ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ មានសម្បុរស្រអែម ញញឹមស្រស់ស័ក្តិសមជានារីខ្មែរ អ្នកនាងអាន សុធីតាបានឆ្លងកាត់ចេញពីគ្រួសារក្រីក្រមួយ និងធ្លាប់តស៊ូធ្វើការផងរៀនផងបានក្លាយជាថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់អន្តរជាតិ ដ៏ជោគជ័យម្នាក់។
កុមារភាពក្នុងភាពក្រីក្រ
-->
ចាប់កំណើតក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខ័ណ្ឌមានជ័យ (បច្ចុប្បន្នខ័ណ្ឌច្បារអំពៅ) ឆាកជីវិតក្មេងស្រីម្នាក់នេះ មានភាពបត់បែនជាច្រើន ទម្រាំបានមកកាន់មុខដំណែងជានាយិកាប្រចាំប្រទេស ក្នុងក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE កម្ពុជា។
ផ្តើមពីថ្នាលបណ្តុះបណ្តាលនៅគ្រឹះស្ថានសិក្សាសាធារណៈ គឺសាលាបឋមសិក្សាឬស្សីស្រស់ មុនបន្តកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ ក្មេងស្រីដ៏ស្រស់សោភានេះ ត្រូវរែកពន់ការងារច្រើន ដោយបង្ខំចិត្តទៅធ្វើការនៅរោងចក្រ ក្នុងនាមជាស្មៀនការិយាល័យ ដើម្បីយកប្រាក់មកបន្តការសិក្សាមហាវិទ្យាល័យនៅពេលយប់ នាសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលពេលនោះមានឈ្មោះជាវិទ្យាស្ថានជាតិគ្រប់គ្រង។

ភាពជូរចត់
គ្មានអ្នកណាមិនជួបបញ្ហាក្នុងឆាកជីវិតទេ មនុស្សតែងស្គាល់បរាជ័យ និង ជោគជ័យ។ អ្នកនាងអាន សុធីតាក៏ដូចគ្នា ព្រោះពេលប្រលងបាក់ឌុបជាប់ អ្នកនាងប្រលងចូលរៀន នៅមហាវិទ្យាល័យណាក៏មិនជាប់ដែរ។
កើតក្នុងគ្រួសារ ដែលមានឪពុកជាមន្ត្រីរាជការ និងម្តាយជាមេផ្ទះ ហើយឪពុកម្តាយត្រូវផ្គត់ផ្គង់បងប្រុសពីរនាក់ទៀតដែលកំពុងសិក្សា ជីវភាពគ្រួសាររបស់នាយិការូបនេះមិនធូរធារនោះទេ។
ក្នុងកាលៈទេសៈបែបនេះហើយ ទើបកញ្ញាធីតាបានសម្រេចចិត្តក្រោកឈរដោយខ្លួនឯង ដោយបានធ្វើការដំបូងនៅរោងចក្រតាំងពីអាយុ១៧ឆ្នាំ ប៉ុន្តែក្រោយមកអ្នកនាងបានផ្លាស់ប្តូរមកធ្វើការនៅក្រុមហ៊ុនផែស្ងួត ជាកន្លែងការងារដែលបានផ្តល់បទពិសោធន៍ច្រើនដល់នាង។
ចាប់ផ្តើមការងារអចលនទ្រព្យ
រៀនជំនាញផ្នែក Accounting ប៉ុន្តែបែរជាក្លាយជាអ្នកដឹកនាំក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ មិនមែនជារឿងងាយស្រួល និងខ្វះការប្រឹងប្រែងឡើយ។
អ្នកនាងអាន សុធីតាបាននិយាយដោយស្នាមញញឹម ប៉ុន្តែបង្កប់ភាពម៉ឺងមាត់ថា នៅឆ្នាំ២០១០ អ្នកនាងបានឃើញសេចក្តីប្រកាសរើសបុគ្គលិក ផ្នែកគណនេយ្យ អ្នកនាងមានការចាប់អារម្មណ៍ បន្ទាប់ពីបានមើលពីសាវតាក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុត និង មានបណ្តាញទូទាំងពិភពលោក។
ទីបំផុតអ្នកនាងបានជាប់ និងចូលធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ជាគណនេយ្យករ។
ក្នុងពេលបំពេញការងារ អ្នកនាងមិនដែលប្រកាន់ការងារនោះឡើយ គឺធ្វើការលើសជំនាញអ្វីដែលខ្លួនមាន នៅទីបំផុតអ្នកនាងត្រូវបាននាយកប្រចាំប្រទេស ជនជាតិអង់គ្លេស សម្រេចចិត្តឲ្យធ្វើការងារលើជំនាញទិញ លក់អចលនទ្រព្យ ដែលធ្វើឲ្យអ្នកនាងកាន់តែមានជំនាញច្រើនថែមទៀត។

វិធីសាស្រ្តឆ្ពោះទៅមុខ
ការទទួលតំណែងធំប្រចាំក្រុមហ៊ុនមួយ មិនមែនជាការងាយឡើយ តើអ្នកនាងធីតាមានវិធីសាស្រ្តយ៉ាងដូចម្តេច ទើបអាចឡើងកាន់តំណែងមួយខ្ពស់ដែលមនុស្សជាច្រើនចង់បានផងដែរ?។
អ្នកនាងសុធីតាបានបកស្រាយថា “ខ្ញុំតែងតែចាត់ទុកក្រុមហ៊ុនខ្ញុំធ្វើការ ជាក្រុមហ៊ុនរបស់ខ្លួន និង ទទួលខុសត្រូវនូវអ្វីដែលជាកាតព្វកិច្ចដែលត្រូវបំពេញ”។
អ្នកនាងបន្ថែមថា “ជាមួយគ្នានេះ យើងត្រូវមានភាពស្មោះត្រង់ គោរពក្រមសីលធ៌មវិជ្ជាជីវៈ និងធ្វើការងារដោយទឹកចិត្តចេញពីបេះដូង”។
ជាមួយនឹងការងារកាន់តែមមាញឹក តំណែងក៏កាន់តែខ្ពស់ការទទួលខុសត្រូវកាន់តែច្រើន ហេតុនេះហើយទើបអ្នកនាងអាន សុធីតាមិនដែលបោះបង់ការសិក្សាឡើយ គឺនៅតែបន្តការសិក្សានៅវិទ្យាស្ថាន Cam-Ad ជំនាញ ACCA។ លើសពីនេះ យើងក៏ត្រូវរៀបចំពីការងារគ្រួសារ ឲ្យមានភាពរលូនជាមួយគ្នាផងដែរ។
បែងចែកការងារនិងគ្រួសារ
ក្នុងតរុណវ័យ អ្នកនាងធីតា បានរៀបការនៅឆ្នាំ២០០៣ ជាមួយលោករ័ត្ន ប៊ុនរិទ្ឋ ដែលជាជាងជួសជុលយន្តហោះនៃក្រុមហ៊ុន Thai Airway និងមានបុត្រជាចំណងដៃពីរនាក់នាពេលបច្ចុប្បន្ននេះ។
តើអ្នកនាងបែងចែកការងារ និងកាតព្វកិច្ចគ្រួសារយ៉ាងដូចម្តេច? អ្នកនាងអាន សុធីតាបានលើកឡើងថា “ខ្ញុំតែងតែបង្រៀនកូនឲ្យចេះទទួលខុសត្រូវលើខ្លួនឯង ចេះជួយការងាផ្ទះ មានភាពស្មោះត្រង់ និងមានភាពតសូ។ ភាពជោគជ័យរបស់កូន មិនមែនសំរាប់ខ្លួនម្នាក់នោះទេ វាជាភាពជោគជ័យ សំរាប់គ្រួសារ និងសំរាប់ប្រទេសជាតិ”។
ការដឹកនាំក្រុមហ៊ុន
ដោយសារមានសមត្ថភាព និងទទួលបានការលើកទឹកចិត្តផង អ្នកនាងសុធីតាបានក្លាយជានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia នៅឆ្នាំ២០១៣ ដែលជំនាញនេះ តម្រូវឲ្យអ្នកនាងចេះការងារច្រើន មិនត្រឹមតែភាពជាអ្នកដឹកនាំឡើយ។
ក្នុងនាមជានាយិកាប្រចាំប្រទេស អ្នកនាងត្រូវមានជំនាញគណនេយ្យ ដើម្បីគ្រប់គ្រងចំណូលចំណាយច្បាស់លាស់ និងត្រឹមត្រូវ ហើយត្រូវមានជំនាញលក់ ដើម្បីធ្វើឲ្យប្រាកដថា ការលក់របស់យើងសម្រេចតាមផែនការ និងជំនាញគ្រប់គ្រងមនុស្ស ដែលអ្នកនាងមានអារម្មណ៍ថា ពិបាកជាងគេ។
អ្នកនាងធីតាបានបន្តថា “ការគ្រប់គ្រងមនុស្ស ខ្ញុំមានអារម្មណ៍ពិបាកជាងគេ ដោយសារក្រុមហ៊ុនមានបុគ្គលិកច្រើននាក់ និងមាន៦ជនជាតិ ដែលត្រូវធ្វើការជាមួយ”។អ្នកនាងបន្តថា “ក្នុងតួនាទីជាស្រ្តីខ្មែរម្នាក់ ហើយមានតួនាទីដឹកនាំមនុស្សជាង៤០នាក់ គឺធម្មតាមានអត្តចរិក៤០ប្រភេទ ហេតុនេះយើងត្រូវប្រាកដថា ពួកគេអាចធ្វើការងារជាក្រុមនិងសម្រេចគោលដៅបាន”។
ជាមួយនឹងបុគ្គលិកមាន៦សញ្ជាតិក្នុងក្រុមការងារ ការធ្វើការជាមួយគ្នាតែងមានបែបផែនខុសៗគ្នា ហេតុនេះយើងត្រូវប្រាកដថា ពួកគេសម្រេចបាននូវការងាររបស់ពួកគេនិមួយៗតាមផែនការ ហើយដើម្បីសម្រេចបានគោលដៅការងារ អ្នកនាងបានលើកឡើងថា “ខ្ញុំប្រើប្រាស់ការលើកទឹកចិត្តច្រើន ជាជាងការរុញឬចាប់បង្ខំ ព្រោះខ្ញុំត្រូវប្រើវិធីសាស្រ្តទន់ភ្លន់ ជាជាងវិធីសាស្រ្តក្តៅ ប៉ុន្តែក៏មានការតាមដានការងារយ៉ាងហ្មត់ចត់ផងដែរ នៅពេលជិតដល់ពេលកំណត់ យើងតែងតែរំលឹកពួកគេពីអ្វីដែលពួកគេមិនទាន់សម្រេចបាន”។
ផ្តល់ការងារនិងបណ្តុះបណ្តាល
ដើម្បីឲ្យស្ថាប័នមួយសម្រេចជោគជ័យ និងរីកចម្រើន ការលើកទឹកចិត្តមានសារៈសំខាន់បំផុត ដើម្បីអោយការងារដំណើរការល្អ និងទទួលបានជោគជ័យព្រមគ្នា។
វិធីសាស្រ្តរបស់នាយិការូបនេះ គឺ “យើងរួមចំណែកជោគជ័យ និងលំបាកជាមួយបុគ្គលិក ហើយយើងត្រូវផ្តល់ការងារល្អ និងចំណូលពីការងារសមរម្យសម្រាប់បុគ្គលិក”។អ្នកនាងបន្តថា “លើសពីនេះយើងត្រូវផ្តល់បរិយាកាសការងារល្អ និងពង្រឹងសមត្ថភាពរបស់បុគ្គលិក ដោយផ្តល់ការហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស”។
អ្នកនាងបន្តថា “ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុន យើងត្រូវមានជំនាញចម្រុះដើម្បីដឹកនាំ និងធ្វើការសម្រេចចិត្តលើផ្នែកអ្វីមួយ”៕