ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ តើអ្នកបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរបែបបទ នៃការរស់នៅរបស់ខ្លួនហើយឬនៅសម្រាប់រយៈពេល១០ឆ្នាំខាងមុខ? នៅពេលការកកស្ទះចរាចរណ៍ក្នុងទីក្រុងកាន់តែអាក្រក់ និងកំនើនប្រជាសាស្ត្រនៅក្នុងទីក្រុង កាន់តែច្រើន?។
អគ្គនាយកក្រុមហ៊ុនស្លឹករិទ្ធរៀលធី លោក ឃាង ពុទ្ឋី បាននិយាយឲ្យដឹងកាលពីពេលថ្មីៗនេះថា មិនយូរទេនិន្នាការរស់នៅតាមខុនដូ របស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង។ អ្នកដែលរស់នៅខុនដូ ភាគច្រើនជាអ្នកដែលធ្លាប់បានទៅរស់នៅ ឬសិក្សានៅក្រៅប្រទេស។ ការរស់នៅខុនដូ គឺមានភាពឯករាជ្យ និងមានសុវត្ថិភាពខ្ពស់។ លោកបានបន្តថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរ ដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់កាន់តែច្រើន បានងាកមកចាប់អារម្មណ៍ចំពោះការស្នាក់នៅខុនដូវិញ ពីព្រោះខុនដូមានទីតាំងនៅកណ្តាលក្រុង ស្របពេលការកកស្ទះចរាចរណ៍ និងការកើនឡើងនៃតម្លៃដី ក៏បានចូលរួមចំណែកធ្វើឱ្យការគិតរបស់ប្រជាពលរដ្ឋប្រែប្រួលផងដែរ។
-->
លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែមានគំនិតសុទិដ្ឋិនិយមចំពោះភាពរីកចម្រើននៃវិស័យខុនដូ និងត្រូវនាំគ្នាគាំទ្រ ព្រោះបើយើងមានគំនិតអវិជ្ជមានប្រាកដណាស់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាមិនខាន ខណៈប្រទេសជិតខាងកម្ពុជា គេបានធ្វើដំណើរលឿនជាងប្រទេសយើងឆ្ងាយណាស់ទៅហើយ ចំពោះផ្នត់គំនិតនៃការរស់នៅខុនដូ ដូច្នេះយើងមិនត្រូវគិតថា ការសាងសង់នេះវាលើសតម្រូវការទេ ព្រោះបើលើសមែនរាជរដ្ឋាភិបាលនឹងមានវិធានការណ៍ដោះស្រាយជាមិនខាន។
នាយកក្រុមហ៊ុន Spring CJW Development លោក Anthony Ong ដែលកំពុងវិនិយោគលើគម្រោងខុនដូ Axis Residences ដែលមានចំនួន៥៦៦យូនីត ស្ថិតនៅតាមបណ្តោយផ្លូវ2004 ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានលើកឡើងកាលពីពេលថ្មីៗនេះថា“ប្រជាពលរដ្ឋខ្មែរ នៅតែជាសសរគ្រឹះដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច និងអចលនវត្ថុក្នុងប្រទេសកម្ពុជា។ លោកបន្តថា “យើងពិតជាមានការជឿជាក់ និងចង់ឱ្យប្រជាពលដ្ឋខ្មែរ ទទួលបានកន្លែងរស់នៅដ៏ស្អាតកម្រិតស្តង់ដា។
លោក Anthony បញ្ជាក់ថា “យើងពិតជាចង់ចូលរួមជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈកាលផ្តល់ជូននូវកន្លែងរស់នៅមួយដ៏ល្អដូចនៅប្រទេសសឹង្ហបុរី។ លោកបន្តថា“គោលបំណងដែលយើងធ្វើការវិនិយោគខុនដូ Axis Residences គឺមិនគ្រាន់តែដើម្បីបង្កើតជាផ្ទះស្នាក់នៅរួមនោះទេ តែការពិតវាជាលំនៅឋានដែលគួរឱ្យចង់រស់នៅ និងមានអ្វីៗគ្រប់យ៉ាងជាតម្រូវការរបស់អ្នកស្នាក់នៅ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solutions បានរកឃើញថា ប្រជាជនរស់នៅទីក្រុងភ្នំពេញ នឹងកើនឡើងប្រមាណ៤លាននាក់នៅឆ្នាំរហូតដល់ឆ្នាំ២០៣៥ខាងមុខនេះ ជាពេលវេលាដែលការកកស្ទះចរាចរ ណ៍នឹងកើនឡើង តម្លៃអចលនទ្រព្យក្នុងតំបន់កណ្តាលក្រុងឡើងថ្លៃខ្លាំង និងបច្ចេកវិទ្យាកាន់តែសម្រួលដល់បែបបទ នៃការរស់នៅកាន់តែងាយស្រួល និងមានភាពស៊ីវិល័យ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល បាននិយាយថា ការរស់នៅខុនដូ គឺជាបែបបទនៃការរស់នៅមួយដែលមានភាពស៊ីវិល័យ និងទាន់សម័យ ដោយសារខុនដូអាចមានអ្វីៗសព្វបែបយ៉ាងដូចជា ចំណតរថយន្តសមរម្យ ផ្សារទំនើប កន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក និងសួនច្បារជាដើម។

លោកឧកញ៉ាបានបញ្ជាក់ថា “ខ្មែរយើងចេះតែគិតថា ការរស់នៅខុនដូគឺជើងមិនជាប់ដី (សំណង់ដែលមានកម្ពស់ច្រើនជាន់) ប៉ុន្តែបច្ចុប្បន្ននៅតាមប្រទេសរីកចម្រើននានាគេបានធ្វើរួចហើយ ព្រោះការរស់នៅក្នុងខុនដូ គឺបានផ្តល់ឱ្យយើងរស់នៅមួយដែលមានភាពសុខុដុមរមនា ទំនើប និងទាន់សម័យ។
លោក សារុន ឫទ្ធា អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរពិតជាមានការលំបាក ក្នុងការរកទិញដី ដើម្បីសាងសង់ផ្ទះនៅកណ្តាលក្រុងណាស់ ព្រោះដីនៅតំបន់សំខាន់ៗដូចជា បឹងកេងកង ដូនពេញ ឬទួលគោក តម្លៃរបស់វាបានឡើងថ្លៃខ្ពស់ខ្លាំងណាស់។ ការកើនឡើងនៃតម្លៃនេះ គឺដោយសារតែដីនៅកណ្តលក្រុង កំពុងក្លាយជាដីសម្រាប់វិនិយោគិន ទិញយកទៅសាងសង់អគារខ្ពស់ៗ អគារពាណិជ្ជកម្មនិងខុនដូជាដើម។
យោងតាមផែនការមេរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាសាលារាជធានីភ្នំពេញ ក្នុងការពង្រីកផ្ទៃដីចំនួន២០គីឡូម៉ែត្រការ៉េជុំវិញរាជធានីភ្នំពេញនោះ បានធ្វើឱ្យនិន្នាការតម្លៃដីធ្លីនៅជាយក្រុងក៏កើនឡើងច្រើនផងដែរ ប៉ុន្តែវាមិនឡើងថ្លៃខ្ពស់ដូចនៅកណ្តាលទីក្រុងទេ ដែលអាចអនុញ្ញាតឱ្យអ្នកមានប្រាក់ចំណូលមធ្យម ឬលើសពីមធ្យមអាចទិញបាន។
លោក សារុន ឬទ្ឋា បានបញ្ជាក់ថា “នៅរាជធានីភ្នំពេញ សម្រាប់អ្នកដែលមានផ្ទះចាប់ពី១ដល់១០ គឺមានប្រហែល១០ភាគរយ ចំណែកអ្នកមានផ្ទះនៅដោយខ្លួនឯងមានប្រហែល២០ភាគរយ និងអ្នកមិនមានផ្ទះតែមានប្រាក់ខែ និងចំណូលមធ្យមថេរ ឬលើសមធ្យមអាចមានចំនួន៧០ភាគរយ (ពួកគេពុំទាន់មានផ្ទះនៅឡើយទេដោយអ្នកខ្លះមានផ្ទះនៅ ប៉ុន្តែជួនកាលអាចបង់រំលោះជាមួយធនាគារ)។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កំនើនអគារខុនដូនៅកម្ពុជាក្នុងឆ្នាំ២០១៥ កន្លងមកមានចំនួន១៥,០០០យូនីត ហើយចំនួននេះនឹងបន្តកើនឡើងដល់៤៥,០០០យូនីត នៅក្នុងឆ្នាំ២០១៨ខាងមុខ៕