រាជបណ្ឌិតសភាកម្ពុជាចេញសៀវភៅ “មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាពនិងឆ្ពោះទៅកាន់ការអភិវឌ្ឍ”

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកស្រាវជ្រាវ និងនិពន្ឋចំនួន៨រូបបានចេញផ្សាយសៀវភៅ “មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅកាន់ការអភិវឌ្ឍ ២០០៨-២០១៨ជាផ្លូវការ។

សៀវភៅដែលជាស្នាដៃរបស់រាជបណ្ឌិតសភាកម្ពុជា មានកំរាស់មាន៥៩៦ទំព័រ និពន្ធរួមដោយបណ្ឌិតសភាចារ្យសុខ ទូច បណ្ឌិតខែក វីរៈ បណ្ឌិតស៊ុន សំ បណ្ឌិតគី សេរីវឌ្ឍន៍,លោក ចាន់ វណ្ឌីលោក លឹម សុវណ្ណារិទ្ធិ លោក ហេង វិរិទ្ធិ និងលោក ផាញ់ សារឿន។ការបោះពុម្ពផ្សាយលើកដំបូងនេះ មានចំនួន១ម៉ឺនច្បាប់។

សៀវភៅនេះ បង្ហាញពីដំណើរវិវត្តនយោបាយ សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល២នីតិកាលនៃរដ្ឋសភាជាតិ និងឆ្លុះបញ្ចាំងពីសច្ចភាពប្រវត្តិសាស្ត្រនៅក្នុងសង្គមកម្ពុជា និងជាកំណត់ត្រា សាវតារជាតិនៃសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល១០ឆ្នាំគិតចាប់ពីឆ្នាំ ២០០៨-២០១៨។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងជាប្រធានក្រុមអ្នកស្រាវជ្រាវសៀវភៅនេះ បានថ្លែងក្នុងពិធីសម្ភោធការលក់សៀវភៅ នាព្រឹកថ្ងៃទី៦ វិច្ឆិកានេះថា សៀវភៅនេះបង្ហាញអំពីដំណើរវិវត្តនយោបាយ សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល២នីតិកាលនៃរដ្ឋសភាជាតិដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាក្រោមរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយស្តែងចេញឱ្យឃើញពីការ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាដែលមានគណបក្ស ជាដៃគូក្នុងរាជរដ្ឋាភិបាល និងមានចម្រុះគណបក្សនយោបាយនៅក្នុងរដ្ឋសភា និងការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥នៃរដ្ឋសភា ដែលមានគណបក្សនយោបាយតែ២ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា។

សៀវភៅនេះ ក៏បានបង្ហាញអំពីភាពចាស់ទុំនៃអ្នកនយោបាយ ដោយបានបញ្ចប់ អត្ថិភាពដៃគូប្រកួតប្រជែងនយោបាយ ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល និងប្រព្រឹ​ត្តផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយរក្សាបាននូវសុខសន្តិភាព និងការ អភិវឌ្ឍជូនជាតិមាតុភូមិ។

លោកបណ្ឌិតសុខ ទូចបានគូសបញ្ជាក់ថា “ជាការពិតណាស់ យើងមិនអាចកោសលុបប្រវត្តិសាស្ត្របានទេថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលពិភពលោកបានចាត់ទុកថា ជាបុរសខ្លាំងនៅកម្ពុជា ដែលលោក គឺជាវរជនដែលបានស្វែងរកសន្តិភាពនិងដាក់ចេញនូវគោលនយោបាយ ដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពជឿនលឿន”។ លោកបន្តថា “តាមរយៈការជំរុញការអភិវឌ្ឍ និងបង្កើនសក្តានុពលទៅលើគ្រប់វិស័យ ពិសេសវិស័យចម្បងៗ ដូចជា វិស័យអប់រំបណ្តុះបណ្តាល ធនធានមនុស្ស វាយនភណ្ឌ ទេសចរណ៍ ធនាគារ សំណង់និងកសិកម្មព្រមទាំងការទាក់ទាញ វិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាជាដើម ដែលឆ្លុះបញ្ចាំងនិងអនុលោមទៅតាមដំណាក់កាល ជ្រុង និងមុំនីមួយៗនៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា”។

សៀវភៅនេះជាកញ្ចក់ឆ្លុះបញ្ចាំងពីសច្ចភាពប្រវត្តិសាស្ត្រ នៅក្នុងសង្គមកម្ពុជា និងជាកំណត់ត្រា សាវតារជាតិនៃសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៨-២០១៨។

សៀវភៅនេះចែកចេញជា៣ជំពូក ដោយជំពូកទី១ និយាយអំពីនយោបាយក្នុងប្រទេស៖ ខ្លឹមសារសំខាន់នៅក្នុងជំពូកនេះ គឺរំលេច ឱ្យឃើញនូវដំណើរឈានទៅរកការបញ្ចប់សង្គ្រាមនៅកម្ពុជា ផ្តើមចេញពីឆ្នាំ១៩៨៩ ដែល ជាឆ្នាំចាប់ផ្តើមដំបូងនៃដំណើរការចរចារស្វែងរកសន្តិភាពនៅកម្ពុជា ហើយនាំទៅដល់ការចុះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាឆ្នាំ១៩៩១ ដែលមានតួអង្គពីរសំខាន់ គឺសម្តេចនរោត្តម សីហនុនិងសមមិត្ត ហ៊ុន សែន។

នាដំណាក់កាលនោះ ជាពេលវេលាដ៏លំបាកមួយសម្រាប់ ថ្នាក់ដឹកនាំកម្ពុជា ត្បិតកម្ពុជានៅតែគ្រប់គ្រងប្រទេស ដែលមានសង្គ្រាមផ្ទៃក្នុងនៅឡើយ ដែលជាការគ្រប់គ្រងប្រទេសតាមរបៀបស្បែកខ្លា។ រយៈពេលជាង៣ឆ្នាំ ដែលថ្នាក់ដឹកនាំកម្ពុជាប្រើប្រាស់ដើម្បីសម្រេចបាននូវកិច្ចព្រម ព្រៀងជាប្រវត្តិសាស្ត្រមួយនៅកម្ពុជា ដោយមានការចូលរួមពីប្រទេសចំនួន១៨ប្រទេស និងបានធ្វើការចរាចរនៅប្រទេសជាច្រើន ទាំងក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន។

លើនេះទៅទៀត នៅក្នុងជំពូកនេះ ក៏បានគូសបញ្ជាក់ផងដែរ នូវដំណើរវិវត្តនៃប្រជាធិបតេយ្យ នៅក្នុងសម័យរាជាណាចក្រកទី២ ពោលគឺរៀបរាប់ពីដំណើរការនៃការចូលរួមបោះឆ្នោតរបស់គណបក្សនយោបាយទាំងឡាយ រាប់តាំងពីនីតិកាល១នៃរដ្ឋសភានាឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៨ អំពីដំណើរការនៃការឃោសនារកសំឡេងឆ្នោត ក៏ដូចជាវិបត្តិនយោបាយក្រោយការប្រកាសលទ្ធផល។

នៅត្រង់ចំណុចនេះ យើងបានសង្កត់ធ្ងន់ទៅលើយន្តការនៃការដោះស្រាយ វិបត្តិនយោបាយរបស់អ្នកនយោបាយខ្មែរ ពិសេសភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀតជំពូកនេះ ក៏បានបង្ហាញពីសេរីភាពរបស់ប្រជាជនកម្ពុជាដែលមាន សិទ្ធិសេរីភាពពេញលេញនៅក្នុងការស់នៅ និងត្រូវបានធានាដោយច្បាប់ដែលពលរដ្ឋម្នាក់ៗ មានសិទ្ធិក្នុងការជ្រើសរើសនូវថ្នាក់ដឹកនាំ ដែលខ្លួនពេញចិត្តឈរលើមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស។ ក្រៅពីនោះ ជំពូកដដែលនេះ ក៏បានបង្ហាញផងដែរនូវតួនាទីរបស់យុវជនកម្ពុជា ក្នុងសម័យថ្មី ក៏ដូចជាលំហនៃអង្គការសង្គមស៊ីវិល ដែលជាដៃគូមួយមិនអាចខ្វះបាននៅក្នុង សង្គមប្រជាធិបតេយ្យ។

ជំពូកទី២និយាយពីកម្ពុជា ក្នុងតួនាទីនយោបាយការបរទេស។ ជំពូកនេះផ្តោតទៅលើ ដំណើរកម្ពុជាក្នុងការឈានចូលក្នុងអង្គការអន្តរជាតិនានា ដោយរាប់ទាំងអង្គការតំបន់ក៏ដូចជា សមាគមផ្សេងៗទៀត។ ជំពូកនេះក៏បានគូសបញ្ជាក់ ពីទំនាក់ទំនងដ៏ល្អរបស់កម្ពុជាជាមួយ ប្រទេសដទៃរាប់ទាំងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកជាដើម។

បន្ថែមពីលើនេះទៀត ជំពូកទី២នេះ បានបបង្ហាញពីនយោបាយការបរទេសដ៏ប៉ិនប្រសព្វរបស់កម្ពុជា ដែលតែងប្រកាន់ខ្ជាប់នូវនយោបាយ “ការបរទេសតាមបែបផ្កាចម្រុះពណ៌»។ ជាការពិត កម្ពុជាដែលធ្លាប់ជា ប្រទេសទទួលកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ នៅលើទឹកដីរបស់ខ្លួនកាលពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០នោះ បានប្រែក្លាយទៅជាប្រទេសដែលបានបញ្ជូនកងទ័ពរបស់ខ្លួន ក្រោមឆត្រនៃអង្គការសហប្រជាតិទៅកាន់បណ្តាប្រទេសមានជម្លោះមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីបប្រឹស និងម៉ាលីជាដើម។

បញ្ជូនទ័ពមួកខៀវកម្ពុជា គឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ក្រៅពីនេះ ជំពូកទី២ ក៏បានបង្ហាញ  នូវទិដ្ឋភាពនយោបាយអន្តរជាតិក្នុងតំបន់ដូចជាអាស៊ាន សហគមន៍អឺរ៉ុប និងភាពជាដៃគូកិច្ច សហប្រតិបត្តិការរវាងកម្ពុជាជាមួយមហាអំណាចនានា តួរយ៉ាងសហរដ្ឋអាម៉េរិក ចិន និង រុស្ស៊ីផងដែរ។

ជំពូកទី៣ស្តីពី ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។ ក្នុងជំពូកនេះបង្ហា​ញពីការរីកចម្រើនរបស់កម្ពុជា ព្រមទាំងសន្ទុះនៃការវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម ធនាគារ ទេសចរណ៍ កសិកម្ម ហេដ្ឋរចនាសម្ព័ន្ធ អភិវឌ្ឍជនបទ ក៏ដូចជា វិស័យ ថាមពលនិងធនធានទឹកជាដើម។

ជាពិសេស សន្ទុះនៃការរីកចម្រើនខ្លាំងក្នុងទីក្រុងភ្នំពេញ ដែលជាបេះដូងនៃប្រទេ​ស​កម្ពុជា។ ពិតណាស់ ទីក្រុងភ្នំពេញតែរយៈពេលខ្លីចុងក្រោយនេះ មានការពង្រីកនូវទំហំរបស់ខ្លួនជាបន្តបន្ទាប់ជាងនេះទៅទៀត ភាពរីកចម្រើនរបស់ក្រុងភ្នំពេញ។ អាចនិយាយបានថា ជាការរីកចម្រើនខ្លាំងជាងយុគ្គសម័យណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រោះភ្នំពេញក្នុងឆ្នាំ២០១៨នេះ សម្បូរទៅដោយហេដ្ឋរចនាសម្ព័ន្ធអគ្គិសនីខ្វាត់ខ្វែង មានស្ពានអាកាសជាច្រើនខ្សែ និងមានអគារខ្ពស់ៗជាច្រើនកន្លែង។

ជំពូកទី៣នេះ ក៏បានរំលេចអំពីវឌ្ឍនភាព ដែលកម្ពុជាអាចសម្រេចបាននូវកំណើន សេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរវង្វង់៧% ជាបន្តបន្ទាប់ដែលបានហាក់ធ្វើឱ្យកម្ពុជា ក្លាយទៅជាកូនខ្លា សេដ្ឋកិច្ចថ្មីមួយនៅក្នុងអាស៊ាន ដែលកម្ពុជានឹងឈានទៅជាប្រទេសមានចំណូលធម្យមកម្រិ តខ្ពស់ឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។

បណ្ឌិតសភាចារ្យសុខ ទូច បានសម្តែងនូវសុទិដ្ឋិនិយមថា “សៀវភៅនេះអាចផ្តល់ជាអត្ថប្រយោជន៍ដល់អ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវនូវជ្រុងណាមួយ ដែលយើងយល់ថាអាចដកស្រង់ជាបទពិសោធ ជាមេរៀន ឬជាយុទ្ធសាស្រ្តសម្រាប់មនុស្សទៅថ្ងៃអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here