ដោយ គង់ សូរិយា
ភ្នំពេញ៖ មានចម្ងល់ជាច្រើនពីការចូលមកដល់កម្ពុជា នៃក្រុមហ៊ុនលំដាប់យក្សរបស់ចិនមកវិនិយោគនៅកម្ពុជា ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះបានប្រាប់ថា កត្តាសំខាន់ចំនួន៤បានទាក់ទាញក្រុមហ៊ុនទាំងនោះចូលមកកាន់ទីក្រុងភ្នំពេញ។
លោក RAYSON ប្រធានផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុនយក្សមួយក្នុងចំណោមយក្សទាំង១០នៅប្រទេសចិន R& F Properties បានមានប្រសាសន៍ឲ្យដឹង កាលពីដើមស ប្តាហ៍នេះថា មានមូលហេតុសំខាន់ៗចំនួន៤ ដែលក្រុមហ៊ុននេះសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ទី១ គោលនយោបាយផ្លូវសូត្រ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសមានលក្ខខ័ណ្ឌពិសេស ដែលទទួលបានផលប្រយោជន៍ពីគំរោងនេះ ទី២ ទំនាក់ទំនងដ៏ល្អ និងរ៉ឹងមាំរវាងមេដឹកនាំកម្ពុជា ពិសេសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំចិន ទី៣ កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសកម្ពុជា និងទី៤ ស្ថិរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា។
លោកបន្តថា “ប្រទេសកម្ពុជា គឺជាប្រទេសទី២ក្នុងតំបន់អាស៊ាន ដែលយើងបានមកវិនិយោគ បន្ទាប់ពីប្រទេសភូមា។ ហេតុផលដែលយើងមកទីនេះ គឺដោយសារគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសដែលមានលក្ខណៈពិសេស ដែលកំពុងទទួលផលប្រយោជន៍ពីគោលនយោបាយនេះ”។
R&F PROPERTIES បាននិងកំពុងចាប់ផ្តើមគំរោង R&F CITY នៅមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ព្រោះយើងចង់ផ្តល់នូវបែបផែនជីវិតថ្មីមួយ សម្រាប់ប្រជាជនកម្ពុជានិងសហគមន៍ចិន ដែលមកវិនិយោគ និងធ្វើការនៅប្រទេសកម្ពុជា។ គំរោងនេះមានអាគារសរុបចំនួន២០ និងមានកំពស់៣៣ជាន់ ដែលនឹងបញ្ចប់នៅឆ្នាំ២០២០ ហើយទំហំទឹកប្រាក់នៃការវិនិយោគគំរោងនេះ មានច្រើនជាង២ពាន់លានដុល្លារអាមេរិក។
លោក RAYSON បានបន្តថា គំរោងនេះមានផ្ទះចំនួន៥២៣២យូនីត មានរួមបញ្ចូលនូវក្លឹបកីឡាទំហំ៣២០០ម៉ែត្រ និងផ្ទះបែបអាជីវកម្ម៣៨ និងសួនច្បារដ៏ធំមួយ។ គំរោងនេះបានចាប់ផ្តើមលក់ហើយ ដោយយើងផ្តោត ទីផ្សារនៅប្រទេសចិន និងជនបរទេសដទៃទៀត និងនៅកម្ពុជា ប៉ុន្តែយើងផ្តោតជាពិសេសលើអតិថិជនចិន ដែលមានជីវភាពខ្ពស់ និងចង់បានជីវិតរស់នៅបែបស៊ីវិល័យ។
លោកបន្តថា “យើងក៏ផ្តោតលើអតិថិជនជាជនជាតិខ្មែរ ព្រោះខ្ញុំគិតថានាពេលអនាគតប្រជាជនកម្ពុជា នឹងចូលចិត្តរស់នៅខុនដូឬអាផាតម៉ិនផងដែរ ព្រោះនៅប្រទេសចិនប្រជាជនចិនចូលចិត្តរស់នៅតាមអាផាតម៉ិន ដោយសារអាផាតម៉ិន និងខុនដូផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងមានជីវិតបែបស៊ីវិល័យ”។
តម្លៃផ្ទះនៅក្នុងគំរោងនេះ លក់ក្នុងតម្លៃចាប់ពី១៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។
លោក RAYSON បានបន្តថា “យើងជឿជាក់ថាគំរោងនេះ នឹងទទួលបានជោគជ័យ ដោយសារហេតុផលខាងលើនេះ ដោយសារកំនើនសេដ្ឋកិច្ចកម្ពុជា និងចំនួនអ្នកវិនិយោគកាន់តែច្រើននឹងចូលមកវិនិយោគកម្ពុជា”។
ជាមួយគ្នានេះ អ្នកវិនិយោគចិនជាច្រើនចង់វិនិយោគនៅក្រៅប្រទេស ដែលពួកគេចង់ស្វែងរកប្រាក់ចំណេញ ហើយទីផ្សារកម្ពុជាជាទីផ្សារដ៏ជោគជ័យ និងទាក់ទាញមួយ ហើយទីក្រុងភ្នំពេញជាកន្លែងមួយដ៏ទាក់ទាញ។ ទោះបីខេត្តព្រះសីហនុ និងសៀមរាបមានសក្តានុពល ប៉ុន្តែខេត្តទាំងពីរមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋ និងសេវាកម្មសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅដូចទីក្រុងភ្នំពេញទេ៕