តំបន់​ភាគ​ខាងជើង​រាជធានី​ពោរពេញ​ដោយ​សក្តានុពល

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ការអភិវឌ្ឍន៍​ឆ្ពោះទៅ​គ្រប់​ទិស​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រាយ​របាយ​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​គ្រប់​ទិស ស្របតាម​ផែនការអភិវឌ្ឍន៍​ក្រុង​សម្រាប់​ឆ្នាំ២០៣៥ ជា​អ្វីដែល​សាលា​រាជធានី​កំពុង​ធ្វើ ខណៈ​ល្បឿន​នៃ​ការអភិវឌ្ឍ​ឆ្ពោះទៅ​ទិស​ខាងជើង​កំពុងមាន​ល្បឿន​គួរ​ឲ្យ​ចាប់អារម្មណ៍។

លោក ម៉ម សិរី​បញ្ញា អគ្គនាយក​ក្រុមហ៊ុន Easy Property Investment Co, Ltd បាន​ថ្លែង​ឲ្យ propertyarea.asia ដឹង​កាលពីពេលថ្មីៗនេះ​ថា ភាគ​ខាងជើង​ក្រុងភ្នំពេញ​បាន និង​កំពុង​ក្លាយជា​ទីតាំង​ដ៏​មាន​សក្តានុពល តាមរយៈ​គំរោង​អភិវឌ្ឍន៍​ជាច្រើន​បាននិងកំពុង​ធ្វើឡើង និង​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​កាន់តែច្រើន និង​កាន់​តែមាន​របៀបរៀបរយ។លោក​បន្តថា គំរោង AEON MALL ទី២ បាន​លើកស្ទួយ​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងលិច​យ៉ាង​សំបើម ដែល​ធ្វើ​ឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ខ្ពស់​គួរ​ឲ្យ​កត់សំគាល់។

លើសពីនេះ​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងលិច ជា​តំបន់​ដ៏​ទាក់ទាញ ប្រៀបបាន​ដូចជា​គ្រាប់ពេជ្រ ដោយសារ​តំបន់​នេះ​មានការ​ភ្ជាប់​ផ្លូវជាតិធំៗចូលមក​កាន់​រាជធានី​ភ្នំពេញ ទាំង​ផ្លូវជាតិ​លេខ៥ ផ្លូវជាតិ​លេខ៦ ផ្លូវជាតិ​លេខ៧ និង​ផ្លូវជាតិ​លេខ៨ សុ​ទ្ឋ តែ​ជា​ផ្លូវ​ឬ​ស​សៃ​ឈាម​សេដ្ឋកិច្ច​ចូលមក​កាន់​រាជធានី​ភ្នំពេញ។

លោក ម៉ម សិរី​បញ្ញា បាន​បន្តថា តំបន់​ដែលមាន​ទន្លេ​ព័​ទ្ឋ​ជុំវិញ​នេះ ជាទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​វិនិយោគ ជាក់ស្តែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ មាន​គំរោង​ទីក្រុង​រណប​ជាច្រើន​កំពុង​សាងសង់ ដូចជា ទីក្រុង​រណប​ជ្រោយចង្វារ​ដែល​គ្រោង​បោះទុន​វិនិយោគ១៦០០លាន​ដុល្លារ ទីក្រុង​រណប​នៃ​គំរោង​អ័​រ​គី​ដេ​វីឡា និង​ទីក្រុង​រណប​មិត្តភាព​កម្ពុជា ចិន (CHINA TOWN) នៅ​តំបន់​ទីក្រុង​រណប​តេ​ជោ​មរកត ដែលមាន​តំលៃ​វិនិយោគ រហូតដល់១៥០០លាន​ដុល្លារ​អាមេរិក និង​បុរី​មួយចំនួនទៀត​កំពុង​ឆ្ពោះទៅកាន់​តំបន់​នេះ។

លោក​បន្តថា “ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សណ្ឋាន​ដី​ល្អ និង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​អំណោយផល មិនមាន​ការបំពុល​ពី​ផ្សែង​រោងចក្រ សហគ្រាស​នានា នឹងធ្វើ​ឲ្យ​តំបន់​ភាគ​ខាងជើង​កាន់តែ​មាន​ភាព​រស​រវើក​នាពេល​អនាគត។លោក​បន្តថា “ខ្ញុំ​ជឿជាក់ថា​តំបន់​នេះ​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​រស​រវើក និង​ទាក់ទាញ​ថ្មី​មួយទៀត សម្រាប់​ក្នុង​ភ្នំពេញ​នាពេល​អនាគត។

ក្នុង​ផែនការមេ ទីក្រុង​ភ្នំពេញ​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣៥ សាលា​រាជធានី​ភ្នំពេញ​មាន​គោលដៅ ពង្រីក​ការអភិវឌ្ឍន៍​ទៅគ្រប់​ទិស​ទាំង​បួន នៃ​រាជធានី​ភ្នំពេញ ដោយសារ​ពីមុន មក​ការអភិវឌ្ឍន៍​បាន​រីក​ខ្លាំង​ទៅ​ភាគ​ខាងលិច និង​ខាងជើង​ក្រុងភ្នំពេញ ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​ចូលទៅ​រស់នៅ​តំបន់​នោះ​ច្រើន ដោយ​មើលឃើញ​បែបនេះ​ទើប​អាជ្ញាធរ​ក្រុង​បាន​ពង្រីក​ការអភិវឌ្ឍន៍​ទៅ​ភាគខាងត្បូង និង​ភាគ​ខាងកើត​រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​ប្រជាជន​រស់នៅ​ប្រមូលផ្តុំ​តែមួយ​កន្លែង ដែល​នាំ​ឲ្យ​មាន​បញ្ហា​បរិស្ថាន​សង្គម និង​ធ្វើ​ឲ្យ​មានការ​ពិបាក​គ្រប់គ្រង។នេះ​បើតាម​លោក​មាន ចាន់​យ៉ា​ដា​អភិបាលរង​ក្រុងភ្នំពេញ​លើកឡើង។

លោក​បន្តថា “ប្រសិនជា​មើលទៅ​ភាគ​ខាងជើង​រាជធានី វា​ជា​តំបន់​មានការ​អភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​លំនៅដ្ឋាន ពាណិជ្ជកម្ម​ខ្លាំង​នាពេល​អនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here