ដោយ គង់ សូរិយា
ភ្នំពេញ៖ បច្ចុប្បន្នទីក្រុងកោះពេជ្រមានសំណង់អាគារពាណិជ្ជកម្ម លំនៅដ្ឋាន ខុនដូយ៉ាងព្រោងព្រាតរួចទៅហើយ ដែលយើងគិតថាទីក្រុងនេះ ប្រហែលអស់ដីអភិវឌ្ឍន៍ហើយ ប៉ុន្តែតាមពិតមិនដូច្នេះឡើយ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទោះបីជាមានសកម្មភាពអភិវឌ្ឍន៍ និងសំណង់នានាកើនឡើងច្រើនយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្នផ្ទៃដីកោះពេជ្រទាំងមូល ទើបប្រើប្រាស់បានចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះ។ លោកបន្តថា តាមធម្មតាគំរោងទីក្រុងរណបនិមួយៗ មិនអាចសាងសង់បញ្ចប់ក្នុងរយៈពេលខ្លីនោះទេ វាត្រូវការពេលវេលាច្រើន ដើម្បីបញ្ជប់តាមផែនការ។
-->
លោកបន្តថា “បច្ចុប្បន្នយើងកំពុងសិក្សាពីស្ថានភាពទីផ្សារ និងលំហូរប្រជាជនថា តើពួកគាត់នឹងទៅកាន់ទីក្រុងជ្រោយចង្វារឬទេ? ព្រោះយើងមានបំណងរើរោងការ សាលពិព៌ណ និងកន្លែងលេងកំសាន្តពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបជ្រោយចង្វារនាពេលអនាគត”។

លោកទូច សំណាងបន្តថា ទីក្រុងកោះពេជ្រកំពុងមានសកម្មភាពមមាញឹក ហើយចំនួនមនុស្សទៅកាន់កោះនេះ មានចំនួនច្រើនជាងការរំពឹងទុក ហើយចំណតយានយន្តមានច្រើនជាងការរំពឹងទុក ពីការព្យាករណ៍របស់យើងតាំងពីតំបូង។
បច្ចុប្បន្នទីក្រុងកោះពេជ្រ មានគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាគំរោងខុនដូ D I RIVIERA, Diamond Twin Tower, La Sen, Alysee, Diamond One,ជាដើម។ ទីក្រុងនេះក៏គ្រោងសាងសង់អាគារកំពស់៥៥៥ម៉ែត្រផងដែរ ប៉ុន្តែគំរោងនេះមិនដឹងពីពេលវេលាចាប់ផ្តើម ឬលុបចោលនៅឡើយនោះទេ៕