សេដ្ឋវិទូកម្ពុជាត្រូវពង្រឹងផ្នែកសំខាន់ពីរទៀតដើម្បីជំរុញកំនើនសេដ្ឋកិច្ច

0

ដោយគង់ សូរិយា

ភ្នំពេញ សេដ្ឋវីទូកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវពង្រឹងផ្នែកសំខាន់ពីរទៀត ដើម្បីពង្រឹងនិងជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន ជាការពឹងផ្អែកកត្តាខាងក្នុងជាជាងកត្តាខាងក្រៅតែម្យ៉ាង។

លោកបណ្ឌិតម៉ី កល្យាណប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសិក្សាដើម្បីការអភិ​វឌ្ឍបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចពិភពលោក បាននិងកំពុងពឹងផ្អែកលើការនាំចេញ ដូចប្រទេសកម្ពុជាផងដែរ ប៉ុន្តែប្រទេសរីកចំរើននានាបានពង្រឹងផ្ទៃក្នុងរបស់ខ្លួន ដើម្បីបង្កើនក៏ដូចជាពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។លោកបន្តថា សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើកត្តាពីរផងដែរ គឺកត្តាខាងក្រៅ និងកត្តាខាងក្នុង ដែលជាមូលដ្ឋាន​ចាំបាច់មិនអាចខ្វះបាន។

កត្តាខាងក្រៅគឺត្រូវពឹងផ្អែកលើការនាំចេញ ដែលជាមូលដ្ឋានសំខាន់ក្នុងការអភិ​វ ឌ្ឍ​សេដ្ឋកិច្ចរបស់ខ្លួន និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស។ ចំណែកកត្តាខាងក្នុង គឺជាកត្តាមិនអាចខ្វះបាន ដែលកម្ពុជាត្រូវពឹងផ្អែកលើមូលដ្ឋានខ្លួនឯង តាមរយៈការពង្រឹងធនធានមនុស្ស និងបច្ចេកទេស ដើម្បីពង្រឹងនូវធនធានមនុស្ស តាមរយៈការប្រើប្រាស់ជំនាញ ហើយទទួលបានចំណូលកាន់តែច្រើនសម្រាប់ប្រជាជន។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា “ការពឹងផ្អែកតែកត្តាខាងក្រៅ នឹងធ្វើឲ្យយើង​ជួបហានិភ័យ នៅពេលមូលដ្ឋានក្នុងស្រុករបស់យើងមិនសូវមានភាពរ៉ឹងមាំ”។លោកបន្តថា “សេដ្ឋកិច្ចត្រូវពឹងលើកត្តាទាំងពីរនេះ ប៉ុន្តែការពង្រឹងមូលដ្ឋានធនធានមនុស្ស បច្ចេក​ទេស បច្ចេកវិទ្យាពិតជាសំខាន់”។

សេដ្ឋកិច្ចពិភពលោកបាននិងកំពុងផ្លាស់ប្តូរ តាមរយៈបដិវត្តន៍ឧស្សាហកម្មទី៤ ដែលប្រើប្រាស់ផ្នែកបច្ចេកវិទ្យាជាចម្បង។

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដើម្បីពង្រឹងមូលដ្ឋាន និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនដោយ​ផ្លាស់ប្តូរនិន្នាការពីកំលាំងពលកម្មបែបអតិពលកម្ម ទៅប្រើប្រាស់កំលាំងពលកម្មដែលមានជំនាញខ្ពស់ និងទទួលបានតម្លៃបន្ថែមកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here