តោះទៅមើលប្លង់អភិវឌ្ឍន៍ទីក្រុងរណបតម្លៃ៣០០០លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីក្រុងរណបតម្លៃ៣០០០លានដុល្លារ បានបញ្ចប់ប្លង់មេរបស់ខ្លួនហើយ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍តាមផែនការរបស់ខ្លួន ជាទីក្រុងពាណិជ្ជកម្មថ្មីមួយ ស្ថិតនៅកណ្តា​លរាជធានីភ្នំពេញ។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជិតបញ្ចប់ហើយ និងកំពុងសាងសង់ការិយាល័យកណ្តាលរបស់ខ្លួនកំពស់២០ជាន់ ជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន OCIC ព្រមទាំងគំរោងអាគារពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្នុងដំណាក់កាលតំបូងរបស់ខ្លួន។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា យើងមានគំរោងសាងសង់អាគារខ្ពស់ៗជាច្រើន និងផែនការអភិវឌ្ឍន៍មានភាពស្រដផងគ្នានឹងទីក្រុងកោះពេជ្រផងដែរ ប៉ុន្តែវាត្រូវការពេលវេលា ដើម្បីធ្វើឲ្យគំរោងនេះអភិវឌ្ឍន៍បានតាមផែនការរបស់ខ្លួន ដោយអាចចំណាយពេលចន្លោះពី១០ទៅ២០ឆ្នាំ ទើបគំរោងនេះអាចបញ្ចប់បាន។

បច្ចុប្បន្នការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋក្នុងទីក្រុងរណបនេះ សម្រេចបានជាង៧០ភាគរយរួចហើយ និងរំពឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការអភិវឌ្ឍ​តាមផែនការ។ ក្រុមហ៊ុនក៏បើកឲ្យក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិដទៃទៀតចូលរួមអភិ​វឌ្ឍន៍ទីក្រុងរណបនេះ ដើម្បីក្លាយជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត។លោកសំណាង​បញ្ជាក់ឲ្យដឹង។

លោកបន្តថា “យើងនឹងកសាងទីក្រុងនេះ តាមបែប Smart City ដោយប្រព័ន្ឋខ្សែអគ្គិសនីនឹងដាក់ក្នុងប្រអប់ហើយកប់ក្រោមដី ប្រើប្រាស់អំពូលអគ្គិសនី LED ដែលមានការ​បំពាក់កាមេរ៉ា និងទឹកកខ្វក់ទាំងអស់នឹងត្រូវឆ្លងកាត់ការចម្រោះមុនបង្ហូរចេញ”។លោកបន្តថា “ទីក្រុងនេះធំ ហេតុនេះយើងរំពឹងថាការបញ្ចប់ ការសាងសង់ទីក្រុងនេះទាំងមូល​ចំណាយពេលពី១០ទៅ២០ឆ្នាំ”។

បច្ចុប្បន្នទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតបានសាងសង់សហគមន៍រ៉ុងរឿងមួយរួចហើយ ដើម្បីផ្តល់លំនៅដ្ឋានដល់អ្នកមានដីនៅក្នុងគំរោងនេះ មានលំនៅដ្ឋាន​សមរម្យរស់នៅ និងមានតូបផ្សារសម្រាប់លក់ដូរផងដែរ។

លោកទូច សំណាងបានបន្តថា ក្រុមហ៊ុននៅតែគិតគូរដល់សហគមន៍រស់នៅក្នុងគំរោងនេះ ដោយក្រុមហ៊ុនតែងតែឧបត្ថម្ភប្រជាជនជាប្រចាំ ព្រោះយើងចង់ធ្វើឲ្យប្រាកដថា ការអភិវឌ្ឍរបស់យើង មិនបោះបង់ប្រជាជនមូលដ្ឋាននោះទេ ហើយក្រុមហ៊ុនយើងតែងតែផ្សារភ្ជាប់ជាមួយការងារសង្គមជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here