ដោយរ៉ាវី
ភ្នំពេញ៖ បន្ទាប់ពីបានបើកដំណើរសាកល្បងអស់រយៈពេលជាង៣ឆ្នាំកន្លងទៅនេះ អគារពាណិជ្ជកម្មដ៏ធំ និងប្រណីតជាងគេបំផុតនៅកម្ពុជា ដែលមានឈ្មោះVattanac Capital នឹងធ្វើការសម្ពោធជាផ្លូវការនៅត្រឹមល្ងាចថ្ងៃទី26 ខែឧសភា ឆ្នាំ2018 នេះ ក្រោមវត្តមានវត្តរបស់សម្តេច តេជោ ហ៊ុន សែន រួមជាមួយនឹងមន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្តាអ្នកជំនួញធំៗជាតិ-អន្តរជាតិផងដែរ។
ការបើកសម្ភោធអាគារពាណិជ្ជកម្មចម្រុះ ដែលឈរលំដាប់អន្តរជាតិនៅទីក្រុងភ្នំពេញនេះ សណ្ឋាគារប្រណីតលំដាប់ផ្កាយ5 Rosewood ក៏នឹងបើកសម្ភោធព្រមគ្នាផងដែរ។ សណ្ឋាគារលំដាប់ពិភពលោកមួយនេះ ត្រូវបានគេដឹងថា មានបន្ទប់ចំនួន148បន្ទប់ មានអាងហែលទឹកដ៏ធំទំហំរហូតដល់ជាង20ម៉ែត្រ រួមជាមួយកន្លែងអង្គុយទទួលអាហារ និងភេសជ្ជៈ Sky bar នាពេលរាត្រី។
អគារវឌ្ឍនៈខាប់ពីតាល់ ដែលមានរាងដូចដងខ្លួនសត្វនាគ ត្រូវបានគេគិតថា មានហុងស៊ុយល្អនេះ មានកម្ពស់សរុបចំនួន188ម៉ែត្រ ស្មើនឹង39ជាន់ ត្រូវបានគេចាត់ចូលជាអគារដ៏ខ្ពស់មួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ អគារនេះត្រូវគេបែងចែកចេញជា4 ផ្នែកសំខាន់ៗ គឺតំបន់ការិយាល័យកម្រិតA មានចំនួន21ជាន់ តំបន់លក់វត្ថុប្រណីតៗ កន្លែងកម្សាន្តដ៏ស្រស់ស្អាត និងប្រណីតភាព រួមជាមួយសណ្ឋាគារលំដាប់ផ្កាយ 5 Rosewood ចាប់ពីជាន់ទី25 រហូតដល់ជាន់ទី39 ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបំផុត។
អគារពាណិជ្ជកម្ម Vattanac Capital ត្រូវបានជាប់ចំណាត់ថ្នាក់លេខ1 ថាជាអគាពាណិជ្ជកម្មដ៏ធំ និងប្រណីតបំផុតនៅក្នុងតំបន់អាស៊ី (Gold Certification in LEED ) នៅក្នុងកម្មវិធីពាន់រង្វាន់ Property Asia Award៕