ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនថ្មីមួយ បានសម្រេចបោះទុនវិនិយោគចំនួន១៩លានដុល្លារ ដើម្បីសាងសង់ដូប្រណីតថ្មីមួយ នៅក្នុងតំបន់បឹងកេងកង១ ជាតំបន់មានប្រជាប្រិយភាពបំផុតនៅទីក្រុងភ្នំពេញ។
ក្រុមហ៊ុនឈ្មោះ Lattrait Property Development Inc ជាអ្នកវិនិយោគខុនដូ The Lattrait។ រហូតមកទល់ពេលនេះ គំរោងនេះបានលក់អស់៤០ភាគរយហើយ ហើយការបើកការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅថ្ងៃទី២៦ មេសាខាងមុខនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងអ្នកជំនាញក្នុងវិស័យនេះ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។
-->

គំរោងកំពស់ជាង២០ជាន់នេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ ដែលមានផ្ទះសរុបចំនួន១៤៩យូនីត ដោយរួមបញ្ចូលខុនដូបែបស្ទីឌូយោចំនួន៧២ ផ្ទះបន្ទប់គេងមួយចំនួន៦៦ បន្ទប់គេងពីរចំនួន៨ និង Penthouse ចំនួនបី។
អ្នកអភិវឌ្ឍន៍ជ្រើសរើសតំបន់បឹងកេងកង១ ដើម្បីវិនិយោគខុនដូប្រណីតនេះ ព្រោះវាជាតំបន់ដែលផ្តល់ភាពងាយស្រួលសម្រាប់រស់នៅ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងលំនៅដ្ឋាននៅកណ្តាលរាជធានី ហើយតម្រូវការលំនៅដ្ឋាននៅតំបន់នេះ នៅតែខ្ពស់ធៀបនឹងតំបន់ដទៃទៀត។
ទីផ្សារខុនដូនៅតែមានកំណើនខ្ពស់នៅក្នុងទីផ្សារ ប៉ុន្តែសម្រាប់គំរោងដែលស្ថិតនៅទីតាំងល្អ និងជាគំរោងល្អ នៅតែមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ហើយគំរោង Lattrait ជាគំរោងដែលស្ថិតក្នុងលំនាំនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា ទីផ្សារខុនដូនៅតែមានដំណើរការល្អ ពិសេសខុនដូដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍មានកេរ្ត៍ឈ្មោះល្អ និងសាងសង់នៅតំបន់ Prime Location ប៉ុន្តែទោះជាយ៉ាងណាខុនដូប្រណីត និងមានតម្លៃខ្ពស់ការលក់ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែខុនដូដែលមានតម្លៃមធ្យម សម្រាប់ប្រជាជនមានជីវភាពមធ្យម នៅតែមានតម្រូវការខ្ពស់នៅឡើយ។
អ្នកនាងបន្តថា “ខុនដូដែលសាងសង់លក់ក្នុងតម្លៃចន្លោះពី៣ ទៅ៥ម៉ឺនដុល្លារមានទីផ្សារល្អ ដោយសារប្រជាពលរដ្ឋក្នុងស្រុកអាចមានលទ្ឋភាពទិញបាន”៕
[…] From: https://dailypostjob.com/%E1%9E%87%E1%9E%94%E1%9F%89%E1%9E%BB%E1%9E%93%E2%80%8B%E1%9E%94%E1%9F%8… […]