាស់ទុំ​ហើយ ។ ដូច្នេះ​អ្វីដែល​គួរ​បារម្ភ​គឺថា តើ​យើង​អាច​រកបាន​អ្នកជំនាញ​មាន​បទពិសោធ​ពិតប្រាកដ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​មកជួយ​យើង​បាន​ដែរឬទេ? ដូច្នេះ មុននឹង​យើង​ជឿជាក់​លើ​មនុស្ស​ម្នាក់ យើង​ត្រូវ​មើល​ពី​ប្រ​វ​ត្ដិ​របស់គេ​ឱ្យបាន​ច្បាស់»។ លោក​បញ្ជាក់​បន្ថែមថា៖ «ភ្នាក់ងារ​អចលនវត្ថុ​មាន​ច្រើន ប៉ុន្ដែ​ភ្នាក់ងារ​ខ្លះ​អត់​មាន​សច្ចភាព​ក្នុង​ការងារ​របស់គាត់​ទេ គាត់​ក៏​មិន​គិតដល់​អនាគត​ដែរ គាត់​ធ្វើ​យ៉ាងម៉េច​ឱ្យតែបាន​លុយ​ក្នុងមួយគ្រាៗ បើ​បោកប្រាស់​គេ​បាន​កាន់តែ​ល្អ ព្រោះ​គាត់​អត់​មាន​ជំនាញ​ត្រឹមត្រូវ គ្មាន​កេរ្ដិ៍ឈ្មោះ​ក្នុងសង្គម ។ ដូច្នេះ ដើម្បី​ចៀស​ផុតពី​ហានិភ័យ ហើយ​វិនិយោគ​ទទួលបាន​ជោគជ័យ​ចាំបាច់​ត្រូវតែមាន​ជំនាញ ឬ​មាន​អ្នកជំនាញ​នៅ​ឈ​ពីក្រោយ​ទើបបាន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here