ដោយ វុត្ថា
ភ្នំពេញ៖ ទីរថភ្លើងដ៏ស្រស់ស្អាត និងផ្តល់ផាសុខភាពដល់អ្នកធ្វើដំណើរ នឹងត្រូវក្រុមហ៊ុនRoyal Railway នាំមកដល់ក្រុងភ្នំពេញនាកំឡុងខែកក្កដាខាងមុខនេះ បើមិនមានអ្វីប្រែប្រួលទេនោះ។
ក្បាលរថភ្លើងថ្មីដ៏ស្រស់ស្អាតនេះ ផលិតនៅប្រទេសម៉ិកស៊ីកូ នឹងត្រូវបានគេដឹកមកដល់រាជធានីភ្នំពេញ ក្នុងអំឡុងពេល១ ខែ ឬ២ ខែទៀតសម្រាប់ ដើម្បីជំនួសក្បាលរថភ្លើងចាស់ ពីស្ថាននីយ៍អគ្គស្ម័យយានមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្បាលនិងទូរថភ្លើងថ្មីនេះ អាចផ្ទុកអ្នកដំណើរបាន១០០ នាក់ និងរត់ក្នុងល្បឿន៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក វ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២៩ ឧសភានេះថា ក្បាលរថភ្លើងថ្មីនេះ ត្រូវបានគេធ្វើរួចរាល់អស់ហើយ និងកំពុងដាក់សាកល្បងនៅក្នុងប្រទេសម៉ិចស៊ីកូ តែមិនទាន់បានដឹកមកដល់កម្ពុជាទេ ប៉ុន្តែយ៉ាងយូ២ខែទៀតនឹងមកដល់រាជធានីភ្នំពេញហើយ។ ផ្ទុយទៅវិញ បើមិនមានអ្វីជាឧបសគ្គនៅតាមសមុទ្រ ឬបើមិនមានខ្យល់ព្យុះទេ រយៈពេលមួយខែទៀតទូររថភ្លើងនោះនឹងដឹកដល់ភ្នំពេញហើយ។
លោកបន្តថា នៅពេលមកដល់ ក្រសួងនឹងប្រកាសជាសាធារណៈស្តីពី ការដាក់អោយដំណើរក្បាលរថភ្លើងថ្មីជំនួស ក្បាលរថភ្លើងចាស់ដែលក្រសួងនិងក្រុមហ៊ុន Royal Group បានដាក់ឲ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ។
ទោះជាយ៉ាងណាលោក មិនបានបញ្ជាក់ពីតម្លៃក្បាលរថភ្លើងថ្មីនេះថា មានតម្លៃប៉ុន្មាននោះទេ ព្រោះ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក Royal Railway របស់ ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ជាអ្នកបញ្ជាទិញដោយផ្ទាល់។
ការដាក់ឲ្យដំណើរការផ្លូវរថភ្លើងនៅពេលនេះ គឺក្នុងគោលកាត់បន្ថយការចំណាយថវិកា ពេលវេលា សុវត្ថិភាព គ្មានការរំខាន ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ក្នុងដំណាក់កាលដំបូងនេះ គេនឹងប្រើប្រាស់រថភ្លើងចំនួន២គ្រឿង ដែលមានស្រាប់ សម្រាប់ការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរទៅមក ខណៈរងចាំក្បាលរថភ្លើងថ្មីចំនួន០៣គ្រឿងទៀត ដែលបានបញ្ជាទិញមកពីប្រទេសម៉ិចស៊ីកូ៕