ដោយដែន ចែងចាំង
ភ្នំពេញ៖ បន្ទាប់ពីចាក់ខ្សាច់បំពេញ ក្រុមហ៊ុនOCICបានវិនិយោគទឹកប្រាក់ ១៥០លានដុល្លារ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានានៅក្នុងទីក្រុងរណបជ្រោយចង្វារ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ក្រុមហ៊ុនបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដោយមានផ្លូវប្រវែងសរុបប្រមាណ៣០គីឡូម៉ែត្រ និងប្រព័ន្ឋលូប្រវែង៦០គីឡូម៉ែត្រនៅក្នុងទីក្រុងរណបនេះទាំងមូល។ លោកបន្តថា ក្រុមហ៊ុនបានចំណាយថវិកាសាងសង់ប្រមាណ១៥០លានដុល្លារ ដោយមិនទាន់គិតបញ្ចូលតម្លៃនៃការបូមខ្សាច់ចាក់បំពេញនៅឡើយទេ។
លោកបន្តថា ពេលនេះក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែង លក់ក្នុងតម្លៃចន្លោះ១៥ទៅ២៥ម៉ឺនដុល្លារ និងបានបើកលក់បណ្តើរៗហើយ ។ ក្រុមហ៊ុនក៏កំពុងសាងសង់អាគារពាណិជ្ជកម្មកំពស់១០ ទៅ១២ជាន់លក់ក្នុងតម្លៃ៣ទៅ៤លានដុល្លារ និងអាគារិយាល័យកណ្តាលរបស់ OCIC កំពស់២០ជាន់នៅតំបន់នេះ ដែលបោះទុនវិនិយោគទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក”។
លោកបន្តថា “យើងគ្រោងរៀបចំតំបន់នេះ ជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត ហេតុនេះទើបយើងមិនសាងសង់វីឡា ឬផ្ទះល្វែងច្រើននោះទេ ប៉ុន្តែយើងស្វាគមន៍អ្នកវិនិយោគបរទេស ដែលចង់ទិញដីដើម្បីសាងសង់មជ្ឈមណ្ឌល ពាណិជ្ជកម្មនៅក្នុងទីក្រុងនេះ”។ លោកបន្តថា “យើងចង់ឲ្យទីក្រុងនេះក្លាយជាតំបន់ពាណិជ្ជកម្មទី២ ដូចតំបន់ពាណិជ្ជកម្មស្ថិតនៅតាមមហាវិថីព្រះមុនីវង្សនាពេលអនាគត”។
លោកទូច សំណាងបានបន្តថា ទីក្រុងនេះនឹងត្រូវអភិវឌ្ឈន៍ តាមបែប Smart City ដោយមានការកប់ខ្សែរភ្លើងក្រោមដី អំពូលបំភ្លឺLED បំពាក់ដោយកាមេរ៉ា និងទឹកកខ្វក់ចេញពីអាគារនិមួយៗ សុទ្ឋតែឆ្លងកាត់ប្រព័ន្ឋចម្រោះ មុនបង្ហូរចេញទៅកាន់ទន្លេ។
ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅលើទឹកដីក្នុងសង្កាត់ចំនួនបី គឺសង្កាត់ជ្រោយចង្វារ ព្រែកលាប និងសង្កាត់ព្រែកតាសេក ក្នុងខ័ណ្ឌជ្រោយចង្វារ។
អ្នកនាំពាក្យរដ្ឋបាលក្រុងភ្នំពេញលោកម៉េត មាសភ័ក្តីបានថ្លែងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុនOCIC អភិវឌ្ឍន៍តំបន់នេះជាទីក្រុងរណប ហើយជាលទ្ឋផលខ្សាច់ត្រូវបានចាក់បំពេញរួចហើយ ប៉ុន្តែការអភិវឌ្ឍរបស់វិស័យឯកជនត្រូវតែធ្វើតាមប្លង់គោលអភិវឌ្ឍន៍ក្រុង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូចម្រោះទឹកកខ្វក់ជាដើម ដើម្បីធ្វើឲ្យប្រាកដថា ការអភិវឌ្ឈធ្វើឡើងប្រកបដោយនិរន្តរភាព និងធានាបាននូវនិរន្តរភាពបរិស្ថាន។
លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍតំបន់នេះ ជាគំរោងរបស់ក្រុមហ៊ុនដែលត្រូវអនុវត្តន៍តាមផែនការរបស់ខ្លួន ព្រោះទីតាំងនេះ គឺជាទីក្រុងរណបដែលនឹងបណ្តុំដោយប្រជាពលរដ្ឋ ដែលនឹងរីកដុះដាលចេញពីទីក្រុង”។លោកបន្តថា “តំបន់និមួយៗមានមានសក្តានុពល និងភាពពិសេសដោយឡែកៗពីគ្នា ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ឋនានាភ្ជាប់ទៅតំបន់នេះនាពេលអនាគត នឹងធ្វើឲ្យទីក្រុងនេះមានការរីកចម្រើននាពេលអនាគត”៕