ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ខណៈខុនដូជាច្រើនបាននិងកំពុងសាងសង់ ទីផ្សារខុនដូនៅកម្ពុជា មិនទាន់មានភាពប្រកួតប្រជែងគ្នាខ្លាំងនីឡើយទេ ដោយមកទល់ពេលនេះមានខុនដូចំនួន៦១០៩យូនីតប៉ុណ្ណោះបានដាក់ចូលទីផ្សារ។
អ្នកនាងអាន សុធីតា នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី៣០ តុលានេះថា ចំនួនខុនដូ ដែលបានដាក់ចូលទីផ្សារគិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំនេះ មានចំនួន១៩០០យូនីត ហើយបើគិតសរុបតាំងពីមុនមក គឺចំនួនខុនដូសរុបបានដាក់ចូលទីផ្សារនេះកើនឡើងដល់៦១០៩យូនីតហើយ។អ្នកនាងបន្តថា ទីផ្សារខុនដូនិងអាផាតម៉ិនមានភាពខុសគ្នា ដោយសារខុនដូអាចជួលបានក្នុងតម្លៃរង្វង់១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអាផាតម៉ិនអាចជួលបានក្នុងរង្វង់១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។
-->

អ្នកនាងបន្តថា ភាពខុសគ្នានេះ ដោយសារអាផាតម៉ិនមានទំហំធំជាង និងមានការផ្តល់សេវាកម្មពីម្ចាស់អាគារច្រើនជាង ព្រោះអាផាតម៉ិនមានម្ចាស់រួមតែមួយ ប៉ុន្តែខុនដូមានម្ចាស់ច្រើននៅតាមយូនីតនិមួយៗ ហេតុនេះសេវាកម្មក្នុងខុនដូវាអាស្រ័យលើម្ចាស់យូនីតនិមួយៗជាអ្នកគ្រប់គ្រងច្រើនជាង។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានរកឃើញកាលពីពេលថ្មីៗនេះថា គិតត្រឹមដំណាច់ឆ្នាំ២០១៧នេះ ចំនួនគំរោងខុនដូនានាបានកើនដល់ជិត៥ម៉ឺនយូនីតហើយនៅកម្ពុជា។

លោកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group ដែលបាននិងកំពុងវិនិយោគខុនដូ The Bridge, The PeAk និងគម្រោងមួយចំនួនទៀតបានថ្លែងប្រកដោយសុទិដ្ឋិនិយមថា ទីផ្សារខុនដូនៅតែមានភាពល្អប្រសើរ ព្រោះបើនិយាយពីខុនដូគេនិយាយពីទីតាំង និយាយពីភាពងាយស្រួលសម្រាប់អ្នកស្នាក់នៅ ដែលអ្នកវិនិយោគត្រូវផ្តល់ឲ្យអតិថិជនរបស់ពួកគេ។លោកបន្តថា “ខ្ញុំមិនមែនលក់បន្ទប់គេងទេ គឺខ្ញុំលក់ Lifestyle ហេតុនេះទើបយើងផ្តល់សេវាកម្មចម្រុះដល់ពួកគេ ដូចជាផ្សារទំនើប ការិយាល័យ សេវាកម្មសុខភាព សេវាកម្មមេធាវីជាដើម។លោកបន្តថា “អ្នកស្នាក់នៅតាមខុនដូជាមនុស្សមានភាពស៊ីវិល័យ ដូច្នេះយើងផ្តល់មូលដ្ឋាននៃតម្រូវការចាំបាច់សម្រាប់ពួកគេ មិនមែនលក់តែបន្ទប់គេងនោះទេ ហើយបើសាងសង់ខុនដូលក់តែបន្ទប់គេង ខ្ញុំមិនលើកទឹកចិត្តទេ”៕
