ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចំនួន៥ បាននិងកំពុងចូលមកវិនិយោគនៅទីក្រុងភ្នំពេញ តាមរយៈការសាងសង់គំរោងធំៗដ៏អស្ចារ្យ ដែលកំពុងផ្លាស់ប្តូរមុខមាត់ទីក្រុងនេះយ៉ាងលឿន។
ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន Prince Real Estate Group ដែលបាននិងកំពុងវិនិយោគសាងសង់ខុនដូ Diamond One នៅទីក្រុងកោះពេជ្រ គំរោងខុនដូ Prince Plaza, Prince Modern Plaza នៅតាមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅខេត្តព្រះសីហនុ ដោយគ្រោងបោះទុនវិនិយោគ៥០០០លានដុល្លារនៅកម្ពុជា។ ទី២ ក្រុមហ៊ុន R&F Properties,បាននិងកំពុងសាងសង់អាគារកំពស់៣៣ជាន់ ចំនួន២០អាគារស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលគ្រោងបោះទុនវិនិយោគជាង២០០០លានដុល្លារ និងគំរោងមួយទៀតស្ថិតនៅអតីតរងចក្រស័ង្កសី ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ។
ទី៣ ក្រុមហ៊ុន SINO Plaza ដែលបាននិងកំពុងសាងសង់ គំរោងមជ្ឈមណ្ឌលមណ្ឌលពាណិជ្ជកម្មកំពស់៤៥ជាន់ នៅអតីតទីតាំងផ្សារបឹងត្របែក ដែលប្រកាសបោះទុនវិនិយោគ២៥០លានដុល្លារ និងគ្រោងវិនិយោគគំរោងជាច្រើនទៀត។
ទី៤ ក្រុមហ៊ុន Green Land Group ជាក្រុមហ៊ុនយក្ស ដែលបានប្រកាសបោះទុនវិនិយោគ៧០០០លានដុល្លារនៅកម្ពុជាបន្ថែមនាពេលខាងមុខ ហើយក្រុមហ៊ុននេះបានប្រកាសទិញអាគារកំពស់៣៨ជាន់ចំនួន៣ នៃគម្រោង D.I RIVIERA និងទៅ៥ ក្រុមហ៊ុន Guangzhou Yuetai Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនកំពុងមានប្រតិបត្តិការលើគម្រោង ជាច្រើននៅកម្ពុជាដូចជា East One និង East View និងគំរោងដ៏ធំមួយទៀតស្ថិតនៅផ្លូវវេងស្រេង(តំបន់លូ៥)។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជាផងដែរ។
ក្រុមហ៊ុន Guangzhou Yuetai Group បានប្រកាសពីផែនការអភិវឌ្ឍន៍នៅលើដីដែលមានទំហំ៩,២៥ ហិកតានាមាត់ទន្លេសាបក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនោះនឹងមានឈ្មោះថា Harbour Bay ដែលអាចមានអគារខ្ពស់ៗចំនួន ២៤ ស្ថិតតាមឆ្នេរទន្លេ ចាប់ពីគល់ស្ពានជ្រោយចង្វារទៅដល់សួនច្បារផ្សាររាត្រី។ នេះបើយោងតាមគម្រោងរចនាប្លង់។
លោក RAYSON មន្រ្តីផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុន R&F Propertiesបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមហ៊ុនចូលមកបោះទុនវិនិយោគនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧។ កម្ពុជា គឺជាប្រទេសទី ២ ក្នុងតំបន់អាស៊ានដែលក្រុមហ៊ុនបានមកវិនិយោគ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា។ ហេតុផលដែលយើងមកទីនេះ ដោយសារគោលនយោបាយ «ខ្សែក្រវាត់ ១ ផ្លូវ ១» ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតី ស៊ី ជីនភីង ខណៈកម្ពុជា ជាប្រទេសមានលក្ខណពិសេស ដែលនឹងទទួលផលប្រយោជន៍ច្រើនពី នយោបាយនេះ។
លោកបន្តថា”យើងចាប់ផ្តើមគម្រោងនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ព្រោះយើងចង់ផ្តល់នូវបែបផែនជីវិតថ្មី ១ សម្រាប់ប្រជាជនខ្មែរ និងសហគមន៍ចិនដែលមកវិនិយោគ និងធ្វើការនៅប្រទេសកម្ពុជា”។
R&F City បានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនាឆ្នាំ ២០១៨ នេះដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២០។ គម្រោងនេះមានទឹកប្រាក់វិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះមានផ្ទះស្នាក់នៅចំនួន ៥២៣២ យូនីត រួមជាមួយក្លិបកីឡាទំហំ ៣២០០ ម៉ែត្រការ៉េផ្ទះបែបអាជីវកម្មចំនួន ៣៨ និងមានសួនច្បារដ៏ធំទៀតផង។ គម្រោងនេះបានចាប់ផ្តើមបើកលក់ហើយ ដោយយើងផ្តោតលើទីផ្សារនៅប្រទេសចិន និងកម្ពុជា។ សំណង់ និងការរចនារបស់គម្រោងផ្តោតជាពិសេសលើអតិថិជនជនជាតិចិនដែលមាន ជីវភាពខ្ពស់ និងចង់បានជីវិតរស់នៅបែបស៊ីវិល័យ។
លោក RAYSON បានបន្តថា “យើងក៏ផ្តោតលើអតិថិជនជនជាតិខ្មែរផងដែរ ព្រោះខ្ញុំគិតថានៅពេល អនាគតប្រជាជនខ្មែរនឹងផ្លាស់ប្តូរទម្លាប់ការរស់ទៅរស់នៅក្នុងខុនដូ ឬអាផាតមិនដោយសារការរស់នៅខុនដូ ឬអាផាតមិន គឺមានភាពងាយស្រួល និងមានសុវត្ថិភាព”៕