ដោយ គង់ សូរិយា
ភ្នំពេញ៖ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កំពុងទទួលបានការចាប់អារម្ម ណ៍និងគំរោងវិនិយោគជាច្រើន ដោយអ្នកវិនិយោគក្នុងស្រុក និងអឺរ៉ុបបានសម្រេចសាងសង់បុរីថ្មីមួយ ដែលគ្រោងបោះទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក។
គំរោងនេះនឹងសាងសង់បែរមុខទៅមាត់ទន្លេមេគង្គក្រោម ដោយមានការរចនាម៉ូតផ្ទះតាមរចនាបទអ៊ីតាលី និងដែលមានផ្ទះសរុបចំនួន១៧វីឡា ដែលជាប្រភេទវីឡាប្រណីត ដោយលក់ក្នុងតម្លៃចន្លោះពី២០៦,០០០ដល់ជាង៩៩ម៉ឺនដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Century21 Cambodia ដែលបានក្លាយជាភ្នាក់ងារលក់ផ្តាច់មុខនៃគំរោងនេះបានឲ្យដឹងថា គំរោងវីឡាប្រណីតនេះនឹងសាងសង់លើផ្ទៃដីជាង៧០០០ម៉ែត្រការ៉េ និងជាគំរោងវិនិយោគដោយអ្នកវិនិយោគមកពីបារាំង អ៊ីតាលី និងអ្នកវិនិយោគក្នុងស្រុក។
សេចក្តីប្រកាសបន្តថា “វាជាគំរោងវីឡាប្រណីត ដែលមាន Private Swimming Pool និងមានការឌីសាញម៉ូតផ្ទះបែបអ៊ីតាលី និងបំពាក់សម្ភារៈបរិក្ខាសុទ្ឋតែជាផលិតផលនាំចូលមកពីប្រទេសអ៊ីតាលីផងដែរ”។
អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍ គឺវីឡាដែលមានតម្លៃជាង៩៩ម៉ឺនដុល្លារ ដែលមានតែចំនួនពីរក្នុងគំរោងនេះ ជាប្រភេទវីឡា ដែលមានរោងកុនឯកជន មានបណ្ណាល័យ មានកន្លែងលេងស្នូកឃឺ ជាដើម។
សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍថ្មី គំរោងនេះនឹងរៀបចំការសាងសង់ និងរចនាម៉ូតផ្ទះ ដោយប្រើប្រាស់ប្រព័ន្ឋសូឡាមកប្រើប្រាស់ច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជាការចូលរួមលើកកំពស់ការការពារបរិស្ថានផងដែរ។
គម្រោងនេះស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕