ដោយគង់ សូរិយា
ភ្នំពេញ៖ ជាសារដ៏កម្រមួយពីប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងពីវិស័យអចលនទ្រព្យ ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា តម្លៃអចលនទ្រព្យមិនមានការធ្លាក់ចុះទេ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាខែកក្កដា ខាងមុខនេះ។
សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងពេលចូលរួមពិធីសំណេះសំណាល និងប្រារពខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ១ ឧសភា កាលពីម្សិលម៉ិញនេះថា តម្លៃអចលនទ្រព្យនៅមុនការបោះឆ្នោតមិនធ្លាក់ថ្លៃទេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនៗ ដែលតម្លៃអចលនទ្រព្យមានការធ្លាក់ចុះ។
សម្តេចបានវាយតម្លៃអំពីស្ថានការណ៍នៅកម្ពុជាបច្ចុប្បន្ន អំពីស្ថានភាពអចលនទ្រព្យ បើយោងតាមអ្វីដែលកើតមានពីមុន ជាពិសេសមុនការបោះឆ្នោតម្តងៗផ្នែកអចលនទ្រព្យទាំងដីធ្លី និងផ្ទះសម្បែងគឺមិនឡើងថ្លៃនោះទេ ហាក់រង់ចាំសភាពការណ៍បោះឆ្នោតចេញលទ្ឋផលសិន។
សម្តេចតេជោហ៊ុន សែនបានបន្តថា “ បន្ទាប់មកនៅក្រោយការបោះឆ្នោតរួច ដោយដឹងថាគណបក្សប្រជាជនឈ្នះឆ្នោត ទើបដីធ្លីបានចាប់ផ្តើមឡើងថ្លៃ”។
អគ្គនាយិកាក្រុមហ៊ុន AMATAX Property Service អ្នកស្រីតាំង ហួរបានយល់ស្របនឹងការលើកឡើងរបស់សម្តេចដោយបានថ្លែងថា មិនត្រឹមតែមិនធ្លាក់ចុះថ្លៃនោះទេ ផ្ទុយទៅវិញសកម្មភាពទិញលក់អចលនទ្រព្យបានកើនឡើងផងដែរ ធៀបនឹងការបោះឆ្នោតអាណត្តិមុនៗ ពិសេសនៅខេត្តព្រះសីហនុ តម្លៃអចលនទ្រព្យ និងការទិញលក់បានកើនឡើងយ៉ាងខ្លាំង។
អ្នកស្រីបានបន្តថា “ប្រជាជនលែងខ្វល់ពីរឿងនយោបាយហើយ ពួកគេគិតពីការវិនិយោគរបស់ពួកគេដើម្បីរកផលចំណេញ ព្រោះពួកគេដឹងថា កម្ពុជានៅតែរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ”៕
[…] From: https://dailypostjob.com/%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%8… […]
[…] From: https://dailypostjob.com/%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%8… […]