ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហើបពីគម្រោងបង្កើតផលិតផលទេសចរណ៍ថ្មីនៅក្នុងខេត្តមណ្ឌលគីរីដោយការបង្កើតជាទីលានចំណតយន្ដហោះលើទឹកខ្នាតតូចនៅទន្លេស្រែពកដើម្បីបង្កើនភាពទាក់ទាញទេសចរជាតិនិងអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ បានបង្ហាញពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃចុងសប្ដាហ៍នេះ ដោយបានដាក់ចេញនូវការបង្កើតជាគោលដៅទេសចរណ៍សំខាន់ នៅទូទាំងខេត្ត ជាពិសេស ទីតាំងភូមិសា ស្ត្រដែលមានសក្តានុពលដែលអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន។
លោកបណ្ឌិតបញ្ជាក់ថា “តំបន់ប្រជុំជនស្រុកកោះញែក មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plane) នៅទន្លេស្រែពក នៃស្រុកកោះញែក”។ លោកបន្តថា “ថ្វីដ្បិតទន្លេស្រែពក មិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេ អាចរៀបចំជាចំណតយន្តលើទឹក ដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានថែមទៀតផង”។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ លោក ជុក ជំនោរ បានបង្ហើបថា ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០–២០៣៥។
ប៉ូលទេសចរណ៍ធំៗទាំង ៦ រួមមាន៖ តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច តំបន់ក្រុងសែនមនោរម្យ តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង តំបន់សមាហរណកម្មច្រកទ្វារព្រំដែន និងតំបន់ប្រជុំជនស្រុកកោះញែក ខាងលើផ្ទាល់តែម្តង៕